ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​ដើម្បី​បោស​សម្អាត​គ្រាប់​មីន​នៅ​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​​ចំនួន​១,០៩៨លាន​​យេន ដែល​គិត​ជា​ដុល្លារ​គឺ​ប្រហែល​១២​លាន​ដុល្លារ ដើម្បី​អនុវត្ត​កម្មវិធី​សមាហរណកម្ម​បោស​សម្អាត​មីន និង​អភិវឌ្ឍ​សហគមន៍​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​នៅ​កម្ពុជា។

ការ​ផ្តល់​ប្រាក់​ជំនួយ​ឥត​សំណង​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ដោយ​ឈរ​លើ​ទស្សនៈ​ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​កម្ពុជា។

លោក កុយ គួង អនុ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ មាន​ប្រសាសន៍​ថា សារ​លិខិត​ប្តូរ​នៃ​គម្រោង​ជំនួយ​ខាង​លើ នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ហោ ណាំហុង នៅ​ល្ងាច​ថ្ងៃ​ទី​២៥ វិច្ឆិកា នៅ​ឯ​ទី​ស្តីការ​ក្រសួង​ការ​បរទេស ជាមួយ​លោក គូរ៉ូគី ម៉ាសាហ៊្វុមី (Kuroki Masafumi) ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

លោក កុយ គួង មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «នេះ​គឺ​ជា​ជំនួយ​ឥត​សំណង​ដែល​មាន​ទឹក​ប្រាក់​ជាង​១ពាន់​លាន​យេន គិត​ទៅ​ប្រហាក់​ប្រហែល​១២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​គាំទ្រ​កម្មវិធី​បោស​សម្អាត​មីន និង​ជួយ​សង្រ្គោះ​ជន​ពិការ​ដោយសារ​គ្រាប់​មីន។ មាន​ជា​សម្ភារៈ​មួយ​ចំនួន​ទៅ ជា​ពិសេស​បើ​កាល​ណា​និយាយ​បញ្ហា​បោស​សម្អាត​មីន​អ៊ីចឹង អាច​ជា​សម្ភារៈ​ម៉ាស៊ីន​រាវ​មីន​អី​ជាដើម និង​គ្រឿង​យន្ត​មួយ​ចំនួន ហើយ​អាច​សល់​ពី​នោះ អាច​សម្ភារៈ​ផ្នែក​សុខាភិបាល​ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​ជន​ពិការ និង​មួយ​ចំនួន​ទៀត​មន្រ្តី​អ្នក​បោស​សម្អាត​មីន»

ប្រទេស​ជប៉ុន​នៅ​តែ​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ​បំផុត​ដែល​ជួយ​ឧបត្ថម្ភ​ទៅ​តាម​មធ្យោបាយ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​កាត់​បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍ​ជាតិ៕