ការផ្តល់ប្រាក់ជំនួយឥតសំណងនេះ គឺឆ្លើយតបទៅនឹងសំណើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយឈរលើទស្សនៈដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។
លោក កុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសខ្មែរ មានប្រសាសន៍ថា សារលិខិតប្តូរនៃគម្រោងជំនួយខាងលើ នឹងត្រូវចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ហោ ណាំហុង នៅល្ងាចថ្ងៃទី២៥ វិច្ឆិកា នៅឯទីស្តីការក្រសួងការបរទេស ជាមួយលោក គូរ៉ូគី ម៉ាសាហ៊្វុមី (Kuroki Masafumi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
លោក កុយ គួង មានប្រសាសន៍ឲ្យដឹងដូច្នេះ ៖ «នេះគឺជាជំនួយឥតសំណងដែលមានទឹកប្រាក់ជាង១ពាន់លានយេន គិតទៅប្រហាក់ប្រហែល១២លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តគម្រោងគាំទ្រកម្មវិធីបោសសម្អាតមីន និងជួយសង្រ្គោះជនពិការដោយសារគ្រាប់មីន។ មានជាសម្ភារៈមួយចំនួនទៅ ជាពិសេសបើកាលណានិយាយបញ្ហាបោសសម្អាតមីនអ៊ីចឹង អាចជាសម្ភារៈម៉ាស៊ីនរាវមីនអីជាដើម និងគ្រឿងយន្តមួយចំនួន ហើយអាចសល់ពីនោះ អាចសម្ភារៈផ្នែកសុខាភិបាលក្នុងការជួយទ្រទ្រង់ដល់ជនពិការ និងមួយចំនួនទៀតមន្រ្តីអ្នកបោសសម្អាតមីន»។
ប្រទេសជប៉ុននៅតែជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេបំផុតដែលជួយឧបត្ថម្ភទៅតាមមធ្យោបាយគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយដល់ប្រទេសកម្ពុជានៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍជាតិ៕
