នាយក​រដ្ឋមន្ត្រី​ចំអក​បក្ស​ប្រឆាំង​ដែល​ស្នើ​ឲ្យ​ដក​តំណែង​លោក ចម ប្រសិទ្ធ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំអក​ទៅ​ក្រុម​មន្ត្រី​បក្ស សម រង្ស៊ី ដែល​ស្នើសុំ​ឲ្យ​ដក​តំណែង​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ថា​នោះ​គ្រាន់​តែ​ជា​ទំនោរ​នៃ​បរិបទ​នយោបាយ និង​ជា​ទម្លាប់​របស់​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។

0:00 / 0:00

ក៏ប៉ុន្តែ មន្ត្រី​បក្ស សម រង្ស៊ី អះអាង​ថា អ្វី​ដែល​បក្ស​ជំទាស់​ស្នើសុំ​ឲ្យ​លោក ហ៊ុន សែន ពិចារណា​ដក​លោក ចម ប្រសិទ្ធ នេះ ព្រោះ​លោក ចម ប្រសិទ្ធ ពុំ​មាន​សមត្ថភាព​រក​ទីផ្សារ​ឲ្យ​កសិករ​ខ្មែរ​មែន។

លោក ហ៊ុន សែន ហៅ​ការ​ស្នើ​របស់​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ចុង​សប្ដាហ៍​មុន ឲ្យ​លោក​ពិចារណា​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ ដែល​បក្ស​ជំទាស់​រក​ឃើញ​ថា​អសមត្ថភាព​ក្នុង​ការ​កៀងគរ​រក​ទីផ្សារ​ឲ្យ​ពលរដ្ឋ​កម្ពុជា ថា​ធ្វើ​ឡើង​ក្នុង​ន័យ​ប្រជាប្រិយភាព​បក្ស​ខ្លួន​ប៉ុណ្ណោះ។

ប្រមុខ​រដ្ឋាភិបាល​ចាត់​ទុក​ការ​ស្នើ​របស់​ក្រុម​មន្ត្រី​បក្ស សម រង្ស៊ី នៅ​ពេល​នេះ​ថា​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ។ លោក ហ៊ុន សែន ចំអក​ឡកឡឺយ​ចំពោះ​ឲ្យ​ដក​លោក ចម ប្រសិទ្ធ នេះ​ថា​ជា​ការ​ទាម​ទារ​ហាក់​ដើរ​បញ្ច្រាស​ទិស​ទៅ​នឹង​តម្លៃ​ទីផ្សារ​ដែល​កំពុង​ឡើង​ចុះ។ លោក​គិត​ថា អ្វី​ដែល​កម្ពុជា ពុំ​អាច​ស្វែង​រក​ទីផ្សារ​សម្រាប់​នាំ​ទំនិញ​ចេញ​បាន​សម្រាប់​កសិករ​នោះ ក៏​ព្រោះ​តែ​ចរន្ត​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​មាន​ការ​ប្រែប្រួល ដែល​ពុំ​មែន​ជា​កំហុស​របស់​មន្ត្រី​ទទួល​បន្ទុក​នោះ​ទេ។

លោក ហ៊ុន សែន៖ «បើ​សិន​ជា​ប្រជាពលរដ្ឋ​មិន​យល់​ទេ ប្រជាពលរដ្ឋ​អាច​ថា​ទេ អា​គាត់​នេះ​និយាយ​ត្រូវ ប៉ុន្តែ​កុំ​ភ្លេច​អា​គាត់​ដដែល​ហ្នឹង មុខ​ដដែល​ហ្នឹង ចូល​ក្នុង​ផ្សារ វា​ទៅ​ឃោសនា​ជាមួយ​អ្នក​ផ្សារ​ដែល​អត់​ផលិត អ្នក​ទីក្រុង អ្នក​ទីប្រជុំ​ជន​ដែល​អត់​ផលិត​ស្រូវ​នោះ។ វា​ថា អង្ករ​ថ្លៃ​ណាស់​ដាច់​ពោះ​ងាប់​អស់​ហើយ ដល់​ទៅ​ពេល​ទៅ​ដល់​កន្លែង​ធ្វើ​ស្រែ វា​ថា​ស្រូវ​ថោក​ណាស់ មិន​រួច​ថ្លៃ​ពលកម្ម មិន​រួច​ថ្លៃ​ជី មិន​រួច​ថ្លៃ​ស្អី​ទេ​បងប្អូន​អើយ មើល​រដ្ឋាភិបាល​អសមត្ថភាព»

ក្នុង​ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ ក្នុង​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី១៦ មករា ការ​អត្ថាធិប្បាយ​របស់​លោក ហ៊ុន សែន ដែល​ពុំ​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​មន្ត្រី​គណបក្ស សម រង្ស៊ី ក្នុង​ការ​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​មុខ​តំណែង​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​១​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​មន្ត្រី​បក្ស​ជំទាស់​រក​ឃើញ​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ពុំ​មាន​សមត្ថភាព​រក​ទីផ្សារ​លក់​កសិផល​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន។

