អាល្លឺម៉ង់​ផ្ដល់​ថវិកា​១​លាន​៥​សែន​យូរ៉ូ​ដល់​សាលាក្ដី​ខ្មែរក្រហម

សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​បាន​ផ្តល់​ថវិកា​ឧបត្ថម្ភ​ចំនួន​១​លាន​៥​សែន​យូរ៉ូ​ដល់​អង្គភាព​ជន​រងគ្រោះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​សម្រាប់​រយៈពេល​២​ឆ្នាំ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ថវិកា​ជំនួយ​នេះ​នឹង​ផ្តល់​តាមរយៈ​អង្គការ GTZ ប្រចាំ​នៅ​កម្ពុជា​ដែល​គ្រប់គ្រង​ការងារ​ដោយ​ការិយាល័យ​ការបរទេស​អាល្លឺម៉ង់។

រហូត​មក​ទល់​ពេល​នេះ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​បាន​ផ្តល់​ថវិកា​ឧបត្ថម្ភ​សរុប​ទាំងអស់​ចំនួន​ជិត​១០​លាន​ដុល្លារ​អាមេរិក​ដល់​អង្គភាព​ជន​រងគ្រោះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​ជា​មជ្ឈមណ្ឌល​ទំនាក់​ទំនង​កណ្តាល​មួយ​សម្រាប់​ជន​រងគ្រោះ​និង​តំណាង​របស់​ខ្លួន​ក្នុង​ការដាក់​ពាក្យ​ចូលរួម​ក្នុង​ដំណើរការ​របស់​តុលាការ​កាត់​ទោស​ខ្មែរក្រហម៕