សហភាព​អឺរ៉ុប​ផ្តល់​ថវិកា​ប្រមាណ​៩​លាន​ដុល្លារ​បន្ថែម​ដល់​វិស័យ​អប់រំ

ប្រធាន​គណៈប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត ហ្សង់ ហ្វ្រង់ស្វ័កូតាំង (Jean-FrançoisCautain) នឹង​ប្រគល់​ប្រាក់​ជំនួយ​​ជិត ៧​លាន​អឺរ៉ូ ដែល​ស្មើ​នឹង​ប្រមាណ ៩​លាន​ដុល្លារ​អាមេរិក ដល់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក អ៊ឹម សិទ្ធី នៅ​ក្នុង​ពិធី​ប្រគល់​ថវិកា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី៣០ ខែ​មករា ក្នុង​ទីក្រុង​ភ្នំពេញ។

0:00 / 0:00

ជំនួយ​ថវិកា​របស់​សហភាព​អឺរ៉ុប លើក​នេះ គឺ​សម្រាប់​ដំណើរ​ការ​គម្រោង​កម្មវិធី អប់រំ​សម្រាប់​ទាំង​អស់​គ្នា ក្នុង​កម្រិត​បឋម និង​មធ្យម​សិក្សា ដោយ​ផ្ដោត​ទៅ​លើ​ផ្នែក​សំខាន់​៣ រួម​មាន​ការ​បោះ​ពុម្ព​សៀវភៅ​មេ​រៀន បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស និង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ។

ទាក់​ទង​នឹង​ការ​បោះ​ពុម្ព​សៀវភៅ​សិក្សា មន្ត្រី​ផ្នែក​ទំនាក់​ទំនង​ព័ត៌មាន​នៃ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា អ្នកស្រី ប៉ុក ពូន គូស​បញ្ជាក់​ថា គម្រោង​កម្មវិធី​នេះ​នឹង​ជួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ​មេ​រៀន​គ្រប់​មុខ​វិជ្ជា ដើម្បី​ចែក​ចាយ​ឥត​គិត​ថ្លៃ​ដល់​សិស្សានុសិស្ស នៅ​ទូទាំង​ប្រទេស។

ចំណែក​ការ​ពង្រឹង​ធនធាន​មនុស្ស​វិញ អ្នកស្រី ប៉ុក ពូន ឱ្យ​ដឹង​បន្ថែម​ថា រួម​មាន​ការ​បណ្ដុះ​បណ្ដាល​ដល់​គ្រូ​បង្គោល និង​ជួយ​ផ្តល់​មធ្យោបាយ​ធ្វើ​ដំណើរ​ជាដើម៖ «ផ្តល់​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​គាត់ និង​ផ្តល់​មធ្យោបាយ​ធ្វើ​ដំណើរ ដូច​ជា​គ្រូ​បង្គោល​ដែល​គាត់​ចុះ​ទៅ​បង្រៀន​គ្រូ​នៅ​ជនបទ​ឆ្ងាយៗ នៅ​មូលដ្ឋាន យើង​មាន​ទិញ​ម៉ូតូ​ជូន​គាត់​ជិះ​រៀង​ខ្លួន។ ចំណែក​ខាង​ផ្លូវ​ទឹក គឺ​យើង​មាន​ផ្តល់​កាណូត សម្រាប់​ប្រើប្រាស់​រួម​ជា​សហគមន៍ ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ ឬ​ការិយាល័យ​អប់រំ​ខេត្ត និង​ស្រុក»

ចំពោះ​កម្មវិធី​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ គឺ​អនុវត្ត​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ផ្អែក​តាម​របាយការណ៍​ទិន្នន័យ​ជំរឿន​របស់​អង្គការ ជី.ធី.ហ្សេដ (GTZ) របស់​ប្រទេស​អាល្លឺម៉ង់ និង​ត្រួត​ពិនិត្យ​ដោយ​សហភាព​អឺរ៉ុប។

អ្នកស្រី ប៉ុក ពូន បញ្ជាក់​ថា គម្រោង​នេះ​គឺ​ផ្តល់​ជា​សំខាន់​ដល់​សិស្ស​កម្រិត​មធ្យម​សិក្សា៖ «ដែល​ថា​យើង​ជួយ​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ហ្នឹង គឺ​យើង​ជួយ​ជា​លក្ខណៈ​ថវិកា ដើម្បី​ជួយ​សម្រាល​ដល់​ក្រុម​គ្រួសារ ឱ្យ​កូន​សិស្ស​អាច​ទិញ ដូច​ជា​ទិញ​ខោអាវ​សម្រាប់​ស្លៀក​ទៅ​រៀន​ជាដើម»

វិស័យ​អប់រំ​សិក្សាធិការ គឺ​ជា​ផ្នែក​ចម្បង​មួយ ដែល​សហភាព​អឺរ៉ុប បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា។ កញ្ចប់​ថវិកា​ជំនួយ​លើក​នេះ ដែល​មាន​ទឹក​ប្រាក់​ចំនួន​ជិត ៧​លាន​អឺរ៉ូ ស្មើ​នឹង​ប្រមាណ​ជាង ៣៦​ពាន់​លាន​រៀល គឺ​សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​សិក្សា​២០១២-២០១៣។ ជំនួយ​នេះ គឺ​បន្ថែម​ទៅ​លើ​ថវិកា​ចំនួន​ជិត ៨​លាន​អឺរ៉ូ ស្មើ​នឹង​ប្រមាណ ៤១​ពាន់​លាន​រៀល ដែល​សហភាព​អឺរ៉ុប បាន​ផ្តល់​ដល់​ក្រសួង​អប់រំ ក្នុង​ឆ្នាំ​សិក្សា​២០១១-២០១២ កន្លង​ទៅ។

នៅ​ក្នុង​ពិធី​ប្រគល់​ថវិកា​ជំនួយ នៅ​ថ្ងៃ​ទី៣០ ខែ​មករា នេះ តំណាង​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា និង​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​នឹង​ពិភាក្សា​គ្នា​លម្អិត​អំពី​លទ្ធភាព និង​ទិសដៅ​ក្នុង​ការ​អនុវត្ត​បន្ត​គម្រោង​កម្មវិធី​សម្រាប់​រយៈពេល ២​ឆ្នាំ​ទៅ​មុខ​ទៀត គឺ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។