ជន​ជាតិ​ដើម​ភាគ​តិច​ព័រ​នៅ​ខេត្ត​បាត់ដំបង​គ្រោង​រៀបចំ​ពិធី​សែន​នាគ

ជន​ជាតិ​ដើម​ភាគ​តិច​ព័រ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង គ្រោង​រៀបចំ​ពិធី​សែនព្រេន​មួយ ឬ​ហៅ​ថា​ពិធី​សែន​នាគ នៅ​ផ្ទះ​មេ​កន្ទ្រាញ​របស់​ពួក​គេ​នៅ​ក្នុង​ភូមិ។

0:00 / 0:00

ពិធី​សែន​ព្រេន​នេះ គឺ​ពួក​គេ​តែង​តែ​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ដើម្បី​សុំ​សេចក្ដី​សុខ និង​សុំ​ឲ្យ​ការ​បង្កបង្កើន​ផល​ដំណាំ​របស់​ពួក​គាត់​ទទួល​បាន​ផល​ល្អ។

ជន​ជាតិ​ដើម​ភាគ​តិច​ព័រ នៅ​ភូមិ​ភ្នំរ៉ៃ ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង នៅ​តែ​មាន​ជំនឿ​ថា ការ​រៀបចំ​ពិធី​សែនព្រេន ឬ​ហៅ​ថា​ពិធី​សែន​នាគ ដែល​ពួក​គេ​ទម្លាប់​ធ្វើ​ត​គ្នា​តាំង​ពី​ដូនតា​មក​នោះ និង​អាច​នាំ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សុខ និង​ធ្វើ​ឲ្យ​ការ​បង្កបង្កើន​ផល​ដំណាំ​របស់ ​ពួកគេ​ទទួល​បាន​ផល​ល្អ​ថែម​ទៀត​។

ប្រធាន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព័រ លោក ឈើត ឈន បាន​ថ្លែង​នៅ​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ថា នៅ​ខែ​មាឃ ទី​១៣​កើត ខាង​មុខ​នេះ អ្នក​ភូមិ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ព័រ ចំនួន​ជិត ២០០​គ្រួសារ នឹង​ប្រារព្ធ​ពិធី​សែន​ព្រេន​នៅ​ក្នុង​ផ្ទះ​មេ​កន្ទ្រាញ​របស់​ពួក​គេ។ នៅ​ក្នុង​ពិធី​សែន​ព្រេន​នេះ នឹង​មាន​កម្មវិធី​ទទួល​ទាន​ស្រា​រាំ​លេង​កម្សាន្ត​ពេញ​មួយ​យប់​ទល់​ភ្លឺ។

លោក ឈើត ឈន៖ «គោល​បំណង គឺ​សុំ​សេចក្ដី​សុខ កុំ​ឲ្យ​មាន​ជំងឺ​ឈឺ​ស្កាត់ សុំ​ឲ្យ​ដាំ​ដុះ​បាន​ភោគ​ផល​ល្អ ព្រោះ​អី​ទំនៀមទម្លាប់​តាំង​ពី​ដូន​តា​មក មិន​អាច​ខាន​បាន។ គេ​ធ្វើ​ចាប់​ពី​ម៉ោង ៧​ល្ងាច ទៅ​រហូត​ទល់​ភ្លឺ អត់​សម្រាក​ទេ គឺ​លេង​ភ្លេង​មួយ​យប់​ទល់​ភ្លឺ ប្រហែល​ជា​ម៉ោង​៧ បាន​គេ​ហៅ​ថា "ចាប់​មា" គេ​មាន​កម្មវិធី "ចាប់​មា" ភាសា​ដើម​គេ​ហៅ​ថា "ចាប់​មាល" នៅ​ផ្ទះ​មេ​កន្ទ្រាញ​គេ​មាន​រោង​អ្នក​តា​មួយ​បាំង​ស្បូវ»

