ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ថៃ​ភ័យខ្លាច​ក្រោយ​ការព្រមាន​របស់​នាយក​រដ្ឋមន្ត្រី

ក្រុម​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ​មួយចំនួន​កំពុង​មាន​ការភ័យខ្លាច​ពី​សន្តិសុខ​ផ្ទាល់ខ្លួន នៅ​បន្ទាប់ពី​មាន​ការព្រមាន​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​នឹង​ប្រើ​ក្រុម​ចារកិច្ច​សម្ងាត់​ឲ្យ​តាម​ស៊ើបអង្កេត​ក្រុម​មនុស្ស ដែល​លោក​ចោទប្រកាន់​ថា​មាន​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​កងកម្លាំង​ប្រដាប់​អាវុធ ការប៉ុនប៉ង​ធ្វើ​ឃាត​រូប​លោក​កាលពី​១០​ឆ្នាំ​មុន និង​សកម្មភាព​មួយចំនួន​ទៀត ។

0:00 / 0:00

អតីត​ទីប្រឹក្សា​កាសែត​ស្មារតី​ខ្មែរ លោក តាន់ ពិសិដ្ឋ ដែល​មាន​និន្នាការ​លម្អៀង​ទៅ​រក​គណបក្ស​សមរង្ស៊ី ដែល​បាន​ភៀស​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ ក្រោយពី​ការចោទ​ប្រកាន់​និង​ចាប់​ដាក់​ពន្ធនាគារ​តេបី បាន​ឲ្យ​ដឹង​ថា​លោក​កំពុង​ជម្លៀស​ខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​ភាព​ភ័យខ្លាច ។

លោក តាន់ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​កំពុងតែ​ភ័យខ្លាច​សម្បើម​ណាស់ ឥឡូវ​នេះ​ខ្ញុំ​រត់​មក​នៅ​ជាយក្រុង​ហើយ ហើយ​ខ្ញុំ​បែកបាក់​ប្រពន្ធ​កូន​ខ្ញុំ ខ្ញុំ​អត់​ដឹង​ថា​ប្រពន្ធ​កូន​ខ្ញុំ​សុខទុក្ខ​យ៉ាងម៉េច ? នៅ​ឯ​ណា​ទេ ? ខ្ញុំ​កំពុងតែ​ឋិត​នៅ​ក្នុង​ការភ័យខ្លាច​ខ្លាំង​ណាស់ ឥឡូវ​នេះ​ខ្ញុំ​អត់​មាន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​ទេ»

ចំណែក​ឯ​អតីត​កងកម្លាំង​គ១៤ ឬ​កងទ័ព​ស្រមោល ដែល​បង្កើត​ឡើង​ដោយ​លោក ជាម ច័ន្ទនី អ្នក​តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ បាន​សម្ដែង​ការព្រួយបារម្ភ​ពី​សន្តិសុខ​ផ្ទាល់ខ្លួន​ដែរ ។

លោក ជាម ច័ន្ទនី បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​ក្រោយពី​លោក ហ៊ុន សែន បាន​ប្រកាស​ហើយ​ថា​គ្មាន​អាជ្ញាយុកាល​ហ្នឹង​មក គឺ​ថា​មាន​ការភ័យ​បារម្ភ បង​ប្អូន​ដែល​មាន​ឈ្មោះ​ពី​មុន​មក​ហ្នឹង ព្រោះ​គេ​បាន​ប្រកាស​រួចហើយ​ពី​មុន​មក​ថា តាម​ចាប់​ទាល់តែ​អស់​ហ្នឹង​ទោះបី​នៅ​ទី​ណា​ក៏​តាម​ចាប់​ដែរ ។ ឥឡូវ​គាត់​ប្រកាស​ម្ដង​ទៀត​ហើយ អ៊ីចឹង​បង​ប្អូន​យើង​មាន​ការភ័យខ្លាច»

ការភ័យខ្លាច​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​បី​រូប ដែល​ក្នុង​នោះ​រួម​មាន​លោក ឡឹក ប៊ុនញៀន បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ទទួល​ការតែងតាំង​ជា​ទីប្រឹក្សា​ក្រសួង​ការពារ​ជាតិ​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ធ្វើ​ជា​ក្រុម​ស៊ើបការ​សម្ងាត់ ដើម្បី​តាម​ស្វែងរក​ចាប់​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ចលនា​ស៊ីអែហ្វអែហ្វ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ ។

ប្រភព​ជន​ភៀស​ខ្លួន​ខ្មែរ​ដែល​មាន​ការភ័យខ្លាច​បាន​អះអាង​ថា លោក ឡឹក ប៊ុនញៀន បាន​ចូល​មក​ក្នុង​ប្រទេស​ថៃ​ក្នុង​ឋានៈ​ជា​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ផង និង​ក្នុង​ឋានៈ​ជា​មន្ត្រី​ចារកិច្ច​របស់​លោក​ឧត្តមសេនីយ៍ ម៉ុល រឿប ផង និង​ថា​លោក​បាន​ប្រឌិត​ឯកសារ​បញ្ជី​ឈ្មោះ​មនុស្ស​ជា​ច្រើន​នាក់​នៃ​គណបក្ស​សមរង្ស៊ី ដើម្បី​ផ្តល់​ទៅ​រដ្ឋាភិបាល ដោយ​ភ្ជាប់​ការពាក់ព័ន្ធ​ទៅ​នឹង​ចលនា​ស៊ីអែហ្វអែហ្វ និង​ចលនា​ផ្សេងៗ​ទៀត ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បង្ហើប​ថា ការរៀបចំ​នោះ​គឺ​ដើម្បី​ទម្លាក់​កំហុស​និង​ចោទប្រកាន់​គណបក្ស​សមរង្ស៊ី និង​លោក សម រង្ស៊ី ហើយ​ថា​ថ្មីៗនេះ​លោក ឡឹក ប៊ុនញៀន បាន​ទាក់ទាញ​ជន​ភៀស​ខ្លួន​ខ្លះ​ឲ្យ​ទៅ​និយាយ​ទម្លាក់​កំហុស​លើ​លោក សម រង្ស៊ី ៖ «ដែល​គេ Call មក​ខ្ញុំ​នេះ គេ Call ឲ្យ​ខ្ញុំ​ចេញ​ទៅ​និយាយ​ឥឡូវ​នេះ ចេញ​ទៅ​ចូល​សារភាព​ជាមួយ​គណបក្ស​ប្រជាជន ដើម្បី​ឲ្យ​គេ​ឲ្យ​តំណែង ។ ប៊ុនញៀន​គេ​ប្រាប់​ខ្ញុំ​ថា​អ៊ីចឹង អ៊ីចឹង​គាត់​ឲ្យ​ខ្ញុំ​ទៅ​ជួយ​រៀបចំ​ធ្វើ​ផែនការ​ហ្នឹង​ជាមួយនឹង​គាត់»

ភ្លាមៗ​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ឡឹក ប៊ុនញៀន ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ការចោទ​ប្រកាន់​នេះ​បាន​នៅឡើយ​ទេ ៕