ហ៊ុន សែន នឹង​ចុះ​ចេញ​ពី​តំណែង​ដោយ​សន្តិវិធី​បើ​បក្ស​ប្រជាជន​ចាញ់

2008-06-23

៣​ថ្ងៃ​មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​នៅ​ឯ​ខេត្ត​ពោធិ៍សាត់​ថា លោក​នឹង​ចុះចេញ​ពី​តំណែង​ព្រមទាំង​ធ្វើ​ពិធី​ប្រគល់​និង​ផ្ទេរ​ត្រា​ជូន​រដ្ឋមន្រ្តី​ថ្មី​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ដោយ​សន្តិវិធី ប្រសិនបើ​គណបក្ស​ប្រជាជន​ចាញ់​ឆ្នោត នៅ​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០០៨ ខាង​មុខ​នេះ ។

AFP Photo

នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​យ៉ាង​ដូច្នេះ​នៅ​ឯ​វិធី​សម្ពោធ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ស្ពាន​ថ្ម​សំពៅមាស និង​ផ្សារ​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ក្នុង​ទីរួមខេត្ត​ពោធិ៍សាត់ ។

លោក​នាយក​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា ៖ «អ្នក​ឯង​ឈ្នះ អ្នក​ឯង​យក​ទាំងអស់​ចុះ ខ្ញុំ​ដើរ​ចេញ អា​ហ្នឹង​អ៊ីចឹង​តែម្ដង ហើយ​យើង​ទាំងអស់​គ្នា ត្រៀម​ដើរ​ចេញ​តែម្ដង ត្រៀម​ដើរ​ចេញ ។ អត់​ទេ ហ៊្វុនស៊ិចប៉ិច ខ្ញុំ​មិន​ថា​ទេ ហ៊្វុនស៊ិនប៉ិច​ចង់​ទៅ​រួម​ជាមួយ​អ្នក​ណា​ដទៃ​ទៀត ទៅ​ចុះ ព្រោះ​អា​នេះ​សិទ្ធិ​របស់​ហ៊្វុនស៊ិនប៉ិច តែ​មន្រ្តី​គណបក្ស​ប្រជាជន​ទាំងអស់​ត្រៀម​ដើរ​ចេញ ។ ហើយ​យើង​ត្រៀម​ប្រកាស​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​យើង​ទៀត ។ កាតព្វកិច្ច​ដែល​នៅ​សេស​សល់​របស់​ខ្ញុំ​ព្រះករុណា​ខ្ញុំ និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត គឺ​រៀបចំ​រក្សា​ស្ថិរភាព​ឲ្យ​បាន​ល្អ និង​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ទៅ​ឲ្យ​បក្ស​ដែល​ឈ្នះ​ឆ្នោត ព្រោះ​មិនមែន​ឈ្នះ​ថ្ងៃ​ហ្នឹង ស្អែក​ឡើង​ចូល​គណៈ​រដ្ឋមន្រ្តី មិន​អាច​ធ្វើ​ទៅ​រួច​ទេ ។ សភា​ប្រជុំ​យ៉ាង​យូរ​ជិត​៦០​ថ្ងៃ ក្រោយ​ការបោះឆ្នោត អ៊ីចឹង​អាច​ថា​៤០​ថ្ងៃ បន្ទាប់ពី​ការបោះឆ្នោត ៤០ ឬ ៣៥​ថ្ងៃ សភា​ប្រជុំ ប្រជុំ​ហើយ បង្កើត​រាជរដ្ឋាភិបាល បង្កើត​រាជរដ្ឋាភិបាល​ហើយ ទើប​ស្បថ​ចូល​កាន់​តំណែង ទើប​រាជរដ្ឋាភិបាល​ចាស់​អស់​សុពលភាព ។ ហើយ​ពេល​នោះ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​នឹង​ទៅ​កាន់​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី ចុះ​ហត្ថលេខា​ប្រគល់ ហើយ​បញ្ជា​ឲ្យ​រដ្ឋមន្រ្តី​នានា​ក្នុង​រាជរដ្ឋាភិបាល ធ្វើ​ពិធី​ប្រគល់​ត្រា​និង​អ្វីៗ​ទាំងឡាយ​ជូន​រដ្ឋមន្រ្តី​ដែល​ឈ្នះ​ឆ្នោត​ថ្មី»

