មេដឹកនាំ​ខ្មែរ​ស្វាគមន៍​ការឡើង​កាន់​តំណែង​ថ្មី​របស់​នាយក​រដ្ឋមន្ត្រី​ថៃ

ថ្មីៗ​នេះ លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ខ្មែរ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៨​នេះ ផ្ញើ​ទៅ​កាន់​លោក ស៊ុមឆៃ វង្សសុវត្ថិ អបអរ​សាទរ​ចំពោះ​ការឡើង​កាន់​តំណែង​ថ្មី​របស់​លោក​ក្នុង​នាម​ជា​នាយ​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ប្រទេស​ថៃ។

កាសែត The Nation ផ្សាយ​ឲ្យ​ដឹង​បន្ថែម​ថា លោក ហ៊ុន សែន បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា​មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា នាយ​រដ្ឋមន្ត្រី​ថៃ​ថ្មី​នោះ​អាច​មាន​លទ្ធភាព​ដោះស្រាយ​ទំនាក់​ទំនង​ជូរ​ចត់​រវាង​ថៃ​និង​ខ្មែរ​នា​ពេល​បច្ចុប្បន្ន និង​អាច​បញ្ចប់​បញ្ហា​ទំនាស់​វិបត្តិ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​ថៃ​ប្រកប​ដោយ​សន្តិវិធី។

លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មាន​បំណង​ចង់​ធ្វើ​កិច្ច​សហការ​ជាមួយ​ភាគី​ប្រទេស​ថៃ​ក្នុង​ទំនាក់​ទំនង​ល្អ និង​ដើម្បី​ទទួល​បាន​នូវ​ប្រយោជន៍​រួម​គ្នា​ទៅ​វិញ​ទៅ​មក។

សូម​រំឮក​ជូន​ថា លោក ស៊ុមឆៃ វង្សសុវត្ថិ ទើប​ត្រូវ​បាន​សភា​ជាតិ​ថៃ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឲ្យ​ឡើង​កាន់​តំណែង​ជា​នាយ​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០០៨​នេះ ជំនួស​លោក សាម៉ាក់ ស៊ុនថរ៉ៈវេត៕