ប៉ុន្តែផ្ទុយទៅវិញ ចំនួនប្រជាពលរដ្ឋមានការកើនឡើងរហូតដល់ ២៤% នៅក្នុងមួយឆ្នាំ ករណីនេះហើយទើបបង្កឲ្យមានការលំបាកក្នុងការផ្គត់ផ្គង់អគ្គិសនីដល់ទីក្រុង ធ្វើឲ្យម្ដងមានម្ដងអត់នោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញថា ការរីកដុះដាលនៃសេដ្ឋកិច្ច ដោយមានអ្នកវិនិយោគ និងសាងសង់អគារខ្ពស់ៗជាច្រើនជាន់ រួមទាំងផ្ទះល្វែងជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ បានជំរុញឲ្យជួបវិបត្តិកង្វះអគ្គិសនីប្រើប្រាស់មិនគ្រប់តម្រូវការ។
លោក ហ៊ុន សែន ថ្លែងនៅថ្ងៃទី២៧ ធ្នូ ក្នុងពិធីសម្ពាធដាក់ឲ្យដំណើរការរោងចក្រផលិតស្ករសរបស់ក្រុមហ៊ុនភ្នំពេញ សូហ្គើរ របស់លោក លី យ៉ុងផាត់ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ថា មូលហេតុដែលខ្វះអគ្គិសនីប្រើប្រាស់នៅរាជធានីភ្នំពេញ គឺដោយសារតែការវាយតម្លៃរបស់អ្នកជំនាញបរទេស និងស្ថាប័នធំៗមួយចំនួន ដែលទស្សន៍ទាយថា កំណើនប្រជាពលរដ្ឋអាចនឹងកើនឡើងត្រឹម ១២% ប៉ុន្តែកំណើននេះ បានកើនដល់ ២៤%។ ដូច្នេះហើយទើបធ្វើឱ្យមានការខ្វះខាតក្នុងការផ្គត់ផ្គង់អគ្គិសនី។
លោកថា បច្ចុប្បន្ននេះក្នុងរាជធានីភ្នំពេញ កំពុងខ្វះអគ្គិសនីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់ជាង៥០មេហ្គាវ៉ាត់៖ «មូលហេតុនេះ ប្រហែលជាយើងមានកំហុសមួយចំនួនពីការវាយតម្លៃ រាប់ទាំងជំនាញធំៗលើពិភពលោក ដែលមករួមជាមួយយើង ក្នុងការវាយតម្លៃអំពីសេចក្ដីត្រូវការអគ្គិសនីនៅទីក្រុងភ្នំពេញ ទាំងធនាគារពិភពលោក ទាំងពួកឯកទេសធំៗនោះ គេថាអគ្គិសនីនៅភ្នំពេញ កំណើនត្រឹមតែ ១២% តែប៉ុណ្ណោះក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែលើការជាក់ស្ដែង កំណើនអគ្គិសនីនៅទីក្រុងភ្នំពេញ កើនដល់ទៅ ២៤% គឺកើនទ្វេដង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអគ្គិសនីកម្ពុជា និងមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដើម្បីបំភ្លឺបន្ថែមចំពោះកង្វះការផ្គត់ផ្គង់អគ្គិសនីនៅភ្នំពេញ បានទេ នៅថ្ងៃទី២៧ ធ្នូ។
ទោះជាយ៉ាងនេះក្ដី ការខ្វះខាតអគ្គិសនីប្រើប្រាស់ក្នុងរាជធានីភ្នំពេញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នៅមានកម្រិតតិចតួចប៉ុណ្ណោះ ពីព្រោះតម្រូវការនៃការប្រើប្រាស់មានចំនួន ៤៥៦មេហ្គាវ៉ាត់ ខណៈដែលការផ្គត់ផ្គង់បច្ចុប្បន្នមានត្រឹម ៤០០មេហ្គាវ៉ាត់។
លោកថា រដ្ឋាភិបាលនឹងព្យាយាមដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស៖ «ឥឡូវហ្នឹង បើសិនរកកន្លែងណាបានទៀត គួរតែត្រូវបានខិតខំដើម្បីបំពេញតម្រូវការឲ្យអ្នកទីក្រុងភ្នំពេញ ព្រោះឥឡូវ កន្លែងខ្លះពេលខ្លះត្រូវកាត់កន្លែងនេះ ពេលខ្លះត្រូវកាត់កន្លែងនោះ ប៉ុន្តែកន្លែងខ្លះ គឺកាត់អត់បានតែម្ដង។ ប៉ុន្តែចាប់ពីឆ្នាំក្រោយ ក្នុងអំឡុងខែ៥ ខែ៦ ជាពិសេសជំរុញអាធ្យូងថ្មមកនៅក្រុងព្រះសីហនុ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។
កាលពីពេលថ្មីៗនេះ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងថា ដើម្បីដោះស្រាយបញ្ហាខ្វះអគ្គិសនីនេះ រដ្ឋាភិបាលបានខិតខំសាងសង់រោងចក្រអគ្គិសនីមួយចំនួន ដូចជារោងចក្រធ្យូងថ្ម ចំនួន២ នៅខេត្តព្រះសីហនុ វារីអគ្គិសនីខេត្តកោះកុង និងពោធិ៍សាត់ ចំនួន៣ ព្រមទាំងកំពុងសាងសង់ប្រព័ន្ធបញ្ជូនតង់ស្យុងខ្ពស់ ដែលតភ្ជាប់ពីប្រភពទាំងនោះមករាជធានីភ្នំពេញ ទីក្រុង និងទីប្រជុំជននានាទូទាំងប្រទេស។ គម្រោងសាងសង់ទាំងនេះ គ្រោងដំណើរការជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៣ តទៅ ដែលអគ្គិសនីកម្ពុជា ជឿជាក់ថា ស្ថានភាពផ្គត់ផ្គង់នឹងមានភាពធូរស្រាល ដែលមានប្រសិទ្ធភាព និងស្ថិរភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
