ការសន្យានេះបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក ណាកាសូណេ ហ៊ីរ៉ូហ្វូមី (Nakasone Hirofumi) រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននៅកម្ពុជា។
លោក អៀង សុផល្លែត អ្នកនាំពាក្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គម្រោងផ្តល់ថវិកានេះរដ្ឋាភិបាលជប៉ុនបានស្នើទៅដល់រដ្ឋសភាដើម្បីធ្វើការអនុម័តហើយ។
លោក អៀង សុផល្លែត បានមានប្រសាសន៍ថា ៖ «ជាងនោះទៅទៀតលោកក៏បានលើកឡើងពីបញ្ហាកាត់ទោសខ្មែរក្រហម។ លោកបានមានប្រសាសន៍ថា ជប៉ុនបានសម្រេចផ្ដល់ជំនួយបន្ថែមប្រមាណ២១លានដុល្លារទៅដល់អង្គការសហប្រជាជាតិដើម្បីបន្តក្នុងការគាំទ្រនូវការកាត់ទោសខ្មែរក្រហមនេះ ហើយលោកក៏បានមានប្រសាសន៍ថា លោកនិងរាជរដ្ឋាភិបាលជប៉ុនបានគាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាកាត់ទោសខ្មែរក្រហមនេះ។ ឥឡូវហ្នឹងថវិកាប្រមាណ២១លានដុល្លារហ្នឹងគឺពង្រាងដាក់ទៅជូនសភានៅប្រទេសជប៉ុនហើយ មិនទាន់បានសម្រេចទេ ប៉ុន្តែសង្ឃឹមថាសភានឹងសម្រេចថវិកាជំនួយនៅក្នុងពេលឆាប់ៗនេះ»។
លោក អៀង សុផល្លែត បានមានប្រសាសន៍បន្ថែមទៀតថា នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោករដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសជប៉ុននោះ លោកនាយករដ្ឋមន្ត្រីបានសុំឲ្យរដ្ឋាភិបាលជប៉ុនផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជាក្នុងករណីកាត់ទោសខ្មែរក្រហមនេះផងដែរ។
លោក អៀង សុផល្លែត បានបញ្ជាក់ថា ៖ «សម្ដេចក៏បានថ្លែងអំណរគុណជូនរាជរដ្ឋាភិបាលជប៉ុនដែលបានផ្ដល់លុយបន្ថែមប្រមាណ២១លានដុល្លារដើម្បីការកាត់ទោសខ្មែរក្រហមនេះ។ ជាងនោះទៅទៀតសម្ដេចក៏បានស្នើសុំឲ្យជប៉ុនជួយពិចារណាធ្វើយ៉ាងណាអាចជួយកម្ពុជាខាងវិស័យថវិកាសម្រាប់ការកាត់ទោសខ្មែរក្រហមនេះផងដែរចំពោះភាគីកម្ពុជាផ្ទាល់តែម្ដង»។
ក្រៅពីគម្រោងជួយដល់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនោះ រដ្ឋាភិបាលជប៉ុនកំពុងតែសិក្សាប្លង់ដើម្បីសាងសង់ស្ពានអ្នកលឿងនិងផ្លូវជាតិលេខ១ពីចំណុចផ្សារគគីរដល់ស្ពានព្រះមុន្នីវង្ស។
នៅក្នុងជំនួបដោយឡែកមួយទៀតនៅថ្ងៃអាទិត្យនេះដែររវាងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសកម្ពុជា និងលោក ណាកាសូណេ ហ៊ីរ៉ូហ្វូមី រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននោះក៏មានចុះហត្ថលេខាលើលិខិតប្តូរសារជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន២៥៥លានយ៉េនដើម្បីអនុវត្តលើគម្រោងចំនួនពីរគឺគម្រោងត្រួតពិនិត្យជំងឺឆ្លងនិងគម្រោងជួសជុលទ្វារទឹកមេរលាំងជ្រៃ។
នៅក្នុងពិធីនោះដែររដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនក៏បានប្រគល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ដែលមានតម្លៃចំនួន៤៨៤លានយ៉េនដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាផងដែរ៕
