បក្ស​សិទ្ធិ​មនុស្ស​គ្រោង​បើក​កិច្ចប្រជុំ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ

គណបក្ស​សិទ្ធិ​មនុស្ស​គ្រោង​នឹង​បើក​កិច្ចប្រជុំ​មួយ​នា​ដើម​សប្តាហ៍​ក្រោយ​នេះ​ប្រយោជន៍​ធ្វើ​កំណែ​ទម្រង់​និង​រៀបចំ​រចនាសម្ព័ន្ធ​បក្ស​ឡើង​វិញ បន្ទាប់ពី​មន្រ្តី​ជាន់ខ្ពស់​របស់​បក្ស​បាន​រត់​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។

0:00 / 0:00

លោក យ៉ែម បុញ្ញារិទ្ធ តំណាង​រាស្រ្ត​គណបក្ស​សិទ្ធិ​មនុស្ស​មណ្ឌល​ព្រៃវែង​មាន​ប្រសាសន៍​ថា ថ្វីបើ​ការចាកចេញ​របស់​លោក កែវ រ៉េមី មិន​មាន​ផល​ប៉ះទង្គិច ប៉ុន្តែ​កំណែទម្រង់​និង​ការរៀបចំ​រចនា​សម្ព័ន្ធ​របស់​បក្ស​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​រួច ត្រូវតែ​ធ្វើ​ឡើង​វិញ។

លោក​បន្ត​ទៀត​ថា កិច្ច​ប្រជុំ​នោះ​និង​ផ្តោត​ផងដែរ​ទៅ​លើ​ការផ្តល់​ដំណឹង​ទៅ​ដល់​មន្រ្តី​បក្ស​គ្រប់​ស្រទាប់​និង​បន្ត​ការចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំង​សមរង្ស៊ី​ទៅ​មុខ​ទៀត។

លោក យ៉ែម បុញ្ញារិទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «ថ្នាក់​ដឹកនាំ​ទាំង​ប៉ុន្មាន​មូលមតិ​គ្នា​ច្បាស់លាស់​ទៅ​លើ​រឿង​ជាតិ​និយម​ពិត​ប្រាកដ​និង​គោល​នយោបាយ។ លើស​ពី​នេះ​ទៅ​ទៀត​ដែល​យើង​ព្យាយាម​ដូច​គណបក្ស​សិទ្ធិ​មនុស្ស​ធ្លាប់តែ​និយាយ​អ៊ីចឹង គឺ​ថា​យើង​យល់​ឃើញ​ថា មាន​តែ​ការរួបរួម​អ្នក​ប្រជាធិបតេយ្យ​ទេ​ដែល​អាច​បម្រើ​ការពារ និង​កសាង​ប្រទេស​ជាតិ​យើង​បាន​ដោយ​ពិត​ប្រាកដ»

កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ អនុ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កែវ រ៉េមី និង​មន្រ្តី​២​នាក់​ទៀត​ផ្នែក​ហិរញ្ញវត្ថុ​បាន​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា។

លោក កែវ រ៉េមី មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ថា ការធ្វើ​នយោបាយ​ប្រឆាំង​រយៈពេល​២០​ឆ្នាំ​របស់​លោក​ពុំ​មាន​លទ្ធផល​ហេតុ​នេះ​ហើយ​បាន​ជា​នាំ​ឲ្យ​មាន​ការចុះចូល​នោះ។

ការចុះចូល​នេះ​ទៀតសោត​ក៏​បាន​ធ្វើ​ឡើង​នៅ​ក្រោយ លោក កឹម សុខុន ដែល​ជា​ប្អូន​ប្រុស​របស់​លោក កឹម សុខា មេដឹកនាំ​បក្ស និង​លោក ចាន់ វ៉ែន ដែល​ជា​មន្រ្តី​កំពូល​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ម្នាក់​ទៀត​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កាលពី​ជាង​មួយ​ខែ​មុន។

ជាមួយ​គ្នា​នេះ លោក គាត សុគន្ធ អនុ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​មួយ​រូប​ទៀត​បញ្ជាក់​អំពី​ជំហរ​របស់​លោក​យ៉ាង​ដូច្នេះ ៖ «បើសិនណា​ជា​ខ្ញុំ​ចេញ​ពី​គណបក្ស​នយោបាយ គឺ​ខ្ញុំ​ឈប់​ធ្វើ​នយោបាយ​ហើយ បើ​ចេញ​ពី​គណបក្ស​សិទ្ធិ​មនុស្ស»

ការរត់​ចេញ​របស់​អ្នក​នយោបាយ​គណបក្ស​ផ្សេង​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កើត​ឡើង​មុន​គេ​ទៅ​លើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រហូត​ដល់​ធ្វើ​ឲ្យ​គណបក្ស​នេះ​ស្ទើរ​រក​សំឡេង​គាំទ្រ​មិន​បាន។

ក្រោយ​មក​ទៀត​នៅ​មុន​ពេល​បោះ​ឆ្នោត​ម្ដងៗ គេ​ឃើញ​មន្ត្រី​គណបក្ស​ប្រឆាំង​សមរង្ស៊ី​ក៏​ចាប់ផ្តើម​ចូល​ទៅ​គណបក្ស​ប្រជាជន​ដែរ ឥឡូវ​នេះ​ដល់​វេន​គណបក្ស​សិទ្ធិ​មនុស្ស​នេះ​ម្ដង​ដែល​គណបក្ស​នេះ​ទើប​នឹង​បាន​សំឡេង​គាំទ្រ​ចំនួន​៣​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នា​អាណត្តិ​ថ្មី​នេះ។

ជា​ទូទៅ​រាល់​លើក​នៃ​ការចាកចេញ​របស់​មន្ត្រី​ក្រុម​អ្នក​ប្រឆាំង​គេ​បាន​នាំ​គ្នា​បក​អាក្រាត​គណបក្ស​របស់​ខ្លួន​ដែល​ធ្លាប់​ធ្វើការ​ជាមួយ ហើយ​បាន​សរសើរ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​អ្នក​ដែល​កំពុង​បន្ត​ការងារ​ក្នុង​បក្ស​ជំទាស់​វិញ​បាន​ចោទ​ថា ក្រុម​អ្នក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​ធ្វើឡើង​ដើម្បី​អំណាច​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។

អតីត​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​និង​ជា​អ្នក​វិភាគ​ឯករាជ្យ​នា​ពេល​បច្ចុប្បន្ន អ្នកស្រី ជា វណ្ណាត បាន​អត្ថាធិប្បាយ​ថា​ចលនា​អ្នក​ប្រឆាំង​អាច​នឹង​ចុះ​ខ្សោយ បើសិន​ជា​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រុម​អ្នក​ប្រឆាំង​ចេះតែ​បន្ត​ធ្វើ​របៀប​នេះ៕