លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធរោងចក្រផលិតប្រេងឥន្ធនៈអេតាណុល ដែលសិ្ថតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកពញាឮ ខេត្តកណ្តាលនោះ ថា សមាជិកគណបក្សប្រឆាំងមិនមានតំណែងជាប្រធានគណៈកម្មការឬជាអនុប្រធានសភានោះទេ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «រឿងចូលប្រជុំ ហើយអ្នកខ្លះថាខ្ញុំបោកឲ្យគេចូលប្រជុំខ្ញុំអត់បានបោកអ្នកឯងទេ។ ខ្ញុំអត់បាននិយាយជាមួយអ្នកឯងទេ អ្នកឯងនិយាយជាមួយនឹងឧកញ៉ា គិត ម៉េង ទេ។ អ្នកឯងគ្រាន់តែចង់យកថា កុំឲ្យបាក់មុខបាក់មាត់ពេក សុំឲ្យខ្ញុំនិយាយពាក្យមួយម៉ាត់ គឺទទួលស្គាល់តួនាទីបក្សប្រឆាំងតែមួយម៉ាត់ទេ ហើយមួយម៉ាត់អ្នកឯងកែដល់ទៅ២៦មាត្រាក្នុងចំណោម៨២មាត្រា ហើយសុទ្ធតែអាចំណុចខ្លាញ់ ហើយគិតថាមិនចង់បានអីទេ»។
កាលពីចុងខែកញ្ញា ឆ្នាំ២០០៨កន្លងមកនេះ គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សបានប្រកាសជំហរថា ខ្លួនមិនចូលរួមបើកសម័យប្រជុំសភាជាតិអាណត្តិទី៤ នីតិកាលទី១នោះទេ ក៏ប៉ុន្តែនៅថ្ងៃប្រជុំដំបូងគេឃើញមានវត្តមានរបស់សមាជិកគណបក្សសមរង្ស៊ីចូលប្រជុំដែលនាំឲ្យមានការភ្ញាក់ផ្អើលពីមជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយខ្មែរ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កាលណោះលោកមិនបានសុំឲ្យគណបក្សប្រឆាំងចូលរួមប្រជុំនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «គេ៩០នាក់ បូកហ៊្វុនស៊ិនប៉ិច ២ បូករណឫទ្ធិ ២ វាគ្រប់ណាស់ទៅហើយ គេមានចាំបាច់កំណត់ថាប៉ុន្មានឯណា? គេកំណត់ថា កោះប្រជុំដំបូងក្រោមអធិបតីភាពព្រះមហាក្សត្រតើ! អ្នកឯងចូលប្រជុំមិនចូលប្រជុំជារឿងអ្នកឯងតើ! ឥឡូវសូមកុំសង្ឃឹមត្រៀមធ្វើអនុប្រធានសភា ទី១។ ទី២ កុំសង្ឃឹមត្រៀមធ្វើប្រធានគណៈកម្មការនានារបស់សភា។ កុំសង្ឃឹម អត់ឲ្យទេ កាន់តែឈ្លើយកាន់តែមិនឲ្យ»។
មន្ត្រីសំខាន់ៗរបស់គណបក្សសមរង្ស៊ីនៅថ្ងៃនេះមិនអាចទំនាក់ទំនងដើម្បីសុំការបកស្រាយបានទេ រីឯប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា ក៏មិនអាចទំនាក់ទំនងបានដែរ។
ចំណែកឯប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារាយ ដែលឃ្លាំមើលដំណើរការនៃការបោះឆ្នោតនោះបានមានប្រសាសន៍ឲ្យដឹងថា អំណាចសភាខុសពីអំណាចរដ្ឋាភិបាលដោយគេត្រូវគិតចំនួនភាគរយនៃអាសនៈដើម្បីចែកក្នុងគណៈកម្មការនីមួយៗ។
លោក ធន សារាយ បានឲ្យដឹងថា ៖ «ម៉្យាងទៀតគោលការណ៍ប្រជាធិបតេយ្យ គឺគណបក្សប្រឆាំងដែលមានសំឡេងតិចហ្នឹង គឺគួរតែមានសំឡេងនៅក្នុងសភាឲ្យបានច្រើនដើម្បីឲ្យមាន គេហៅថា Check and Balance ពីព្រោះសភាមិនមែនជាអំណាចដែលអនុវត្តទេ គឺជាអំណាចតាក់តែងច្បាប់ ហើយនិងឃ្លាំងមើលអ្នកអនុវត្តហ្នឹងប្រព្រឹត្តត្រូវឬមិនត្រូវយ៉ាងម៉េច។ អ៊ីចឹងគេទុកតំណែង អំណាចខ្លះហ្នឹង ឲ្យខាងគណបក្សប្រឆាំងនៅក្នុងសភាហ្នឹង ឲ្យបានទូលំទូលាយដែរ ដើម្បីឲ្យសភាហ្នឹងអាច Check ទៅលើរដ្ឋាភិបាលបាន»។
លោក ធន សារាយ បានមានប្រសាសន៍ទៀតថា ប្រសិនបើអំណាចរបស់សភាជាច្រើនបានទៅគណបក្សកាន់អំណាចនោះហើយ គឺមិនមានតុល្យភាពអំណាចនៅក្នុងសភានោះឡើយ៕
