លោក Jonh Jonhson អ្នកនាំពាក្យស្ថានទូតអាមេរិកាំងអត្ថាធិប្បាយអំពីការរំពឹងទុករបស់លោកយ៉ាងដូច្នេះ ៖ "យើងមានកិច្ចសហប្រតិបត្តិការល្អកាលពីពេលកន្លងទៅនេះជាមួយរដ្ឋាភិបាលខ្មែរ ហើយយើងសង្ឃឹមថា ម្ដងនេះការសហការបន្តទៀតនឹងនាំឲ្យមានការចាប់ខ្លួនជនល្មើសនៅក្នុងបទឧក្រិដ្ឋនេះជាមិនខាន"។
ប្រភពពីប៉ូលិសឲ្យដឹងបន្ថែមថា ភ្នាក់ងារអេហ្វ.ប៊ី.អាយ.ដែលបានមកដល់មានក្រុមអ្នកជំនាញខាងគូររូបភាពនិងក្រុមអ្នកអង្កេត។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចបញ្ជាក់លម្អិតអំពីការស្រាជ្រាវនិងរយៈពេលប៉ុន្មានដែលបេសកកម្មនោះត្រូវបញ្ចប់ឡើយ ប៉ុន្តែលោកបង្ហើបថា ការសន្និដ្ឋានរួមគ្នាជំហានដំបូងនៅក្នុងជំនួបនោះបានផ្តោតទៅលើការសង្ស័យនៃការសម្លាប់កូនប្រុសរបស់លោក ឃឹម សម្បូណ៍ ទៅវិញ។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា ៖ «អ្វីដែលអេហ្វ.ប៊ី.អាយ. លោកបានធ្វើការងារជាមួយយើងក្នុងបច្ចេកទេសគេបានដាក់សំណួរឆ្ងល់អ៊ីចឹងដែរ។ ធម្មតាពេលដែលជនល្មើសបានប្រព្រឹត្តអ្វីមួយហើយចំគោលដៅ សម្រេចបំណងហើយ ហេតុអីក៏ជនល្មើសជិះម៉ូតូហួសហើយងាកមកក្រោយ ឃើញអ៊ីចឹងហើយបានបកមកវិញ? អាហ្នឹងវាជារឿងមួយដែលយើងគួរសង្ស័យ បានសេចក្ដីថា ជនល្មើសបាញ់គ្រាប់ទីមួយមិនចំគោលដៅហើយ ហើយបានបកមកសម្រេចគោលដៅរបស់ខ្លួនលើកទីពីរដែលត្រូវជាកូន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការស៊ើបអង្កេតទេ មិនទាន់សន្និដ្ឋានទៅដល់ចុងក្រោយទេ។ យើងមិនអាចថាតើត្រូវការពេលប៉ុន្មានទេ តែយើងនឹងខិតខំធ្វើ...»។
លោក ឃឹម សម្បូណ៍ អាយុ៥៧ឆ្នាំ អ្នកកាសែតមនសិការខ្មែរនិងកូនប្រុសរបស់លោកអាយុ២១ឆ្នាំ ត្រូវបានឃាតករមិនស្គាល់មុខបាញ់ប្រហារកាលពីពាក់កណ្តាលខែកក្កដាកន្លងទៅដោយមិនដឹងមូលហេតុ។
ការបាញ់ប្រហារនោះបានធ្វើឡើងនៅក្នុងស្ថានភាពតឹងតែងនៅកម្ពុជា ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតជិតមកដល់ និងក្រោយពេលដែលមន្ត្រីបក្សប្រឆាំងនិងជាចាងហ្វាងកាសែតមនសិការខ្មែរដដែលនេះ គឺលោក ដាំ សិទ្ធិ ត្រូវបានគេចាប់ដាក់ពន្ធនាគារ។
ការសម្លាប់នោះដែរបាននាំឲ្យក្រុមសិទ្ធិមនុស្សព្រួយបារម្ភនិងចាត់ទុកថាជាការគំរាមទៅលើក្រុមអ្នកប្រឆាំងនៅគ្រាដែលការបោះឆ្នោតជិតមកដល់។
មន្ត្រីសិទ្ធិមនុស្សអាដហុក លោក ចាន់ សាវ៉េត ថ្លែងថាគេរំពឹងទៅលើការអង្កេតរបស់អេហ្វ.ប៊ី.អាយ.ក្នុងការស្វែងចាប់ឃាតករពិត។
ប្រភពដដែលអះអាងទៀតថា ក្រុមគ្រួសាររបស់លោក ឃឹម សម្បូរណ៍ បានភៀសខ្លួនចេញពីកម្ពុជាហើយបន្ទាប់ពីឃាតកម្មនោះមក៕