នៅ​ក្នុង​ពិធី​សែន​ព្រេន​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព័រ នេះ ពួក​គេ​ក៏​មាន​ដុត​ក្រឡាន​យក​ទៀន​ធូប នំ ចំណី និង​គ្រួសារ​នី​មួយៗ​យក​ស្រា​ស​មួយ​ដប ដើម្បី​ទុក​ទទួល​ទាន​ក្នុង​កម្មវិធី។ បន្ទាប់​មក មាន​ការ​រាំ​លេង​កម្សាន្ត​ពេញ​មួយ​យប់​ទល់​ភ្លឺ។ នៅ​ក្នុង​ពិធី​សែន​ព្រេន​ជា​ប្រពៃណី​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព័រ នេះ កន្លង​មក​ក៏​មាន​ការ​ចូល​រួម​កម្សាន្ត​សប្បាយ​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​គ្នា​ដែរ។

មេ​ភូមិ​ភ្នំរ៉ៃ លោក ដៀប ឌី បាន​ថ្លែង​ថា ពិធី​សែន​ព្រេន​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព័រ នេះ គឺ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ។ ពិធី​នេះ​មាន​តាំង​ពី​ដូច​តា​របស់​ពួក​គេ​មក​ម្ល៉េះ។ ជន​ជាតិ​ដើម​ភាគ​តិច​ព័រ ពួក​គេ​មាន​បំណង​ចង់​អភិរក្ស​ប្រពៃណី​ទំនៀម​ទម្លាប់ និង​ដីធ្លី​ជន​ជាតិ​ដើម​ភាគ​តិច​របស់​ខ្លួន ដែល​មាន​តាំង​ពី​ដូន​តា​មក​នោះ កុំ​ឲ្យ​បាត់​បង់។ ជន​ជាតិ​ដើម​ភាគ​តិច​ព័រ ដែល​កំពុង​រស់​នៅ​ក្នុង​ភូមិ​ភ្នំរ៉ៃ ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង បច្ចុប្បន្ន​មាន​ចំនួន ១៤៨​គ្រួសារ។

លោក ដៀប ឌី បាន​បន្ត​ថា ជន​ជាតិ​ដើម​ភាគ​តិច​មាន​ដី​ចម្ការ​វិល​ជុំ​ច្រើន​កន្លែង។ ពួក​គេ​មាន​ការ​រស់​នៅ​ខុស​ប្លែក​ពី​គេ ដូច​ជា​ការ​ធ្វើ​ស្រែ​ចម្ការ។ មុន​ការ​ចុះ​បង្ក​បង្កើន​ផល ពួក​គាត់​ត្រូវ​នាំ​គ្នា​សែន​ព្រេន និង​មាន​តំណម​ជា​ច្រើន​ទៀត ខុស​ពី​ខ្មែរ​ភាគ​ច្រើន៖ «គេ​ដុត​ក្រឡាន​ថ្ងៃ​១២ ចូល​ថ្ងៃ​ទី១៣ ជន​ជាតិ​ព័រ គឺ​ការ​គោរព​នេះ គឺ​ដល់​រដូវ​ហ្នឹង គាត់​ត្រូវ​តែ​ដុត​ក្រឡាន​គ្រប់ៗ​គ្រួសារ ខ្លះ​មាន​មាន់ មាន​ស្រា រាំ​មួយ​យប់​ទល់​ភ្លឺ រួច​ពី​ហ្នឹង​ទៅ បាន​មាន​អារក្ស​តូច​តាម​គ្រួសារ​ដែល​គេ​មាន​រាំ​បន្ត»

ប្រធាន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព័រ លោក ឈើត ឈន បាន​បញ្ជាក់​ថា នៅ​ក្រោយ​ពិធី​សែន​ព្រេន​នៅ​ផ្ទះ​មេ​កន្ទ្រាញ​បាន​ធ្វើ​ពេញ​មួយ​យប់​ចប់។ ជន​ជាតិ​ដើម​ភាគ​តិច​ព័រ នៅ​ធ្វើ​បន្ត​ពិធី​បញ្ចូល​អារក្ស​នៅ​តាម​ផ្ទះ​រហូត​ដល់​ទៅ​រយៈពេល ១៥​ថ្ងៃ​ថែម​ទៀត៖ «មាន​ក្រឡាន​ទៀន​ធូប និង​ស្រា​ស មួយ​គ្រួសារ​មួយ​ដប​ចូល​រួម។ មួយ​ភូមិ​មាន​ជាង ១៤០​គ្រួសារ​ចូល​រួម​ទាំង​អស់។ ជា​រៀង​រាល់​ឆ្នាំ ឲ្យ​តែ​ដល់​រដូវ​ហ្នឹង យើង​ត្រូវ​តែ​រៀបចំ​ឲ្យ​គេ។ គេ​រាំ​មួយ​យប់​ទល់​ភ្លឺ»

