លោក ប៉ាង ងួនទៀង នាយករបស់វិទ្យុសំឡេងប្រជាធិបតេយ្យបានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា ការកាត់ផ្តាច់ជំនួយថវិការបស់អង្គការ IRI ចំពោះ VOD របស់លោក នឹងពុំមានផលប៉ះពាល់ដល់ដំណើរការនៃការលើកស្ទួយលិទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជានោះទេ លុះត្រាតែ VOD បញ្ឈប់សកម្មភាពតែម្តង ។
លោក ប៉ាង ងួនទៀង បានឲ្យដឹងថា ៖ «IRI គេបញ្ចប់ Fund ជាមួយ VOD ហ្នឹង មិនមែនដោយសារបញ្ហាអីទេ ប៉ុន្តែដោយសារគាត់អស់លុយដែរ ។ យើងនៅមានវិធីផ្សេងទៀតដើម្បីបង្កើនសកម្មភាព VOD ។ ប្រភព Fund យើងនៅមាន Fund ផ្សេងៗទៀតយើងកំពុងតែដំណើរការ ។ បញ្ហារឿងកាត់ Fund ឬមិនកាត់នោះ វាមិនប៉ះពាល់ទៅដល់ប្រជាធិបតេយ្យទេ អាស្រ័យថាតើយើងមានសកម្មភាពឬក៏អត់» ។
លោកបានមានប្រសាសន៍ថា វិទ្យុសំឡេងប្រជាធិតេយ្យបានចាប់ផ្តើមដំណើរការផ្សាយក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៣កន្លងមក ដែលបានទទួលប្រាក់ឧបត្ថម្ភចំនួន៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំៗពីអង្គការ IRI ហើយ VOD បច្ចុប្បន្នមានបុគ្គលិកសរុបចំនួន៣៤នាក់ ។
លោកបានបញ្ជាក់ថា VOD បានជួលម៉ោងផ្សាយរយៈពេល២ម៉ោងជារៀងរាល់ថៃ្ងនៅលើរលកធាតុអាកាស FM នៃវិទ្យុក្នុងស្រុកចំនួន៥ រាប់ទាំងវិទ្យុ FM 105 ឬវិទ្យុសំបុកឃ្មុំផងដែរ ។
មន្ត្រីមួយរូបរបស់អង្គការ IRI ប្រចាំក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា លោកសុំមិនធ្វើអត្ថាធិប្បាយចំពោះការផ្ដាច់ជំនួយហិរញ្ញវត្ថុចំពោះ VOD នោះទេ ។
លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «វិទ្យុ VOD តាំងពីបង្កើតរហូតមកដល់ពេលហ្នឹងគឺបានផ្ដល់នូវព័ត៌មាននិងចំណេះដឹងជាច្រើនឲ្យប្រជាពលរដ្ឋកម្ពុជា ។ ឥឡូវបើសិនជាវិទ្យុមិនអាចដំណើរការបានដោយសារការបញ្ឈប់ផ្តល់ថវិកាពី IRI អាហ្នឹងវាជារឿងមួយគួរឲ្យសោកស្ដាយ ។ ខ្ញុំក៏គិតថាថ្នាក់ដឹកនាំវិទ្យុគួរតែស្វែងរកនូវប្រភពហិរញ្ញវត្ថុណាផ្សេងទៀត ដើម្បីគាំទ្រប្រតិបត្តិការសកម្មភាពរបស់ខ្លួន» ។
ផែ្អកតាមប្រភពនានាបានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាមានស្ថានីយ៍ទូរទស្សន៍សរុបចំនួន៩ និងស្ថានីយវិទ្យុ FM ចំនួនប្រមាណ១៤ ប៉ុនែ្តគេសង្កេតឃើញថា ស្ថានីយវិទ្យុនិងទូរទស្សន៍ភាគច្រើនមានភាពលម្អៀងគាំទ្ររដ្ឋាភិបាលនិងគណបក្សកាន់អំណាច ៕
