លោក ហ៊ុន សែន ឡកឡឺយ​ដាក់​លោក កឹម សុខា ថា​ដើរ​ឃោសនា​បោក​ប្រាស់​ពលរដ្ឋ

ជា​ថ្មី​ម្ដង​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡកឡឺយ​ដាក់​លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស ថា បាន​ដើរ​ឃោសនា​បោក​ប្រាស់​ប្រជាពលរដ្ឋ។

0:00 / 0:00

ក្នុង​សារ​នយោបាយ​ដែល​លោក ហ៊ុន សែន មិន​បាន​និយាយ​ចំ​ឈ្មោះ តែ​គេ​ដឹង​ថា​សំដៅ​លើ​លោក កឹម សុខា នោះ លោក ហ៊ុន សែន បាន​រិះគន់​ថា បក្ស សិទ្ធិ​មនុស្ស បាន​សន្យា​ថា​នឹង​ជូន​ប្រាក់​ខែ​ដល់​មនុស្ស​ចាស់​ជរា ប្រសិន​បក្ស​នេះ​ឈ្នះ​ឆ្នោត។ ការ​សន្យា​បែប​នេះ​ហើយ ដែល​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា ជា​រឿង​មិន​អាច​ធ្វើ​ទៅ​បាន។ ក៏ប៉ុន្តែ លោក កឹម សុខា ឆ្លើយ​ថា លោក​អាច​ធ្វើ​បាន​ដោយ​ងាយ គឺ​គ្រាន់​តែ​បំបាត់​អំពើ​ពុក​រលួយ​តែ​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ទី២៥ ធ្នូ ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ធ្វើ​ជី​កសិកម្ម​នៅ​ខេត្ត​កណ្ដាល ថា មាន​អ្នក​នយោបាយ​ខ្លះ​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា បើ​សិន​ជា​ខ្លួន​ឈ្នះ​ឆ្នោត នឹង​បើក​ប្រាក់​ខែ​ឲ្យ​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់​ពី ៦៥​ឆ្នាំ​ឡើង​ទៅ ក្នុង​១ខែ ៤ម៉ឺន​រៀល​លុយ​ខ្មែរ ឬ​ប្រហែល ១០​ដុល្លារ​អាមេរិក។ លោក ហ៊ុន សែន បាន​និយាយ​ថា ពាក្យ​សន្យា​នោះ​ជា​ពាក្យ​សន្យា​ដែល​មិន​អាច​ធ្វើ​បាន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ខ្ញុំ​ថា​ឱ​ស្រុក​ខ្មែរ​យើង​រលាយ​រហ័ស​ហើយ ឲ្យ​តែ​សន្យា​បែប​នេះ។ ឥឡូវ​យើង​គិត​ស្រុក​ខ្មែរ​យើង មនុស្ស​ចាប់​ពី​អាយុ ៦៥ ឡើង​ទៅ មាន​ប្រហែល ២​លាន​ទៅ ៣​លាន នេះ​ហើយ​ជា​កិច្ច​សន្យា គឺ​ស្រួល​ណាស់ នេះ​ហើយ​ជា​កិច្ច​សន្យា គឺ​ស្រួល​ណាស់។ ហើយ​មាន​អ្នក​ខ្លះ​ថា សុំ ៥​ម៉ឺន ៥​ម៉ឺន​ក៏​បាន។ ៦​ម៉ឺន ៦​ម៉ឺន​ក៏​បាន យី! នែ​អា​ឡើង​រហ័ស​នោះ​ស្រួល​ណាស់​វើយ តែ​ពិបាក​បំផុត ពិបាក​អា​អ្នក​នៅ​ផ្ទះ​ស្បូវ ទៅ​សន្យា​ធ្វើ​ផ្ទះ​ក្បឿង​ឲ្យ​គេ​នោះ។ ហើយ​ខ្លួន​ឯង​ជិះ​កង់​សោះ ទៅ​សន្យា​ថា បើ​ខ្ញុំ​ឈ្នះ​ឲ្យ​ម៉ូតូ កោត​តែ​ទៅ​រួច​ណាស់។ តែ​មាន​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្លះ​និយាយ​ថា អញ​មិន​យក​ទេ​ម៉ឺន​នោះ អញ​យក​សែន​វិញ។ សែន​មាន​ន័យ​ថា ហ៊ុន សែន ពីព្រោះ​អញ​បាន​សុខ​យូរ​ហើយ​ដោយ​សារ សែន នោះ ទៅ​យក​អី​អា​ម៉ឺន​ខ្យល់​នោះ»

លោក ហ៊ុន សែន បាន​និយាយ​ទៀត​ថា ក្នុង​នាម​លោក​ជា​នាយក​រដ្ឋមន្ត្រី​នោះ លោក​ក៏​ចង់​បើក​ប្រាក់​ខែ​ឲ្យ​មនុស្ស​ចាស់​នៅ​កម្ពុជា ដែរ ប៉ុន្តែ​រដ្ឋ​វា​គ្មាន​លុយ ដូច្នេះ​មិន​ដឹង​បាន​ប្រាក់​ពី​ណា​មក​ចែក​ឲ្យ​មនុស្ស​ចាស់​នៅ​កម្ពុជា នោះ៖ «ខ្ញុំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​ច្រើន​ជាង​ហ្នឹង ឲ្យ​ដល់​សែនៗ​នោះ តែ​វា​អត់​មាន​លុយ ធ្វើ​ម៉េច? វា​មិន​មែន​ជា​រឿង​លេង​ឯ​ណា? តែ​អា​នេះ​ វា​ជា​សិទ្ធិ​របស់​គេ​ទេ។ ប៉ុន្តែ​ទម្លាប់​ស្រុក​ខ្មែរ​យើង​វា​តែ​ប៉ុណ្ណឹង​ទៅ​ហើយ មិន​ទាន់​ដល់​រដូវ​ឃោសនា​ផង ឃោសនា​បាត់​ទៅ​ហើយ»

