ហោ ណាំហុង ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ប្រធាន​បក្ស​សមរង្ស៊ី​ទៅ​តុលាការ​បារាំង

លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់​ថា​លោក​បាន​ដាក់​ពាក្យបណ្ដឹង​ក្នុង​ករណី​បទ​បរិហារកេរ្តិ៍​និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ទៅ​លើ​លោក សម រង្ស៊ី ទៅ​តុលាការ​ប្រទេស​បារាំង​ហើយ ទាក់ទង​នឹង​ប្រសាសន៍​របស់​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ថា លោក ហោ ណាំហុង គឺ​ជា​អតីត​មេ​គុក​បឹងត្របែក​ក្នុង​របប​ខ្មែរ​ក្រហម ។

ប្រសាសន៍​បញ្ជាក់​របស់​លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បាន​ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​មួយ​ជាមួយ​អ្នក​កាសែត​នៅ​ឯ​ក្រសួង​ការ​បរទេស នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ មិថុនា ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា ៖ «បើ​តុលាការ​ខ្មែរ​កាត់ អាច​អ្នក​ខ្លះ​គេ​ថា តុលាការ​ខ្មែរ​មិន​យុត្តិធម៌ ក៏ប៉ុន្តែ​ចាំមើល​តុលាការ​បារាំង​កាត់វិញ​យ៉ាងម៉េច តើ​គេ​ថា​ម៉េច ?»

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សម្ដែង​ការសប្បាយ​ចិត្ត​ដែល​ករណី​បណ្ដឹង​នោះ ត្រូវ​បាន​ដាក់​ទៅ​តុលាការ​ប្រទេស​បារាំង ដែល​លោក​បាន​អះអាង​ថា​មាន​ឯករាជ​ភាព​ជាង​តុលាការ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​ក៏​បាន​មាន​ប្រសាសន៍​ថា ដំណើរការ​នៃ​ការតទល់​គ្នា​ក្នុង​ពាក្យ​បណ្ដឹង​នោះ​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​ក្រោយ ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ៖ «ប្រទេស​បារាំង​តុលាការ​គេ​ឯករាជ្យ តុលាការ​គេ​មិនមែន​ស្ដាប់​បញ្ជា​គណបក្ស​កាន់​អំណាច​ផ្ដាច់ការ​ដូច​នៅ​ប្រទេស​កម្ពុជា​ទេ ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​បាន​ទៅ​លាត​ត្រដាង​ការពិត មាន​ភស្តុតាង មាន​សាក្សី​បង្ហាញ​អំពី​តួនាទី​កាលពី​របប​ខ្មែរក្រហម​បាន​ធ្វើ​អី​ខ្លះ ? ខ្ញុំ​រង់ចាំ​តែ​ពេល​ហ្នឹង​ហើយ​តើ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​មាន​ឱកាស​ទៅ​តទល់​គ្នា​នៅ​តុលាការ​បារាំង មាន​តែ​តុលាការ​ខ្មែរ​ទេ​ដែល​យើង​មិន​អាច​ធ្វើ​អី​បាន​ទេ ចំពោះ​អ្នក​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ»

ទន្ទឹម​គ្នា​នោះ​ដែរ លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង ក៏​បាន​ប្រកាស​ថា លោក​នឹង​ដក​ពាក្យ​បណ្ដឹង​ចោទប្រកាន់​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ប្រចាំ​មណ្ឌល​ភ្នំពេញ​គឺ​លោក ដាំ សិទ្ធិ ដែល​ជា​និពន្ធ​នាយក​កាសែត មនសិការ​ខ្មែរ ពី​តុលាការ​ក្រុង​ភ្នំពេញ​ហើយ ។ លោក ដាំ សិទ្ធិ មិន​បាន​មាន​ប្រតិកម្ម​អ្វី​ចំពោះ​ការដក​ពាក្យ​បណ្ដឹង​នោះ​ទេ ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បាន​ប្ដឹង​ចោទ​ប្រកាន់ លោក ដាំ សិទ្ធិ ដែល​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​របស់​គណបក្ស​សមរង្ស៊ី និង​ជា​និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ ព្រមទាំង​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ថា​បាន​បរិហារកេរ្តិ៍​លោក​និង​ផ្សាយ​ព័ត៌មាន​មិន​ពិត បន្ទាប់ពី​លោក សម រង្ស៊ី បាន​ធ្វើ​សេចក្ដី​ថ្លែង​ជា​សាធារណៈ​មួយ​កាលពី​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​២០០៨ កន្លង​ទៅ​នេះ នៅ​ឯ​វាល​ពិឃាដ​បឹង​ជើងឯក ដោយ​ថា លោក ហោ ណាំហុង គឺ​ជា​អតីត​មេ​គុក​បឹងត្របែក​ក្នុង​របប​ខ្មែរក្រហម ហើយ​សម្ដី​នេះ​ត្រូវ​បាន​លោក ដាំ សិទ្ធិ ដក​ស្រង់​យក​ទៅ​ផ្សាយ​ក្នុង​កាសែត​របស់​​លោក​គឺ​កាសែត​មនសិការ​ខ្មែរ ។

គួរ​ជម្រាប​ថា​លោក ដាំ សិទ្ធិ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

សហគមន៍​អន្តរជាតិ​ធ្លាប់​បាន​សម្ដែង​ការព្រួយ​បារម្ភ​ថា ពាក្យ​បណ្ដឹង​របស់​លោក ហោ ណាំហុង ទៅ​លើ​លោក សម រង្ស៊ី និង​លោក ដាំ សិទ្ធិ នឹង​មាន​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​ដំណើរការ​នៃ​ការបោះ​ឆ្នោត​សកល ខែ​កក្កដា ឆ្នាំ​២០០៨​នេះ ៕