កងទ័ព​ជើង​ទឹក​បារាំង​បង្ហាញ​សកម្មភាព​សង្គ្រោះ​បន្ទាន់​ដល់​ទាហាន​ខ្មែរ

កងទ័ព​ជើង​ទឹក​បារាំង​បាន​បង្ហាញ​សកម្មភាព​សង្គ្រោះ​បន្ទាន់​ជា​លើក​ដំបូង​ដល់​កង​យោធពល​ខេមរភូមិន្ទ​នៃ​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​៣ តុលា​នេះ នៅ​ឯ​បញ្ជាការដ្ឋាន​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១ ស្ថិត​នៅ​ឃុំ​កំបូល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។

0:00 / 0:00

ការបង្ហាញ​សកម្មភាព​សង្គ្រោះ​បន្ទាន់​ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​នាវា​ល្បាត​នៃ​កងទ័ព​ជើង​ទឹក​បារាំង​មួយ​ឈ្មោះ Nivose បាន​ចូល​ចត​នៅ​ក្រុង​ព្រះសីហនុ នា​ថ្ងៃ​ទី​៣ តុលា​នេះ។

នាយក​ទីចាត់ការ​ហ្វឹកហ្វឺន​នៃ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ ឧត្តមសេនីយ៍​ឯក ឥត សារ៉ាត បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ការបង្ហាញ​នេះ​បាន​ផ្ដល់​មេរៀន​ល្អ​ដល់​កង​យោធពល​ខេមរភូមិន្ទ។

លោក​ឧត្តមសេនីយ៍​ឯក ឥត សារ៉ាត បាន​ឲ្យ​ដឹង​ថា ៖ «ជា​ពិសេស​គឺ​កម្លាំង​របស់​កងទ័ព​បារាំង គឺ​កងទ័ព​នាវា​របស់​បារាំង​ដែល​បាន​ចូល​ចត​នៅ​កម្ពុជា ហើយ​បាន​មក​បង្ហាញ​ដើម្បី​ឲ្យ​ឃើញ​ពី​កិច្ចការ​សង្គ្រោះ​នៅ​ក្នុង​ដែន​សមុទ្រ។ នេះ​ជា​ការ​មួយ​ល្អ ដើម្បី​ជា​មេរៀន​ដល់​កង​យោធពល​ខេមរភូមិន្ទ​របស់​យើង​ដើម្បី​សិក្សា។ ហើយ​ជា​ពិសេស​គឺ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កងទ័ព​បារាំង​និង​កម្ពុជា​ដែល​យើង​មាន​តាំងពី​យូរ​យារ​ណាស់​មក​ហើយ»

មេ​បញ្ជាការ​តំបន់​សមុទ្រ​នៃ​មហា​សមុទ្រ​ឥណ្ឌា​របស់​ទាហាន​ជើង​ទឹក​បារាំង លោក​ឧត្តមនាវីឯក Gérard Valin បាន​មាន​ប្រសាសន៍​ថា ការបង្ហាញ​សកម្មភាព​សង្គ្រោះ​បន្ទាន់​របស់​ទាហាន​ជើង​ទឹក​បារាំង​នោះ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​សិក្សា​បទពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ទាហាន​បារាំង​និង​កង​យោធពល​ខេមរភូមិន្ទ។

លោក​ឧត្តមនាវីឯក Gérard Valin បាន​មាន​ប្រសាសន៍​ថា ៖ "គឺ​នៅ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​និង​បារាំង ហើយ​និង​ប្ដូរ​ចំណេះ​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​ផងដែរ។ ម៉្យាង​ទៀត​ដូច​ជា​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​បាន​មាន​ប្រសាសន៍​ហើយ​អម្បាញ់មិញ​នេះ គឺ​ថា​សម្រាប់​ជួយ​ស្រោចស្រង់​មនុស្ស​លិច​លង់​ក្នុង​ទឹក ហើយ​និង​កប៉ាល់​កំពុង​លិច​ទឹក​មនុស្ស​នៅ​ក្នុង​នោះ​វា​លិច​ហើយ"។

ឧត្តមសេនីយ៍​ឯក ឥត សារ៉ាត បាន​ឲ្យ​ដឹង​ផងដែរ​ថា ទាហាន​ជើង​ទឹក​បារាំង​និង​ទាហាន​ខ្មែរ​នឹង​ធ្វើការ​ហ្វឹកហ្វឺន​រួម​គ្នា​ក្នុង​សកម្មភាព​សង្គ្រោះ​បន្ទាន់​លើ​ផ្ទៃ​សមុទ្ទ​នៅ​ឯ​ឈូង​សមុទ្រ​រាម ក្រុង​ព្រះសីហនុ នា​ថ្ងៃ​ទី​៤ តុលា​នេះ។

នៅ​ពេល​សួរ​ថា តើ​ប្រទេស​បារាំង​មាន​គម្រោង​ផ្ដល់​ជំនួយ​ផ្នែក​យោធា​ដល់​កម្ពុជា​ឬ​យ៉ាង​ណា​នោះ លោក​ឧត្តមនាវីឯក Gérard Valin បាន​មាន​ប្រសាសន៍​ថា ប្រទេស​បារាំង​នៅ​មិន​ទាន់​បាន​គិតគូរ​ពី​គម្រោង​ជំនួយ​ផ្នែក​យោធា​ណា​មួយ​នោះ​នៅ​ឡើយ​ទេ។

គួរ​ជម្រាប​ថា នាវា​ល្បាត​បារាំង​ឈ្មោះ Nivose ដែល​ផ្ទុក​ទាហាន​ប្រមាណ​១០០​នាក់​បាន​ធ្វើការ​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ក្នុង​រយៈពេល​ចំនួន​៥​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៣ តុលា​នេះ ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​តុលា​ខាង​មុខ មុន​នឹង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កំពង់​ផែ Kuantan ប្រទេស​ម៉ាឡេស៊ី​បន្ត​ទៀត៕