លោក ជា ប៉ូច អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង នៃ​គណបក្ស សម រង្ស៊ី និង​ជា​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពត ចាត់​ទុក​ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា គឺ​ជា​ផ្នែក​មួយ​ដែល​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​កង្វះ​ទីផ្សារ​ដ៏​ពិត​ប្រាក​សម្រាប់​កសិផល​របស់​ខ្មែរ​នោះ​ទេ។ លោក ជា ប៉ូច បន្ត​ថា ទោះ​ជា​បែប​ណា ជំហរ​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​មុខ​តំណែង។

លោក ជា ប៉ូច៖ «ខ្ញុំ​នៅ​ទទូច​សុំ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​ពិចារណា​ដក​លោក ចម ប្រសិទ្ធ ដោយ​សារ​លោក ចម ប្រសិទ្ធ លោក​អត់​មាន​សមត្ថភាព​រក​ទីផ្សារ​ឲ្យ​ប្រជាពលរដ្ឋ​បាន។ ដូច្នេះ បើ​លោក​នាយក​រដ្ឋមន្ត្រី​យល់​ឃើញ​ថា​លោក ចម ប្រសិទ្ធ ល្អ លោក​នាយក​រដ្ឋមន្ត្រី​ទុក​ត​ទៅ​ទៀត​ទៅ។ ខ្ញុំ​គ្រាន់​តែ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ពិចារណា​ក្នុង​ការ​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង ពីព្រោះ​លោក ចម ប្រសិទ្ធ អត់​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ទេ»

លោក កែម ឡី អ្នក​វិភាគ​សង្គម គិត​ថា ការ​ខ្វះ​ទីផ្សារ​នាំ​ចេញ​កសិផល ពុំ​មែន​ជា​កំហុស​កើត​ចេញ​ពី​ចរន្ត​សេដ្ឋកិច្ច​ក្នុង​តំបន់ ឬ​ពិភពលោក​នោះ​ទេ។ លោក​បន្ត​ថា ក៏ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​កម្ពុជា តូច​ចង្អៀត គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ដែល​ពុំ​បាន​ធានា​ដល់​ការ​ផលិត​ក្នុង​ស្រុក តែ​ផ្ដល់​ការ​វិនិយោគ​ខ្ពស់​ពី​ប្រទេស​ជិត​ខាង។

លោក កែម ឡី៖ «មិន​មែន​ជា​កំហុស​ដោយ​ចរន្ត​ទេ ប៉ុន្តែ​គេ​មាន​ច្បាប់។ នៅ​ថៃ ទោះ​បី​ជា​យើង​មិន​ទាន់​ចូល​អាស៊ាន​ក៏ដោយ ផលិត​ផល​ណា​ដែល​ប្រជាជន​ថៃ ធ្វើ​បាន គឺ​រឹតត្បិត​ក្នុង​ការ​នាំ​ចូល​តែ​ម្ដង។ អ៊ីចឹង ផលិត​ផល​ក្នុង​ស្រុក​មាន​ទីផ្សារ​ប្រើប្រាស់​ក្នុង​ស្រុក​បាន​មែន​ទេ ហើយ​បើ​យើងៗ​ហូរ​មក​ដូច​ទឹក ដោយ​សារ​យើង​មាន​អំពើ​ពុក​រលួយ​ផង ដោយ​សារ​តែ​យើង​មិន​មាន​ច្បាប់​តឹងរ៉ឹង​ផង អ៊ីចឹង​វា​ហូរ​មក​ពី​វៀតណាម។ ដល់​ពេល​ហូរ​មក​ពី​វៀតណាម ខ្មែរ​យើង​លក់​អត់​បាន ហើយ​ខាត។ អ៊ីចឹង គាត់​សម្រេច​ចិត្ត​លក់​ស្រែ​ដើម្បី​ធ្វើ​ចំណាក​ស្រុក»

យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន ព្រមាន​ថា បើ​បក្ស​ជំទាស់​គ្រប់គ្រង​ប្រទេស​នោះ កម្ពុជា អាច​នឹង​មាន​សង្គ្រាម​ជាមួយ​ប្រទេស​នាំ​ចេញ​មួយ​ចំនួន ដោយ​រួម​ទាំង​ប្រទេស​វៀតណាម ជាដើម។ លោក ហ៊ុន សែន ចាត់​ទុក​ថា ព្រោះ​ប្រទេស​ទាំង​នេះ គឺ​ជា​សត្រូវ​របស់​បក្ស​ប្រឆាំង។ ក៏ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ខ្លួន​នឹង​មិន​យក​ប្រទេស​ណា​ជា​សត្រូវ​នោះ​ទេ តែ​បញ្ជាក់​ថា ខ្លួន​អាច​ធានា​បង្កើត​ឲ្យ​មាន​ទីផ្សារ​សម្រាប់​ពលរដ្ឋ​កម្ពុជា បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។