ជាមួយគ្នានេះ លោក ស៊ាន វិសុទ្ធ ប្រធានរដ្ឋបាលនៃសាលាក្តីខ្មែរក្រហមបានប្រកាសនៅចំពោះមុខមន្ត្រីសាលាក្តីទាំងអស់ថា លោកនឹងចុះចេញពីតំណែងប្រសិនគេរកឃើញថា អំពើសូកប៉ាន់ ឬអំពើពុករលួយ បន្តកើតមាននៅក្នុងសាលាក្ដីទៀតនោះ ។
លោក រាជ សម្បត្តិ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅក្រោយកិច្ចប្រជុំបន្ថែមថា ក្រុមប្រឆាំងអំពើពុករលួយនេះគឺដឹកនាំដោយលោកចៅក្រម គង់ ស្រ៊ីម ជាប្រធានតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម និងលោកស្រី ហេឡិន ចាវីស ប្រធានកិច្ចការសាធារណៈនៃសាលាក្តី ។
លោក រាជ សម្បត្តិ បានឲ្យដឹងថា ៖ «ឯកឧត្ដម ស៊ាន វិសុទ្ធ គាត់បានសង្កត់ធ្ងន់ថាគាត់ចង់ជម្រះបញ្ជីហ្នឹងចេញ ។ ហើយគាត់ថាបើសិនជាពីថ្ងៃហ្នឹងទៅបើមានការរកឃើញថា មានការប្រព្រឹត្តអំពើពុករលួយណាមួយនៅសាលាក្ដីហ្នឹង ជាពិសេសបើមានការពាក់ព័ន្ធនឹងរូបគាត់ហ្នឹង គឺគាត់សុខចិត្តចុះចេញពីតំណែង ។ ហើយគាត់បញ្ជាក់ថាគាត់បានដាក់ចិត្ត ដាក់កាយ ដាក់ជីវិតរបស់គាត់នៅក្នុងកិច្ចការងារហ្នឹង ធ្វើម៉េចឲ្យមានប្រសិទ្ធភាពដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ» ។
លោក រាជ សម្បត្តិ បានថ្លែងបន្តថាការបង្កើតក្រុមប្រឆាំងអំពើពុករលួយថ្មីនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការលើកឡើងជាបន្តបន្ទាប់ជុំវិញបញ្ហានេះ បើទោះបីជាក្រុមសវនករឯករាជ្យមិនបានរកឃើញការប្រព្រឹត្តអំពើពុករលួយនោះក៏ដោយ ។
លោក រាជ សម្បត្តិ បានថ្លែងបញ្ជាក់អំពីការដាក់ទោសទណ្ឌអ្នកប្រព្រឹត្តអំពើពុករលួយក្នុងសាលាក្ដីយ៉ាងដូច្នេះថា ៖ «តាមពិតយើងដឹងហើយថា យើងស្ថិតនៅក្រោមច្បាប់ នៅក្នុងហ្នឹងលោកចៅក្រម ប្រាក់ គឹមសាន គាត់បានលើកឡើងថាបើសិនជាមានអ្នកដែលយកលុយទៅឲ្យគេហ្នឹង គឺមានន័យថាគាត់ជាអ្នកខុស ហើយចំណែកអ្នកដែលទទួលលុយគេត្រូវត្រៀមខ្លួនចូលគុក ។ ហើយចំណែកលោកចៅក្រម យូ ប៊ុនឡេង គាត់បានបញ្ជាក់ថាអ្នកដែលយកលុយទៅឲ្យគេត្រូវឈប់បើមាន ហើយចំណែកអ្នកដែលទទួលលុយគេហ្នឹងជាអ្នកដែលទទួលវិន័យ» ។
លោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានថ្លែងថា សាធារណជននឹងបន្តពិនិត្យមើលអំពីប្រសិទ្ធភាពនៃក្រុមប្រឆាំងអំពើពុករលួយក្នុងសាលាក្តីនោះ ។
លោក ឆាំង យុ បានបញ្ជាក់ថា ៖ «សំខាន់គឺយើងមើលទៅលើសកម្មភាពរបស់គណៈកម្មការហ្នឹង ដូចថាមើលឃើញបានអាចជឿបាន តើគណៈកម្មការនេះបានចាត់វិធានការអីខ្លះ ? ដូច្នេះលទ្ធផលនិងកេរដំណែល វាអាស្រ័យទៅលើការប្រឹងប្រែងរបស់គណៈកម្មការឈរលើគោលដៅដែលខ្លួនអះអាងថានឹងធ្វើនិងចង់បាន» ។
សូមជម្រាបថាសាលាក្តីខ្មែរក្រហមបានដំណើរការងាររបស់ខ្លួនជាង២ឆ្នាំមកហើយ ។ ជាមួយគ្នានេះអំពើពុករលួយនៅក្នុងផ្នែករដ្ឋបាលនៃសាលាក្តីក៏នៅបានលើកឡើងជាបន្តបន្ទាប់ផងដែរ ។
សាលាក្តីខ្មែរក្រហមគ្រោងចំណាយថវិកាជិត១០០លានដុល្លារអាមេរិក ដើម្បីបើកការជំនុំជម្រះក្តីក្រុមមេដឹកនាំខ្មែរក្រហមដែលសព្វថ្ងៃកំពុងរួមរឹតដោយជំងឺប្រចាំកាយនិងវ័យចាស់ជរា ៕
