កងកម្លាំងទាហានទាំងនោះបានថ្លែងឲ្យដឹងពីទុក្ខលំបាករបស់ខ្លួន នៅថ្ងៃទី៥ ខែសីហានេះថា មេបញ្ជាការសឹករងឈ្មោះ ម៉ៅ ញាណ បានកាត់ប្រាក់បាយរបស់ពួកគេកន្លងមក ហើយចំពោះប្រាក់បៀវត្សរ៍នៅខែសីហានេះ ចង់កាត់ម្នាក់៤ម៉ឺនរៀលទៀត។
ដោយខ្លាចមេរបស់ខ្លួនកាត់ឈ្មោះចេញពីអង្គភាព កងកម្លាំងទាហានសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថា មេរបស់ខ្លួនបានធ្វើការគាបសង្កត់មកលើពួកគេ ដូចជាប្រាក់ខែសព្វថ្ងៃក្នុងមួយខែទទួលបានជិត២០ម៉ឺនរៀល ប៉ុន្តែត្រូវបានលោកមេបញ្ជាការសឹករង ម៉ៅ ញាណ បានកាត់អស់នៅសល់តែ១០ម៉ឺនរៀល និងចង់កាត់បន្ថែមលើនោះទៀត។
ទាហានដដែលបានឲ្យដឹងថា ៖ «ប្រាក់ខែកន្លងមក ប្រាក់ម្ហូប ប្រាក់អង្ករហ្នឹង អត់ឲ្យគ្នាទេ គ្នាក៏ព្រមថាយកទៅចុះ។ ដល់ចុងក្រោយរដ្ឋាភិបាលគេថែម២ម៉ឺនហ្នឹង ដូចបានរៀងក្រែលបន្តិចហ្នឹង ឥឡូវហ្នឹងគាត់គំរាមថា ឲ្យពួកខ្ញុំបង់ឲ្យគាត់៤ម៉ឺន បើមិនបង់ឲ្យគាត់ទេ គាត់អត់បើកប្រាក់ខែឲ្យទេ "អ្ហែងយកក៏យកទៅ អ្ហែងមិនយកទេហីទៅ បើមិននេះទេអ្ហែងឈប់ទៅ"។ ឈប់ហ្នឹងដើម្បីយកឈ្មោះហ្នឹងទៅលក់ទៀត។ លក់សាមុនបានប៉ុន្មានពីរបីរយដែរ»។
កងកម្លាំងទាហានម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះដែរបានមានប្រសាសន៍ថា ប្រសិនបើពួកគេធ្វើខុសគួរតែពិន័យពួកគេតាមវិន័យទាហាន។ លោកបានបញ្ជាក់ទៀតថា លោកបានតស៊ូធ្វើទាហានតាំងពីឆ្នាំ១៩៧៩មកម៉្លេះ ដោយប្រាក់ខែតិចពេលទំនេរទៅឆ្លៀតរត់ម៉ូតូឌុបទៀត។
ទាហានដដែលបាននិយាយថា ៖ «ការលំបាកហ្នឹងវាលំបាកណាស់ទៅហើយ រឿងផ្លូវសេដ្ឋកិច្ចហ្នឹង ព្រោះថាការងារកងទ័ពហ្នឹង ដូចថាបងឯងគិតមើល គ្នាខ្វះខាតប្រាក់ខែបួនដប់ម៉ឺន រួចកាត់របស់គ្នាទៅ រួចក្នុងមួយថ្ងៃរត់បានអង្ករមួយគីឡូពីរគីឡូ វាវេទនាណាស់ មិនមែនធម្មតាទេ ហើយខកខានពេលវេលាអីបន្តិចបន្តួចទៅ គាត់កាត់ប្រាក់ខែហ្នឹង វាដូចអត់សម»។
ជុំវិញការចោទប្រកាន់ខាងលើមេបញ្ជាការសឹករង លោក ម៉ៅ ញាណ បានមានប្រសាសន៍យ៉ាងដូចេ្នះថា ៖ «វិន័យរបស់កងកម្លាំងប្រដាប់អាវុធហ្នឹង គឺគាត់អវត្តមាន២០ថ្ងៃ អ៊ីចឹងទើបគោលការណ៍ហ្នឹងគឺយើងត្រូវនិយាយគ្នា ប៉ុន្តែមិនព្រមចូលខ្លួនទៅជាប្ដឹងអាស៊ីសេរី អ៊ីចឹងខ្លួនអត់គោរពវិន័យខ្លួនគិតតែធ្វើការរកស៊ី»។
ប៉ុន្តែកងកម្លាំងទាហានខាងលើបានមានប្រសាសន៍ឆ្លើយតបវិញថា ៖ «ខ្ញុំមិនមកកន្លែងឯណា? ខ្ញុំមកដែរ ដល់ខ្ញុំសួរថា ម៉េចបានកាត់អារឿងខ្ញុំមិនមកកន្លែងមួយថ្ងៃពីរ រួចមិនពិន័យទៅតាមវិន័យទាហានទៅ ចាំបាច់ទៅកាត់លុយរកអី?»។
ទោះជាយ៉ាងណាប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក នាង សូវ៉ាត បានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែផ្តល់ប្រាក់ខែឲ្យកងទ័ពឲ្យបានសមរម្យ និងលុបបំបាត់ចំពោះមេណាដែលបានកាត់ប្រាក់ខែកូនចៅនោះ។
សូមជម្រាបថា យោងតាមការឲ្យដឹងរបស់កងកម្លាំងយោធាខាងលើដែលត្រូវបានមេរបស់ខ្លួនកាត់ប្រាក់ខែនោះ មានចំនួន១៥នាក់ក្នុងចំណោមពួកគេទាំងនោះ មានអ្នកខ្លះខ្លាចមេកាត់ឈ្មោះចេញពីបញ្ជីក៏យល់ព្រមឲ្យកាត់ប្រាក់ខែ៕
