សហភាព​អឺរ៉ុប​ផ្ដល់​ជំនួយ​១,២​លាន​អឺរ៉ូ​សម្រាប់​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

សហភាព​អឺរ៉ុប​ប្រកាស​ផ្ដល់​ជំនួយ​ថវិកា​ចំនួន ១,២​លាន​អឺរ៉ុប សម្រាប់​ជួយ​ដល់​គម្រោង​កម្មវិធី​ថ្មី​ផ្នែក​ការងារ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា បាន​ឲ្យ​ដឹង​ថា ទឹក​ប្រាក់​ជំនួយ​ដែល​មាន​តម្លៃ​ស្មើ​នឹង ១,៦​លាន​ដុល្លារ​អាមេរិក​នេះ គឺ​បាន​មក​ពី​កម្មវិធី ឧបករណ៍​សហភាព​អឺរ៉ុប ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស។ ថវិកា​នេះ​នឹង​ផ្ដល់​ជូន​ដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​មាន​គម្រោង​កម្មវិធី​នានា ដើម្បី​ការ​អភិវឌ្ឍ និង​ពង្រីក​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ការ​លើក​កម្ពស់ និង​ពង្រឹង​សិទ្ធិ​អំណាច​របស់​ជនជាតិ​ដើម និង​សហគមន៍​របស់​ពួក​គេ ពង្រឹង​តួនាទី​ស្ត្រី​នៅ​ក្នុង​សង្គម និង​ឆាក​នយោបាយ​ជាដើម។

ជំនួយ​នេះ​ក៏​នឹង​ផ្ដល់​ទៅ​ឲ្យ​សង្គម​ស៊ីវិល​ដែល​បំពេញ​ការងារ​ខាង​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ទប់​ស្កាត់​ការ​ធ្វើ​ទារុណកម្ម និង​កែ​លម្អ​លក្ខខណ្ឌ​នៅ​ក្នុង​ពន្ធនាគារ ដើម្បី​ធានា​ការពារ​សិទ្ធិ​របស់​ពិរុទ្ធ​ជន និង​ទណ្ឌិត ព្រម​ទាំង​ការ​លើក​កម្ពស់​សន្តិសុខ និង​កម្មសិទ្ធិ​ដី​ធ្លី​សម្រាប់​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ និង​ដែល​ទន់​ខ្សោយ​បំផុត។ រីឯ​កាលបរិច្ឆេទ​នៃ​ការ​ទទួល​សំណើ​សុំ​ថវិកា​សម្រាប់​គម្រោង​កម្មវិធី​ថ្មី​ផ្នែក​សិទ្ធិ​មនុស្ស​នេះ គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១០។

សហភាព​អឺរ៉ុប​បាន​ប្រកាស​ទទួល​សំណើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​បែប​នេះ​ជា​រៀងរាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក ហើយ​បច្ចុប្បន្ន​នេះ​បាន​ផ្ដល់​មូលនិធិ​សម្រាប់​គម្រោង​កម្មវិធី​ការងារ​សិទ្ធិ​មនុស្ស​ចំនួន ៣៣ ដែល​អនុវត្ត​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ចំនួន ២៦ នៅ​កម្ពុជា៕