ថ្លែង​ក្នុង​ឱកាស​នេះ​ដែរ​លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ទៀត អំពី​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​សម្ព័ន្ធភាព​តែ​មួយ​គត់​ក្នុង​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ករណី​ដែល​គណបក្ស​នេះ​ឈ្នះ​ឆ្នោត គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បើ​ទោះបី​ជា​គណបក្ស​នេះ​ទទួល​បាន​ប៉ុន្មាន​អាសនៈ​ក្នុង​សភា​ក៏ដោយ​ចុះ ។

លោក​នាយក​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា ៖ «ហើយ​បើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​កៅអី គឺ​គណបក្ស​ប្រជាជន​ធ្វើ​តែជាមួយ​នឹង​ហ៊្វុនស៊ិនប៉ិច​តែ​ប៉ុណ្ណោះ»

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ធ្វើការ​អំពាវនាវ​ចំពោះ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់ ឲ្យ​មាន​ការអត់ធ្មត់​ដល់​កម្រិត​ខ្ពស់​បំផុត ប្រសិនបើ​មាន​ការឃោសនា​វាយ​ប្រហារ​ពី​គណបក្ស​ដទៃ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ។

ក្នុង​ឱកាស​នេះ​ដែរ​លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​បន្ទាប់ពី​ថ្ងៃ​នេះ​ទៅ គឺ​លោក​នឹង​មិន​មាន​ប្រសាសន៍​ឬ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​ទៀត​ឡើយ ។

ប្រធាន​ផ្នែក​អង្កេត​អង្គការ​ខុមហ្រ្វែល គឺ​លោក ម៉ា សុផល មាន​ប្រសាសន៍​ថា​ពុំ​មាន​ច្បាប់​ណា​មួយ​ហាម​ឃាត់​នោះ​ទេ តែ​នេះ​ជា​ទម្លាប់​ដែល​លោក​នាយក​រដ្ឋមន្រ្តី​តែងតែ​ធ្វើ​នៅ​រៀងរាល់​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ម្ដងៗ​ប៉ុណ្ណោះ ៕

អត្ថបទ​ដែល​ទាក់ទង

នាយក​រដ្ឋមន្ត្រី​ថៃ​ប្រឈម​មុខ​នឹង​ការទាមទារ​ឲ្យ​ចុះចេញ​ពី​តំណែង

នាយក​រដ្ឋមន្ត្រី​ថៃ​នឹង​មិន​លាលែង​ពី​តំណែង​តាម​ការទាមទារ​របស់​ក្រុម​អ្នក​តវ៉ា

ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ​កាន់តែ​តានតឹង

ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​ប្រទេស​ថៃ​ឈាន​ដល់​សភាព​ធ្ងន់ធ្ងរ

បក្ស​ប្រឆាំង៖ ការបញ្ចប់​ថ្ងៃ​តវ៉ា​ពី​ការបោះ​ឆ្នោត​ជា​ការបង្ហាញ​នូវ​ភាព​អយុត្តិធម៌

បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិមនុស្ស​សរសេរ​លិខិត​ទៅ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី

ចលនា​ខ្មែរ​ម្ចាស់​ស្រុក​នឹង​ធ្វើ​សន្និបាត​លើក​ទី​២​នៅ​ថ្ងៃ​៣០ សីហា នៅ​អាមេរិក

គណៈកម្មការ​ជំនាញ​ទាំង​៩​របស់​រដ្ឋសភា​ថ្មី​នឹង​ត្រូវ​កាន់កាប់​ដោយ​បក្ស​ប្រជាជន

សម រង្ស៊ី ចោទ​ថា រដ្ឋាភិបាល​ហ៊ុន សែន មិន​គោរព​ច្បាប់, ជាម យៀប បដិសេធ

ព្រះរាជ​តម្រិះ​របស់​អតីត​ព្រះ​មហាក្សត្រ​ជុំវិញ​បញ្ហា​រាជវង្សានុវង្ស​និង​នយោបាយ