ខ្មែរ​នៅ​បរទេស​ប្រតិកម្ម​នឹង​ថេរដីកា​របស់​សម្ដេច​ព្រះសង្ឃ​រាជ ទេព វង្ស

ព្រះសង្ឃ​ពុទ្ធសាសនា​ថ្នាក់​រាជា​គណៈ​សំខាន់ៗ​នៃ​ប្រទេស​កម្ពុជា​មាន​គម្រោង​នឹង​ធ្វើ​ពិធី​បួងសួង​ដើម្បី​សុំ​សន្តិភាព​និង​ទឹក​ដី​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​បញ្ចៀស​ការធ្វើ​សង្គ្រាម​បង្ហូរ​ឈាម​រវាង​កងទ័ព​ខ្មែរ​និង​ថៃ​ដែល​កំពុងតែ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តានតឹង​នៅ​ឡើយ​នោះ ។
ដោយ កេសរណ្ណីយ្យា
2008.07.31

សម្តេច​ព្រះ​អគ្គ​មហា​សង្ឃរាជាធិបតី ទេព វង្ស បាន​មាន​ព្រះរាជ​បន្ទូល​កាលពី​ព្រឹក​ថ្ងៃ​ពុធ នៅ​វត្ត​កែវសិក្ខាគិរីស្វារៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ​ក្នុង​ទឹក​ដី​ខ្មែរ​អំពី​គម្រោង​នៃ​ពិធី​នេះ៖ «គណៈ​សង្ឃ​នាយក សង្ឃ​នាយក​រង សុទ្ធតែ​រាជា​គណៈ សុទ្ធតែ​សម្ដេចៗ សុំ​បូជា​ក្រុង​ពាលី​សុំ​ទឹក​សុំ​ដី សុំ​ឲ្យ​ទី​នេះ​កន្លែង​នេះ​មាន​សុខ​សន្តិភាព ចាប់តាំង​ពី​ថ្ងៃ​ទី​១​ទៅ ។ អាត្មា​ប្រកាស​ថា សុខ​ចិត្ត​យើង​បង្ហូរ​ទឹក​ភ្នែក​វា​ប្រសើរ​ជាង​បង្ហូរ​ឈាម​គ្នា ។ ថៃ​ក៏​ព្រះពុទ្ធ​សាសនា​ដូច​គ្នា»

ចំពោះ​ព្រះសង្ឃ​ដីកា​របស់​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃរាជាធិបតី ទេព វង្ស ខាង​លើ​នេះ ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ជា​ច្រើន​រួម​មាន​តំណាង​សមាគម​ខ្មែរ​នៅ​ប្រទេស​ហុល្លង់​ផង បាន​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​ព្រះអង្គ​ប្រកាស​ថា សុខ​ចិត្ត​បង្ហូរ​ទឹក​ភ្នែក​តែ​មិន​បង្ហូរ​ឈាម​ជាមួយ​ថៃ ព្រោះ​ថា​ខ្មែរ​ដែល​ប្រកាន់​ខ្លួន​ថា​ជា​អ្នក​ស្នេហា​ជាតិ​នោះ​នឹង​មិន​ព្រម​បង្ហូរ​ទឹក​ភ្នែក ក្រោយ​បាត់បង់​ទឹក​ដី​ឲ្យ​ថៃ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​គេ​បាន​ប្រកាស​ថា​នឹង​ស្ម័គ្រ​ចិត្ត​ចូល​ជា​យោធា​បង្ហូរ​ឈាម​ជាមួយ​សត្រូវ​ឈ្លានពាន​វិញ ។

ក្នុង​ពេលេ​ជាមួយ​គ្នា​នោះ​ព្រះសង្ឃដីកា​របស់​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស ដដែល​នេះ​ក៏​ធ្វើ​ឲ្យ​ខ្មែរ​ទាំង​ក្នុង​ទាំង​ក្រៅ​ប្រទេស​ភាគច្រើន​មិន​អាច​យល់​បាន​ថា ព្រះអង្គ​ប្រាថ្នា​ចង់​បញ្ចេញ​យោបល់​ពី​រឿង​អ្វី ?

