តំណាង​រាស្រ្ត​និង​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ការប្រើ​អំពើ​ហិង្សា​របស់​យោធា​ខែត្រ​កំពត

តំណាង​រាស្រ្ត​និង​ក្រុម​សិទ្ធិ​មនុស្ស​បាន​រិះគន់​ទង្វើ​របស់​យោធា​និង​អាជ្ញាធរ​ខេត្ត​កំពត​ដែល​ប្រើ​ហិង្សា​វាយដំ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​និង​ទ្រព្យ​សម្បត្តិ​ប្រជាជន​ក្នុង​ចំណុច​អន្លង់ក្រោម​ក្នុង​ឃុំ​តាកែន ស្រុក​ឈូក ដែល​នាំ​ឲ្យ​អ្នក​ស្រុក​ដាច់​ស្បៀង​និង​ខ្វះ​ជម្រក​នា​ប៉ុន្មាន​ថ្ងៃ​នេះ។

0:00 / 0:00

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា អំពើ​របស់​អាជ្ញាធរ​នោះ​ជា​ទង្វើ​ខុស​ច្បាប់​ទាំងស្រុង​ក្នុង​ការបង្ខំ​បណ្តេញ​ពលរដ្ឋ បើ​ទោះ​បី​ប្រជាជន​រស់នៅ​លើ​ដី​ហាមឃាត់​ក៏​ដោយ​ត្រូវ​ជូន​ដំណឹង​មុន​សិន។

លោក​ថា រដ្ឋាភិបាល​គួរ​ពិចារណា​ដោះស្រាយ​បន្ទាន់​ជុំវិញ​រឿង​នេះ ហើយ​តំណាង​រាស្រ្ត​រង់ចាំ​ពាក្យ​ប្តឹង​ពី​ពលរដ្ឋ​ឃុំ​តាកែន​នោះ​ដើម្បី​ជួយ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ៖ «អ្វី​ដែល​ធ្វើ​ដល់​បង​ប្អូន​ជាង​២០០​គ្រួសារ​នៅ​អន្លង់ក្រោម​នេះ​គឺ​ជា​អំពើ​ខុស​ច្បាប់ ហើយ​វា​អមនុស្សធម៌​ទៅ​ទៀត។ វា​ជា​ការខុស​គោលការណ៍​គ្រប់គ្រង​ដោយ​ពលរដ្ឋ ដោយ​អត់​មាន​ដី​ធ្លី​រស់នៅ គឺ​មាន​សិទ្ធិ​ផ្ដល់​ជម្រក​ដល់​ពលរដ្ឋ​មិន​មែន​ទៅ​ធ្វើ​បាប​ពលរដ្ឋ​ដូច្នោះ​ទេ»

រីឯ​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការបណ្តេញ​ពលរដ្ឋ​ដោយ​ប្រើ​កម្លាំង​យោធា​និង​អំពើ​ហិង្សា ហើយ​គ្មាន​ការជូន​ដំណឹង​មុន​វា​ជា​រឿង​រំលោភ​ច្បាប់​និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​ថា យោធា​ជា​កម្លាំង​ការពារ​ជាតិ​មិន​ត្រូវ​យក​យោធា​មក​វាយដំ​ពលរដ្ឋ​ខ្លួន​ឯង​ដូច្នេះ​ទេ។

លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា ៖ «ការប្រើប្រាស់​កម្លាំង​ដោយ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​វា​មិន​មែន​ជា​ដំណោះស្រាយ​សមស្រប​សម្រាប់​ដោះស្រាយ​ទេ យើង​សុំ​ឲ្យ​ប្រើ​វិធី​ដោះស្រាយ​តាម​សន្តិវិធី»

