លោកស្រី ហឿត សៀង អាយុ៤០ឆ្នាំ រស់នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅក្នុងចំណោមប្រជាពលរដ្ឋចំនួន៧នាក់ដែលត្រូវបានគេកោះហៅទៅព្រមាននោះបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «គេហៅទៅតែ៧នាក់ទេ ប៉ុន្តែប្រជាពលរដ្ឋទៅ១០០នាក់។ គេឲ្យយើងហ្នឹងថាកុំឲ្យទៅចលាចលនឹងគេទៀត ហើយផ្តិតមេដៃ មេឃុំប្ដឹង។ ប៉ុន្តែអ្នកហ្នឹងគេឲ្យមកវិញហើយព្រោះយើងទៅច្រើនពេក»។
លោក កង សូផាត អាយុ៥៤ឆ្នាំ បានថ្លែងឲ្យដឹងថា ៖ «គេថាឲ្យខ្ញុំទៅសុំទោសមេឃុំ យើងចាំទទួលអំណោយថ្ងៃក្រោយទៀត ព្រោះអំណោយវាហួសបាត់ទៅហើយ។ ថាថ្ងៃមុខថ្ងៃក្រោយកុំឲ្យធ្វើអ៊ីចឹងទៀត»។
សុខ សេរី ៖ ៧នាក់ហ្នឹងបានសុំទោសទាំងអស់គ្នា? ហឿត សៀង ៖ អត់ទាន់សុំទោសផង ស្អែកសុំហើយ។
ទាក់ទងនឹងបញ្ហាខាងលើនេះ លោក ទ្បុង សុខុម ជាជំទប់ទី២ នៃឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ពន្យល់ជុំវិញមូលហេតុដែលនាំឲ្យមានការព្រមានដល់ប្រជាពលរដ្ឋចំនួន៧នាក់នោះថា ៖ «ពេលកើតហេតុខ្ញុំក៏នៅហ្នឹងដែរ ប្រជាពលរដ្ឋមិនមែនជាប្រជាពលរដ្ឋនៅឃុំហ្នឹងទេដែលធ្វើការទាមទារហ្នឹង មានឃុំខ្លះទាមទារផង»។
លោកបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋានឃុំឆ្នុកទ្រូនោះមានចំនួនប្រមាណ៩០០គ្រួសារ ប៉ុន្តែអ្នកទទួលស្បៀងអង្ករសង្គ្រោះបន្ទាន់មានចំនួនប្រមាណ២០០គ្រួសារតែប៉ុណ្ណោះ ដូច្នេះអ្នកមិនបានទទួលស្បៀងនោះមានចំនួន៧៥%។
កាលពីថៃ្ងទី៥ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះប្រភពបានឲ្យដឹងថា មានការចែកស្បៀងអង្ករសង្គ្រោះបន្ទាន់ជាច្រើនតោនដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជូនក្រុមគ្រួសារប្រជាពលរដ្ឋទីទ័លក្រនៅក្នុងខេត្តកំពង់ឆ្នាំងនោះ ប៉ុនែ្តប្រជាពលរដ្ឋមួយចំនួនបានអះអាងថា ក្រុមគ្រួសារក្រីក្រពិតប្រាកដបានធ្វើការតវ៉ាជាខ្លាំងនៅកន្លែងចែកស្បៀងនោះជាមួយនឹងការចោទថា អាជ្ញាធរភូមិឃុំបានស្រង់ឈ្មោះតែសាច់ញាតិនិងបក្សពួករបស់ខ្លួនតែប៉ុណ្ណោះដើម្បីទទួលយកស្បៀងអង្ករសង្គ្រោះបន្ទាន់នោះ រីឯក្រុមគ្រួសារប្រជាពលរដ្ឋក្រីក្រពិតប្រាកដមិនមានឈ្មោះក្នុងបញ្ជីដើម្បីទទួលស្បៀងអង្ករនោះទេ។
លោក ទ្បុង ពិសិទ្ធ ប្រធានអនុវត្តន៍គម្រោងចែកស្បៀងអង្ករសង្រ្គោះបន្ទាន់របស់ ADB បានមានប្រសាសន៍បំភ្លឺថា ៖ «បើសិនគាត់អត់ទទួលមែន គាត់ត្រូវប្ដឹងមកតាម Hot Line យើង បន្ទាប់មកយើងទៅពិនិត្យតើបណ្ដឹងហ្នឹងមានលក្ខណៈសម្បត្តិត្រឹមត្រូវដែរឬអត់ បើសិនជាលក្ខណៈសម្បត្តិត្រឹមត្រូវ យើងនឹងបញ្ចូលឈ្មោះគាត់ទៅវគ្គក្រោយ»។
លោកបានឲ្យដឹងថា គម្រោងលើកដំបូងសម្រាប់ចែកស្បៀងអង្ករសង្គ្រោះបន្ទាន់ដល់ក្រុមគ្រួសារប្រជាពលរដ្ឋទីទ័លក្រនៅក្នុងខេត្តចំនួន៧ជុំវិញបឹងទន្លេសាបនិងខេត្តឧត្តរមានជ័យនោះបានឈានដល់ទីបញ្ចប់ហើយកាលពីថៃ្ងទី៥ ខែវិច្ឆិកាកន្លងទៅថ្មីនេះ៕
