សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​កិច្ចប្រជុំ​នៅ​សហរដ្ឋ​អាមេរិក

ព័ត៌មាន​ពី​ទីក្រុង​ហ្វ៊ីឡាដឹលហ៊្វា រដ្ឋ​ផិនស៊ិលវ៉ានា សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រារព្ធ​នូវ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​សៅរ៍​និង​អាទិត្យ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ក្នុង​គោលដៅ​ពង្រឹង​កិច្ចការ​ផ្ទៃក្នុង​របស់​សហព័ន្ធ ដោយ​យោង​ទៅ​លើ​ការប្រែប្រួល​នយោបាយ​អន្តរជាតិ និង​ជា​ពិសេស​ដើម្បី​ពិភាក្សា​ពី​សន្និសីទ​អន្តរជាតិ​រំឮក​ខួប​ទី​៦០ នៃ​ការបាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​ដែល​នឹង​ចាត់​ធ្វើ​នា​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី​ចុង​ឆ្នាំ​នេះ។

ប្រធាន​សហព័ន្ធ លោក ថាច់ ង៉ុកថាច់ អធិប្បាយ​ពី​គោលដៅ​នៃ​ការប្រជុំ​នេះ​ដូច្នេះ ៖ «ក្នុង​ពេល​២​ថ្ងៃ​ហ្នឹង យើង​ប្រជុំ​មាន​គោលបំណង ៣។ ទី​១ ពិនិត្យ​ឡើង​វិញ​នូវ​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដំណើរ​ឆ្ពោះ​ទៅ​កាន់​មាតុភូមិ តើ​កិច្ចការ​ណា​ដែល​ចាំបាច់​ត្រូវ​ធ្វើ​មុន កិច្ចការ​ណា​ចាំបាច់​ត្រូវ​ធ្វើ​ក្រោយ។ ទី​២ យើង​បាន​រៀប​សម្រួល​ផ្ដោះប្ដូរ​នូវ​នាទី​ការងារ​ដើម្បី​ទៅ​តាម​បច្ចេកទេស ទៅ​តាម​ឯកទេស​ស្ទាត់​ជំនាញ នូវ​គណៈកម្មការ​នាយក​នីមួយៗ​ហ្នឹង ដើម្បី​ឲ្យ​ទាន់​តាម​សភាពការណ៍​ការងារ​បច្ចុប្បន្ន។ ទី​៣ គឺ​ផែនការ​រៀបចំ​គម្រោងការ​ធ្វើ​សន្និសីទ​អន្តរជាតិ​ខួប​ទី​៦០ នៅ​ទីក្រុង​មែលប៊ន នៃ​ប្រទេស​អូស្រ្ដាលី»

លោក​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បន្ថែម​ទៀត​ថា ការប្រជុំ​នេះ​នឹង​ពិភាក្សា​អំពី​ការបោះពុម្ព​ពី​ការដឹកនាំ​ការគ្រប់គ្រង​ពី​គោលជំហរ​របស់​សហព័ន្ធ​ដើម្បី​ហ្វឹកហ្វឺន​ដល់​មន្រ្តី​និង​បុគ្គលិក​សហព័ន្ធ​ព្រម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ទូទៅ​ឲ្យ​គាត់​យល់​ដឹង​ពី​គោលដៅ​សហព័ន្ធ។

លោក ថាច់ ង៉ុកថាច់ បាន​មាន​ប្រសាសន៍​ថា ៖ «ហើយ​ចុងក្រោយ​ទី​៤​ហ្នឹង គឺ​អំពាវនាវ​ឲ្យ​បង​ប្អូន​ខ្មែរ​ក្រោម និង​បង​ប្អូន​ខ្មែរ​យើង​ទូទៅ​ដើម្បី​ជួយ​គាំទ្រ​នូវ​ការរៀបចំ​សន្និសីទ​អន្តរជាតិ នៅ​ទីក្រុង​មែលប៊ន ប្រទេស​អូស្រ្ដាលី ថ្ងៃ​ទី​៥​-​៦​-​៧ ខែ​១២ ឆ្នាំ​ហ្នឹង»