​លោក ឱក សឿម តំណាង​មូលនិធិ​សង្គមកិច្ច​ពោធិព្រឹក្ស​នៅ​រដ្ឋ Virginia របស់​កាសែត​ពោធិព្រឹក្ស​នៅ​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ពោរពេញ​ទៅ​ដោយ​ចម្ងល់​ក្នុង​ចិត្ត​ដូច្នេះ ៖ «ខ្ញុំ​ដូច​យល់​ថា ត្រូវ​ខុស​មិន​ដឹង​ទេ យល់​ថា​ដូច​ជា​សុខចិត្ត​ឲ្យ​គេ​យក​ដី​ហើយ​អង្គុយ​យំ​ទៅ ។ ពាក្យ​លោក​ប្រើ​ហ្នឹង​ខ្ញុំ​មិន​យល់ មិន​យល់​ស្រប​ជាមួយ​លោក មិន​យល់​ដូច​លោក​ទេ លោក​មិន​ដឹង​ជា​ចង់​មាន​ន័យ​ថា​ម៉េច ស៊ូ​ស្រក់​ទឹក​ភ្នែក ? អា​ហ្នឹង​បើ​អាច​បកប្រែ​ថា យើង​ឲ្យ​ដី​ទៅ​គេ យើង​អង្គុយ​យំ​តែម្ដង​ទៅ មិន​ធ្វើ​សង្គ្រាម ។ បើ​ប្រែ​ទៅ​តាម​សំឡេង​មួយ​ទៀត បើ​ប្រែ​ទៅ​តាម​ការនឹក​ឃើញ​ថា សុំ​យំ​ធ្វើ​ជា​សន្តិភាព បួងសួង​អី​អ៊ីចឹង​ទៅ​ចុះ មិន​ប្រើ​អាវុធ ចង់​និយាយ​ថា​អង្គុយ​យំ​ឲ្យ​គេ​អាណិត​ទៅ​វិញ អ៊ីចឹង ? ដូច​ជា​អ៊ីចឹង​ទេ ? ខ្ញុំ​ពិបាក​យល់​ដែរ​ខ្ញុំ​មិន​យល់​ដែរ សួរ​គេ​សួរ​ឯង ម៉េច​ក៏​មាន​ពុទ្ធដីកា​អ៊ីចឹង ? ហើយ​ខ្ញុំ​អាច​យល់​ថា​ដូចជា​សុខចិត្ត​សម្រក់​ទឹក​ភ្នែក​ស្ដាយ​ដី គេ​យក​ក៏​យក​ទៅ​ចុះ ដូច​អ៊ីចឹង តាម​ខ្ញុំ​យល់​កាត់​ទៅ»

មិន​តែ​ប៉ុណ្ណោះ​ព្រះតេជព្រះគុណ ចន្ថន ព្រះចៅ​អធិការ​វត្ត​ខ្មែរ ពុទ្ធិការាម នៅ​រដ្ឋ Maryland ក៏​មាន​សង្ឃដីកា​ថា​ពុំ​អាច​យល់​បាន​ថា សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស ប្រាថ្នា​ចង់​និយាយ​ពី​អ្វី​ដែរ ។

ព្រះតេជព្រះគុណ ចន្ថន បាន​មាន​ដីកា​ថា ៖ «មិន​ដឹង​មិន​យល់​ទេ អាត្មា​ស្ដាប់​ឆ្ងល់​ដែរ ? ឆ្ងល់​ពី​លោក​ដែរ​មិន​ដឹង​យល់​ថា​ម៉េច ? មិន​យល់​ពី​លោក​មាន​សង្ឃដីកា​ហ្នឹង​ដែរ អាត្មា​កំពុងតែ​គិត​មើល​គេ​យល់​ថា​ម៉េច ? នាំ​លោក​សង្ឃ​ទៅ​អង្គុយ​ស្រក់​ទឹក​ភ្នែក​មាន​ន័យ​ថា​ម៉េច ? អាត្មា​មិន​យល់​ដែរ​ហ្នឹង ទាល់តែ​សួរ​ព្រះអង្គ​ផ្ទាល់​តែម្ដង បើ​អាត្មា អាត្មា​មិន​យល់​ទេ ។ ឥឡូវ​សភាពការណ៍​កំពុង​តែ​កុន​ទៅ​ហើយ យើង​ត្រូវ​ប្រឹង សមត្ថភាព​មាន​ប៉ុន្មាន​ជួយ​ទប់​ជួយ​ការពារ​តាម​គ្រប់​វិធី​ដែល​យើង​មាន ។ បើ​លោក​មាន​សង្ឃដីកា​អ៊ីចឹង​អាត្មា​មិន​យល់​ទេ»

ទោះ​ជា​យ៉ាង​ណា​ក្តី​សូម​រំឭក​ថា ពិធី​បួងសួង​សុំ​សន្តិភាព​របស់​សម្តេច​សង្ឃរាជ​ខ្មែរ​អង្គ​បច្ចុប្បន្ន​នេះ នឹង​ចាប់​ផ្តើម​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។