លោក អ៊ុំ វណ្ណផាត អនុប្រធានគណបក្សសិទ្ធិមនុស្សខេត្តស្វាយរៀងបានបញ្ជាក់ថា ស្លាកគណបក្សសិទ្ធិមនុស្សមួយនៅក្នុងឃុំម៉ឺនជ័យ ស្រុករំដួល ត្រូវបានផ្តួលរំលំនៅថ្ងៃទី២៥ ក្រោយការគំរាមផ្ទាល់ពីលោកមេឃុំម៉ឺនជ័យមួយយប់ ដោយលោកយល់ថាការបាត់ស្លាកនេះពិតជាមានការពាក់ព័ន្ធជាមួយនឹងលោកមេឃុំ ។
លោក អ៊ុំ វណ្ណផាត បានឲ្យដឹងថា ៖ «គំរាមកុំឲ្យខ្ញុំដាក់ ខ្ញុំថាខ្ញុំត្រូវតែដាក់ពីព្រោះខ្ញុំមានច្បាប់ពីក្រសួងមហាផ្ទៃ ខ្ញុំនឹងមានសិទ្ធិលើកស្លាក គាត់ថាអត់ទេ គាត់នឹងទម្លាក់ ។ ដល់ជាក់ស្ដែងយើងលើកពេលល្ងាច ព្រលឹមឡើងឃើញធ្លាក់អ៊ីចឹងមែន» ។
លោក អ៊ុំ វណ្ណផាត បានបញ្ជាក់ថាលោកនឹងដកពាក្យបណ្តឹងវិញ ដរាបណាមេឃុំព្រមសារភាពនិងលើកពីមូលហេតុដែលធ្វើបែបនេះ ។ លោកនៅមានបំណងចង់បានសំណងការខូតខាត និងការគោរពច្បាប់ និងនីតិវិធីបោះឆ្នោតពីអាជ្ញាធរមូលដ្ឋានផងដែរ ។
លោក ម៉ៃ រឿន មេឃុំម៉ឺនជ័យដែលត្រូវចោទប្រកាន់ដោយគណបក្សសិទ្ធិមនុស្សបានបកស្រាយថា ៖ «គាត់ក៏មិនបានយកលិខិតស្នាមឲ្យខ្ញុំមើល ខ្ញុំក៏ជួបគាត់រយៈពេលខ្លីចុងក្រោយល្ងាចហើយទេ ឯគាត់ដើរដាក់ហើយទៅហើយ ហើយដល់មានបញ្ហាបាត់បង់ឬយ៉ាងម៉េចយ៉ាងម៉ា គាត់ចោទប្រកាន់ខ្ញុំ ដល់អ៊ីចឹងទៅខ្ញុំសុំយោបល់ខាងលើថា យើងមិនបាច់នេះទេ ព្រោះយើងមិនទៅពាក់ព័ន្ធផង ហើយស្លាកដែលបាត់ហ្នឹងក៏ឃើញវិញដែរ ខាងសមត្ថកិច្ចគេរកឃើញ មិនដឹងនរណាយកទៅចោល ?» ។
លោក សូរ្យ ទិត្យ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងយល់ថា នេះជាការសន្និដ្ឋានដែលមិនទាន់មានភស្តុតាងគ្រប់គ្រាន់ ដូច្នេះវាពិបាកនៅក្នុងការដាក់បន្ទុកណាស់ តែប្រសិនបើរកឃើញថាបុគ្គលណាមួយបានទម្លាក់ស្លាកគេពិតមែន ជននោះពិតជាមានទោសទៅតាមបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត ។
លោក សូរ្យ ទិត្យ បានមានប្រសាសន៍ថា ៖ «គ្រាន់តែជាការសន្និដ្ឋាន យើងអត់មានភស្តុតាងអត់មានសាក្សី ហើយចោទប្រកាន់គេ វាពិបាកដែរអាហ្នឹង ។ យើងទម្លាក់ស្លាកគេ យើងត្រូវតែមានទោស ហើយទោសកម្រិតណាៗនោះ វាចែងទៅលើអំពើល្មើសរបស់បុគ្គល» ។
នាយកប្រតិបត្តិគណៈកម្មាធិការខុមហ្វ្រែល លោក គល់ បញ្ញា យល់ថាការដាក់ទណ្ឌកម្មនិងពិន័យ វាជាជំហានក្រោយទេ តែលទ្ធផលដែលល្អបំផុតគឺការលើកស្លាករបស់គណបក្សឡើងវិញ ។
លោក គល់ បញ្ញា បានបញ្ជាក់ថា ៖ «ទោះបីបានផ្សះផ្សាក៏ដោយ ប៉ុន្តែរឿងហ្នឹងត្រូវតែដាក់ទោស ក្នុងន័យថា កុំឲ្យមានរឿងហ្នឹងកើតអ៊ីចឹងទៀត ព្រោះខ្ញុំគិតថា មានអីដែលគណបក្សអាចដំណើរការនៃការប្ដឹងផ្តល់ហ្នឹងទៅ ប៉ុន្តែតាមធម្មតាការដាក់ទណ្ឌកម្មលើបញ្ហាហ្នឹងអាចបញ្ហារឿងរដ្ឋបាលរឿងអី» ។
តាមការបញ្ជាក់របស់អនុប្រធានគណបក្សសិទ្ធិមនុស្ស ខេត្តស្វាយរៀង លោក អ៊ុំ វណ្ណផាត បានឲ្យដឹងថា ស្លាកគណបក្សសិទ្ធិមនុស្សនៅក្នុងខេត្តមានចំនួន៣០០ស្លាក ដោយរាប់បញ្ជូលទាំងស្លាកក្រដាស ក្រណាត់ និងស្លាកដែក ។ លោកបានឲ្យដឹងបន្ថែមថា ស្លាកទាំងនោះត្រូវបានគេលួចបាត់ កាច់បំបាក់នៅកន្លែង និងវ៉ៃកម្ទេចចោលប្រហែល ២០ស្លាក ។
មន្រ្តីគណបក្សសិទ្ធិមនុស្សដដែលបានបង្ហើបឲ្យដឹងថា មានបណ្តឹងចំនួន២ នឹងទៅដល់ការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោតខេត្តនៅព្រឹកស្អែកនេះ ដោយរួមទាំងបណ្តឹងដូចគ្នាមួយករណីទៀត នៅឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៕