លោកស្រី ម៉ើល មើល ជា​ជន​ជាតិ​ដើម​ភាគ​តិច​ព័រ បាន​បញ្ជាក់​ថា ជន​ជាតិ​ភាគ​តិច​ព័រ បាន​រស់​នៅ​ក្នុង​ភូមិ​ភ្នំរ៉ៃ ជា​លក្ខណៈ​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជន​ជាតិ។ តំបន់​នោះ​សម្បូរ​ទៅ​ដោយ​ព្រៃ​ឈើ ភ្នំ ពួក​គាត់​បាន​អាស្រ័យ​ផល​ដំណាំ​លើ​ដី​ចម្ការ​វិល​ជុំ​ច្រើន​ឆ្នាំ។ ពិធី​សែន​ព្រេន​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព័រ នេះ មាន​ការ​ចូល​រួម​ទាំង​អស់​គ្នា​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ។ ក្រៅ​ពី​នោះ ក៏​នៅ​មាន​ចូល​រួម​ឧបត្ថម្ភ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ដែរ។ លោកស្រី​ថា ពិធី​នេះ​សប្បាយ​ណាស់ មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចូល​រួម​ច្រៀង​រាំ​កម្សាន្ត​ទាំង​អស់​គ្នា៖ «គេ​ច្រៀង​រាំ ចាស់ៗ​ជា​អ្នក​ច្រៀង មាន​អារក្ស​គេ​រាំ​ទៅ មួយ​យប់​ម្នាក់ៗ គ្រប់​ផ្ទះ។ គេ​ធ្វើ​បបរ​គ្រឿង​ដាំ​បាយ​ដំណើប​ជប់លៀង អ្នក​ច្រៀង​អ្នក​រាំ អ្នក​តា​ហ្នឹង គេ​មាន​អ្នក​តា​រាំរែក គេ​តាំង​ពី​ដើម​មក​តែ​អ៊ីចឹង​ឯង»

ប្រធាន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព័រ លោក ឈើត ឈន បាន​ថ្លែង​ថា ជា​រៀង​រាល់​ឆ្នាំ នៅ​ខែ​មាឃ ទី​១៣​កើត ជន​ជាតិ​ដើម​ភាគ​តិច​ព័រ នៅ​ភូមិ​ភ្នំរ៉ៃ តែង​តែ​បាន​ប្រារព្ធ​ពិធី​សែន​ព្រេន​នៅ​ក្នុង​ផ្ទះ​មេ​កន្ទ្រាញ​របស់​ពួក​គេ។ គោល​បំណង​សំខាន់​នៃ​ពិធី​សែន​ព្រេន​នោះ ដើម្បី​សុំ​សេចក្ដី​សុខ សុំ​ឲ្យ​ការ​បង្កបង្កើន​ផល​ទទួល​បាន​ផល​ល្អ ម្យ៉ាង​វិញ​ទៀត គឺ​ពួក​គេ​ចង់​ថែ​រក្សា​នូវ​ទំនៀមទម្លាប់ និង​វប្បធម៌​ដែល​មាន​តាំង​ពី​ដូន​តា​ត​មក។

ទោះ​យ៉ាង​នេះ ពិធី​សែន​ព្រេន​សុំ​សេចក្ដី​សុខ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព័រ នេះ មាន​ការ​កែប្រែ​ខុស​ពី​មុន។ ពី​មុន​មក ពិធី​សែន​ព្រេន​នេះ គឺ​ពួក​គេ​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​បី​យប់​ជាប់​គ្នា ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ ជន​ជាតិ​ភាគ​តិច​ព័រ បាន​កែប្រែ​មក​ប្រារព្ធ​ធ្វើ​ត្រឹម​តែ​មួយ​យប់​តែ​ប៉ុណ្ណោះ។ ការ​កាត់​បន្ថយ​ចំនួន​យប់​នៃ​ពិធី​សែន​ព្រេន​នេះ គឺ​ដោយ​សារ​ពួក​គេ​មិន​ចង់​ចំណាយ​កម្លាំង​សម្រាប់​ការ​រាំ​លេង​កម្សាន្ត​ច្រើន​យប់​ជាប់​គ្នា​ពេក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។