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​ឆ្លើយ​តប​ចំពោះ​មតិ​លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត ខណ្ឌ​នានា លោក​តែង​តែ​លើក​ឡើង​ថា សុំ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស សិទ្ធិ​មនុស្ស ហើយ​បើ​សិន​ជា​គណបក្ស សិទ្ធិ​មនុស្ស ឈ្នះ​ឆ្នោត នឹង​រៀបចំ​ឲ្យ​មាន​ថវិកា​ជាតិ​ជួយ​ទ្រទ្រង់​មនុស្ស​ចាស់​ចាប់​ពី​អាយុ ៦៥​ឆ្នាំ​ឡើង​ទៅ ក្នុង​១ខែ ៤​ម៉ឺន​រៀល​លុយ​ខ្មែរ ឬ​ប្រហែល ១០​ដុល្លារ​អាមេរិក។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ លោក កឹម សុខា សមាជិក​សភា និង​ជា​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ពី​ប្រទេស​បារាំង ឲ្យ​ដឹង​ថា ការ​ជួយ​ផ្គត់ផ្គង់​មនុស្ស​ចាស់ ជា​គោល​នយោបាយ​គណបក្ស​លោក ហើយ​លុយ​ជួយ​ទាំង​នោះ​បាន​មក​ពី​ថវិកា​ជាតិ៖ «យើង​ឃើញ​គ្រាន់​តែ​ថវិកា​បាន​មក​ពី​វិស័យ​ទេសចរណ៍​នោះ គឺ​មាន​ទេសចរ ៣​លាន​នាក់ បាន​ចំណូល​ប្រហែល ១២០​លាន​ដុល្លារ ហើយ​យើង​នៅ​លុយ​បំបាត់​អំពើ​ពុក​រលួយ ហើយ​លុយ​ចូល​ពី​វិស័យ​ផ្សេងៗ​ទៀត​ជាច្រើន​ទៀត។ ហើយ​យើង​ខ្ញុំ​ហ៊ាន​សន្យា យើង​ធ្វើ​បាន ហើយ​បើ​យើង​ខ្ញុំ​ធ្វើ​មិន​បាន គឺ​ចុះ​ចេញ​ពី​តំណែង​ភ្លាម​តែ​ម្តង»

លោក កឹម សុខា បន្ថែម​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ទាក់​ទង​ការ​ជួយ​មនុស្ស​ចាស់​នេះ ដោយ​សារ​លោក ហ៊ុន សែន មាន​ការ​ព្រួយ​បារម្ភ​ថា ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ដែល​លោក កឹម សុខា ដឹក​នាំ ហើយ​ម៉្យាង​ទៀត ដោយ​សារ​លោក ហ៊ុន សែន កាន់​អំណាច​ជា​យូរ​មក​ហើយ តែ​មិន​ដែល​បាន​គិតគូរ​ជួយ​មនុស្ស​ចាស់​សោះ។

លោក កឹម សុខា៖ «ពីព្រោះ​អី​ដែល​បាន​សន្យា គឺ​ខ្ញុំ​បាន​ធ្វើ។ ហើយ​អី​ដែល​គាត់​សន្យា គាត់​អត់​បាន​ធ្វើ​ច្រើន​ណាស់។ អីចឹង​ហើយ​បាន​ជា​គាត់​ភ័យ​ខ្លាច​ប្រជាពលរដ្ឋ​ងាក​មក​គាំទ្រ​គោល​នយោបាយ​នេះ។ ហើយ​គោល​នយោបាយ​នេះ ប្រទេស​ជាច្រើន​លើ​ពិភពលោក គេ​បាន​ធ្វើ​ច្រើន​ណាស់។ ក្នុង​នាម​រដ្ឋាភិបាល​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ។ បើ​គាត់​ចង់​ធ្វើ គាត់​ធ្វើ​បាន​ច្រើន​យ៉ាង​ណាស់។ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា គាត់​ទុក​លុយ​ឲ្យ​ពុក​រលួយ ខ្ជះខ្ជាយ​អត់​ប្រយោជន៍​ជាច្រើន។ មាន​បញ្ហា​ធំៗ​ជាច្រើន​ដែល​គាត់​ធ្វើ​មិន​បាន»

ការ​មាន​មតិ​រិះគន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លើ​លោក កឹម សុខា អំពី​កម្មវិធី​នយោបាយ​នានា​ក្នុង​ពេល​នេះ ដោយ​សារ​ការ​បោះ​ឆ្នោត​រើស​សមាជិក​រដ្ឋសភា​អាណត្តិ​ទី៥ នៅ​ថ្ងៃ​ទី២៨ កក្កដា កាន់​តែ​ឈាន​ជិត​មក​ដល់​ហើយ។ បច្ចុប្បន្ន​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី មិន​ទាន់​អាច​ចូល​មក​ក្នុង​ប្រទេស​បាន និង​ត្រូវ​អាជ្ញាធរ​លុប​ឈ្មោះ​ចេញ​មិន​ឲ្យ​មាន​សិទ្ធិ​បោះ​ឆ្នោត​ឡើយ ដូច្នេះ​នៅ​សល់​តែ​លោក កឹម សុខា ជា​បេក្ខជន​ម្នាក់​គត់​ដែល​មាន​សក្ដានុពល​អាច​ប្រជែង​តំណែង​នាយក​រដ្ឋមន្ត្រី​ជាមួយ​លោក ហ៊ុន សែន បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។