ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ថ្មីៗនេះប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិកបានសុំឲ្យគណបក្សសិទ្ធិមនុស្សនិងគណបក្សសមរង្ស៊ីចាំបាច់ត្រូវរួមគ្នាដើរនយោបាយតែមួយដើម្បីការពារលិទ្ធិប្រជាធិបតេយ្យដែលកាន់តែមានសំឡេងតិចទៅៗនៅក្នុងសភាជាតិក្រោយការបោះឆ្នោតសភាលើកទី៤ ឆ្នាំ២០០៨។
លោក កឹម សុខា បានឲ្យដឹងថា ៖ «ដោយសារពួកខ្ញុំមានការព្រួយបារម្ភអំពីលំហយ៉ាងចង្អៀតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែចង្អៀតទៅៗ ជាពិសេសការបំបាត់នូវតួនាទីរបស់គណបក្សប្រឆាំងដែលធ្វើឲ្យស្ថាប័នប្រជាធិបតេយ្យបាត់បង់នូវតុល្យភាព»។
តំណាងគណបក្សសមរង្ស៊ី លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា លោកស្រីនឹងនាំការស្នើសុំនេះទៅជម្រាបលោក សម រង្ស៊ី ដែលជាប្រធានគណបក្ស ហើយលោកជាប់បេសកកម្មនៅបរទេស។
លោកស្រីបន្តថា មុនបោះឆ្នោតសភាជាតិគណបក្សសិទ្ធិមនុស្សនិងគណបក្សសមរង្ស៊ីបានសហការរួមគ្នាម្ដងរួចមកហើយដើម្បីពិនិត្យសន្លឹកឆ្នោត។
លោកស្រីថា លទ្ធិប្រជាធិបតេយ្យត្រូវបានគេបំបិទដោយសារបទបញ្ជាផ្ទៃក្នុងរបស់សភាដែលឲ្យសំឡេងភាគតិចត្រូវគោរពតាមសំឡេងភាគច្រើននៅក្នុងសភា។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា ៖ «គណបក្សសមរង្ស៊ីនៅជាមួយ រួមជាមួយគណបក្សសិទ្ធិមនុស្ស នៅតែយល់ឃើញថាយើងត្រូវតែទាមទារ មិនមែនទាមទារយកតំណែងទេ តែយើងទាមទារគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលជាសសរមួយដ៏សំខាន់នៅក្នុងការវិវត្តន៍នៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាក៏ដូចជាប្រទេសនានាដែរ»។
លោក កឹម សុខា បំភ្លឺបន្តថា ការចងសម្ព័ន្ធភាពរវាងគណបក្សសិទ្ធិមនុស្សនិងគណបក្សសមរង្ស៊ីនេះមិនមែនរំលាយគណបក្សមួយទៅចូលគណបក្សមួយនោះទេ គឺជាការចងសម្ព័ន្ធភាពគ្នាមួយត្រៀមសម្រាប់មុនបោះឆ្នោតឆ្នាំ២០១៣។
លោកថា ការរួមគ្នានេះគឺសម្រាប់ការពារសំឡេងឆ្នោតអ្នកប្រជាធិបតេយ្យ ហើយគណបក្សសិទ្ធិមនុស្សនឹងរង់ចាំការសម្រេចរបស់ប្រធានគណបក្សសមរង្ស៊ី។ រីឯគោលការណ៍ផ្ទៃក្នុងនៃសម្ព័ន្ធភាពនឹងធ្វើទៅក្រោយការរួបរួមគ្នាចៀសវាងការក្បត់គ្នាទៅវិញទៅមក ដូចបទពិសោធន៍កន្លងមកមានគណបក្សខ្លះក្រោយចងសម្ព័ន្ធភាពរួចបានក្បត់គ្នាជាដើម។
សូមជម្រាបថា កាលពីបោះឆ្នោតសភាលើកទី៤នៅក្នុងប្រទេសកម្ពុជាមានគណបក្ស១១ចូលរួមប្រកួតប្រជែងបោះឆ្នោត។ គណបក្សសិទ្ធិមនុស្សជាគណបក្សថ្មីមួយដែលទើបមានឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០០៨ ហើយគណបក្សសិទ្ធិមនុស្សនេះបានទទួលការគាំទ្រពីម្ចាស់ឆ្នោតរហូតបានអាសនៈនៅក្នុងសភាជាតិចំនួន៣ក្នុងចំណោមអាសនៈ១២៣។ ចំណែកគណបក្សសមរង្ស៊ីបានទទួលការគាំទ្រពីមហាជនបានអាសនៈ២៦នៅក្នុងសភាជាតិដែរ៕