មន្រ្តី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​កំពត អ្នកស្រី ទ្រី ឈូន មាន​ប្រសាសន៍​ថា ក្រុម​បង្រ្កាប​ពលរដ្ឋ​នោះ​គឺ​ជា​យោធា​កងពល​តូច​លេខ​៣១ កងអាវុធហត្ថ​និង​មន្រ្តី​បរិស្ថាន។ អ្នកស្រី​ថា ចំណុច​ក្បាល​ដំរី អន្លង់ក្រោម អន្លង់លើ សុទ្ធតែ​ស្ថិត​ក្នុង​រង្វង់​ពាក់ព័ន្ធ​ដី​អភិវឌ្ឍន៍​ជន​ពិការ។

ប្រធាន​៥០​ខ្នង​ភូមិ​អន្លង់ក្រោម លោក ហុង ចាន់ថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ថា បន្ទាប់ពី​ផ្ទះ​និង​ទ្រព្យ​សម្បត្តិ​ឆេះ​អស់​ប្រជាជន​ទាំង​នោះ​កំពុង​ដាច់​ស្បៀង ហើយ​មាន​ប្រជាជន​៣០%​បាន​ធ្វើ​ដំណើរ​ឆ្លង​ទឹក​ទៅ​សុំ​អ្នក​ភូមិ​អន្លង់ក្មេងលេង ឃុំ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​កោះកុង ដែល​នៅ​ជាប់​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត រស់នៅ​បណ្តោះ​អាសន្ន។ ឯ​មួយចំនួន​ធំ​ទៀត​ទ្រាំ​រស់នៅ​លើ​គំនរ​ផេះ​ផ្ទះ​ឆេះ​នេះ​ដើម្បី​រង់ចាំ​រដ្ឋាភិបាល​និង​អង្គការ​នានា​ជួយ​ដោះស្រាយ​បញ្ហា​វិវាទ​ដី​ដែល​ជា​ឧទ្យាន​ជាតិ​បូកគោ​នោះ ៖ «ភាគ​ច្រើន ប្រហែល​ជា​១៧០​គ្រួសារ​ជាង​ដែរ កំពុង​ដេក​នៅ​លើ​គំនរ​ផេះ»

សូម​ជម្រាប​ថា អំពើ​ហិង្សា​នោះ​បាន​នាំ​ឲ្យ​មាន​អ្នក​របួស​៧​នាក់ ស្រាល​៤​នាក់ និង​របួស​ធ្ងន់​៣​នាក់។

អ្នក​របួស​ធ្ងន់​ឈ្មោះ ប្រាក់ យ៉ុង អាយុ​៥១​ឆ្នាំ អះអាង​ពី​មន្ទីរពេទ្យ​ខេត្ត​កំពង់ស្ពឺ​ថា ៖ «ពេល​វ៉ៃ​ខ្ញុំ​ហើយ គេ​ដាក់​ខ្នោះ​ខ្ញុំ​ទៅ​កន្លែង​ប៉ុស្តិ៍​គេ​នោះ នៅ​កន្លែង​ទាហាន កន្លែង​ប៉ុស្តិ៍​ប៉ូលិស»

លោក បាន ហុងរិន អាយុ​៥២​ឆ្នាំ របួស​ធ្ងន់ សម្រាក​មន្ទីរពេទ្យ​ខេត្ត​កំពង់ស្ពឺ​ដែរ បាន​អះអាង​ថា ៖ «មុន​ដំបូង​វា​ឲ្យ​រុះ ដល់​រុះ​វា​មិន​ចេញ គេ​ដុត។ ដល់​ដុត រារាំង​គេ​មិន​ឲ្យ​ដុត គេ​ទាត់ គេ​ធាក់ គេ​វ៉ៃ»

មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ឲ្យ​ដឹង​ថា កំពុង​ត្រៀម​ស្បៀង​ជួយ​សង្រ្គោះ​បន្ទាន់​ប្រជាជន​ជាង​២០០​គ្រួសារ​នៅ​ចំណុច​អន្លង់ក្រោម​នោះ​ហើយ៕