លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសផងដែរនោះ បានមានប្រសាសន៍ថា លោកក៏ជាអ្នកទោសមួយរូបដែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬ របបខ្មែរក្រហមនោះ ហើយថា លោកក៏ចង់ស្វែងរកការពិតដូចជាលោក សម រង្ស៊ី ដូច្នោះដែរ ។
លោក ហោ ណាំហុង ថ្លែងដូច្នេះថា ៖ «ខ្ញុំមិនចង់និយាយបញ្ហានេះទេ ទុកឲ្យតុលាការគេធ្វើដំណើរការទៅ ព្រោះបញ្ហានេះខ្ញុំយល់ឃើញថា ជាមិនបញ្ហាមិនគ្រាន់តែបរិហាកេរ្តិ៍ ជាបញ្ហាផ្សព្វផ្សាយបន្តម្ដងហើយ ម្ដងទៀតៗ ដូច្នេះជាការផ្សព្វផ្សាយដោយចេតនា ។ ឥឡូវនេះមានព័ត៌មានជាក់ស្ដែងពីមេដឹកនាំខ្មែរក្រហមកំពូលម្នាក់ ដែលកំពុងជាប់ទោសសព្វថ្ងៃ ដែលខ្ញុំមិនបញ្ចេញឈ្មោះទេ បានបញ្ជាក់ថា ខ្ញុំជាអ្នកទោសដែរ» ។
ឆ្លើយតបទៅនឹងការមិនព្រមដកពាក្យបណ្ដឹងនេះ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានមានប្រសាសន៍នៅថ្ងៃពុធនេះដែរថា នេះជារឿងកំប៉ិកកំប៉ុក ហើយនឹងមិនប៉ះពាល់ដល់គណបក្សរបស់លោក ក្នុងអំឡុងពេលបោះឆ្នោតខាងមុខឡើយ ។
លោក សម រង្ស៊ី ក៏បានមានប្រសាសន៍សូមឲ្យតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមធ្វើការសម្រេចលើករណីរបស់លោក ហោ ណាំហុង ដែលលោកចោទថា ជាអ្នកដែលបានចូលរួមប្រព្រឹត្តបទឧក្រិដ្ឋជាមួយនឹងពួកខ្មែរក្រហម ។
លោក សម រង្ស៊ី មានប្រសាសន៍ដូច្នេះថា ៖ «រឿងសំខាន់គឺយើងត្រូវតែកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយរឿងដែលអ្នកណាខ្លះដែលពាក់ព័ន្ធ ក្នុងការសម្លាប់អ្នកស្លូតត្រង់ យកអ្នកទោសយកទៅសម្លាប់ អ្នកដែលគេចោទថាមានទោសហ្នឹង គឺខ្មែរក្រហមចេះតែចោទទេ យកគេទៅសម្លាប់ដោយឃោរឃៅ ហើយអ្នកដែលមានទោស គឺអ្នកដែលធ្វើការជាមួយខ្មែរក្រហមហ្នឹង ។ អ៊ីចឹងអ្វីដែលសំខាន់គឺថា ជាបទឧក្រិដ្ឋដែលត្រូវតែផ្ទន្ទាទោសតាមច្បាប់ ។ រឿងដែលគេលើកមក ដែលលោកសួរខ្ញុំនេះ រឿងកំប៉ិកកំប៉ុកទេ» ។
អ្នកកាទូតនិងសង្គមស៊ីវិលបារម្ភថា បណ្ដឹងនេះអាចប៉ះពាល់ដល់ការបោះឆ្នោត
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Joseph A. Mussomeli បានមានប្រសាសន៍កាលពីថ្ងៃអង្គារ ទី៦ ឧសភា ថា ការដាក់ពាក្យបណ្ដឹងរបស់លោក ហោ ណាំហុង អាចនឹងប៉ះពាល់ដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាខែកក្កដា ខាងមុខ ។
នាយកប្រតិបត្តិនៃអង្គការ និកហ្វិច បណ្ឌិត ហង្ស ពុទ្ធា ក៏បានមានប្រសាសន៍ដែរថា ពាក្យបណ្ដឹងរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អាចនឹងជះឥទ្ធិពលដល់ដំណើរការនៃការបោះឆ្នោត នាពេលខាងមុខនេះ ។
