ការបង្ហាញសកម្មភាពសង្គ្រោះបន្ទាន់ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រនេះបានធ្វើឡើងក្នុងឱកាសដែលនាវាល្បាតនៃកងទ័ពជើងទឹកបារាំងមួយឈ្មោះ Nivose បានចូលចតនៅក្រុងព្រះសីហនុ នាថ្ងៃទី៣ តុលានេះ។
នាយកទីចាត់ការហ្វឹកហ្វឺននៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ឥត សារ៉ាត បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ការបង្ហាញនេះបានផ្ដល់មេរៀនល្អដល់កងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ឯក ឥត សារ៉ាត បានឲ្យដឹងថា ៖ «ជាពិសេសគឺកម្លាំងរបស់កងទ័ពបារាំង គឺកងទ័ពនាវារបស់បារាំងដែលបានចូលចតនៅកម្ពុជា ហើយបានមកបង្ហាញដើម្បីឲ្យឃើញពីកិច្ចការសង្គ្រោះនៅក្នុងដែនសមុទ្រ។ នេះជាការមួយល្អ ដើម្បីជាមេរៀនដល់កងយោធពលខេមរភូមិន្ទរបស់យើងដើម្បីសិក្សា។ ហើយជាពិសេសគឺកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពបារាំងនិងកម្ពុជាដែលយើងមានតាំងពីយូរយារណាស់មកហើយ»។
មេបញ្ជាការតំបន់សមុទ្រនៃមហាសមុទ្រឥណ្ឌារបស់ទាហានជើងទឹកបារាំង លោកឧត្តមនាវីឯក Gérard Valin បានមានប្រសាសន៍ថា ការបង្ហាញសកម្មភាពសង្គ្រោះបន្ទាន់របស់ទាហានជើងទឹកបារាំងនោះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធានៃប្រទេសទាំងពីរ ហើយក៏សិក្សាបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងទាហានបារាំងនិងកងយោធពលខេមរភូមិន្ទ។
លោកឧត្តមនាវីឯក Gérard Valin បានមានប្រសាសន៍ថា ៖ "គឺនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងបារាំង ហើយនិងប្ដូរចំណេះដឹងគ្នាទៅវិញទៅមកផងដែរ។ ម៉្យាងទៀតដូចជាឯកឧត្ដមឧត្ដមសេនីយ៍ឯកបានមានប្រសាសន៍ហើយអម្បាញ់មិញនេះ គឺថាសម្រាប់ជួយស្រោចស្រង់មនុស្សលិចលង់ក្នុងទឹក ហើយនិងកប៉ាល់កំពុងលិចទឹកមនុស្សនៅក្នុងនោះវាលិចហើយ"។
ឧត្តមសេនីយ៍ឯក ឥត សារ៉ាត បានឲ្យដឹងផងដែរថា ទាហានជើងទឹកបារាំងនិងទាហានខ្មែរនឹងធ្វើការហ្វឹកហ្វឺនរួមគ្នាក្នុងសកម្មភាពសង្គ្រោះបន្ទាន់លើផ្ទៃសមុទ្ទនៅឯឈូងសមុទ្ររាម ក្រុងព្រះសីហនុ នាថ្ងៃទី៤ តុលានេះ។
នៅពេលសួរថា តើប្រទេសបារាំងមានគម្រោងផ្ដល់ជំនួយផ្នែកយោធាដល់កម្ពុជាឬយ៉ាងណានោះ លោកឧត្តមនាវីឯក Gérard Valin បានមានប្រសាសន៍ថា ប្រទេសបារាំងនៅមិនទាន់បានគិតគូរពីគម្រោងជំនួយផ្នែកយោធាណាមួយនោះនៅឡើយទេ។
គួរជម្រាបថា នាវាល្បាតបារាំងឈ្មោះ Nivose ដែលផ្ទុកទាហានប្រមាណ១០០នាក់បានធ្វើការចូលចតនៅកំពង់ផែក្រុងព្រះសីហនុក្នុងរយៈពេលចំនួន៥ថ្ងៃ គឺពីថ្ងៃទី៣ តុលានេះ ហើយនឹងបន្តរហូតដល់ថ្ងៃទី៧ ខែតុលាខាងមុខ មុននឹងបន្តដំណើរឆ្ពោះទៅកំពង់ផែ Kuantan ប្រទេសម៉ាឡេស៊ីបន្តទៀត៕