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ៖ «ក្នុងដំណាក់កាលធ្វើការបោះឆ្នោត គឺជាការប្រជែងគ្នា ហើយបើសិនជាមេដឹកនាំនៃគណបក្សណាមួយមានបញ្ហានៅក្នុងសង្គម ជាឯកជនក្ដី ជាបញ្ហានយោបាយក្ដី ចង់មិនចង់គឺវាជះឥទ្ធិពលទៅលើសកម្មជន ហើយក៏វាជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែរ» ។
លោករដ្ឋមន្ត្រីក្រសួងការបរទេស ហោ ណាំហុង បានដាក់ពាក្យបណ្ដឹងទៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃ ១៩ មេសា កន្លងទៅនេះ ដោយចោទប្រកាន់លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍និងផ្សាយព័ត៌មានខុស នៅក្រោយពេលដែលលោក សម រង្ស៊ី បានមានប្រសាសន៍កាលពីថ្ងៃ ១៧ មេសា ថា អតីតទីប្រឹក្សា ប៉ុល ពត គឺជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បច្ចុប្បន្ន ហើយអតីតមេគុកបឹងត្របែករបស់ខ្មែរក្រហមជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសសព្វថ្ងៃ ។ ប៉ុន្តែ លោក សម រង្ស៊ី មិនបាននិយាយដោយបញ្ចេញឈ្មោះឡើយ ។
សូមរំឭកថា លោក ហោ ណាំហុង ក៏ធ្លាប់បានឈ្នះក្ដីលើអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ម្ដងរួចមកហើយ នៅពេលដែលព្រះអង្គបានហៅលោក ហោ ណាំហុង ថា ជាមេខ្មែរក្រហម ។
សមរង្ស៊ី រៀបចំយុទ្ធសាស្ត្រតបត
ក្តីក្តាំជុំវិញការចោទនេះ ក៏ត្រូវលោក សម រង្ស៊ី បានប្រាប់អ្នកគាំទ្រនៅសហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចកាលពីខែមុន ថា អ្វីដែលលោកមានប្រសាសន៍គឺមិនខុសគ្នានឹងព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រ ព្រះ នរោត្តម សីហនុ ផងដែរ ។
លោក សម រង្ស៊ី បានថ្លែងថា កាលៈទេសៈដែលព្រះ នរោត្តម សីហនុ បានចាញ់ក្តីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គ្រានោះ គឺដោយសារតែគ្មានសាក្សីគ្រប់គ្រាន់ ។
លោកបានមានប្រសាសន៍ថា លោកនឹងត្រៀមនូវកិច្ចការទាំងនេះតបតទៅវិញ បើសិនជាមានការប្តឹងមែននោះ ៖ «ខ្ញុំស្នើឲ្យមេធាវីរបស់ខ្ញុំជួបជាមួយនឹង ខៀវ សំផន ជួបជាមួយនឹង អៀង សារី ជាពិសេស ឌុច ជាមេគុកនៅទួលស្លែង ស២១ ។ ខ្ញុំចង់ឲ្យមេធាវីខ្ញុំសួរទៅឌុច ថា អ្នកដែលត្រូវគេសម្លាប់នៅទួលស្លែង ដែលមកពីបឹងត្របែក តើគេរើសមនុស្សណាមុនគេ យកមកសម្លាប់នៅទួលស្លែង គឺផ្អែកលើរបាយការណ៍ធ្វើដោយអ្នកណា ពេលហ្នុងច្បាស់ជាអ្វីដែលសម្ដេច សីហនុ បានលើក អ្វីដែលខ្ញុំបានលើក មានមូលដ្ឋានត្រឹមត្រូវ » ៕