សវនាការ​ ខៀវ សំផន ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ

នៅថ្ងៃពុធនេះ អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម ខៀវ សំផន បាន​មាន​មុខ​ក្នុង​សវនាការ​លើក​​ដំបូង​របស់​លោក នា​តុលាការ​កាត់ទោស ក្រុម​អតីត​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិតេយ្យ ។

​មេធាវី​ជួយ​ការពារក្តី ឲ្យ ខៀវ សំផន រួម​មាន​មេធាវី​ខ្មែរ គឺ​លោក សាយ បុរី និង​​​មេធាវី​ជនជាតិ​បារាំង​ឈ្មោះ Jacques Verges ជាអ្នក​វែកញែក​ទាញ​ហេតុផល ប្រឆាំង​នឹង​ការឃុំឃាំង ខៀវ សំផន ខណៈ​រង់ចាំ​ការកាត់ក្តី​ពី​បទ​ឧក្រិដ្ឋកម្ម​​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ។

ក៏ប៉ុន្តែ អង្គ​បុរេ​ជំនុំជម្រះ​នៃ​តុលាការ​ខ្មែរក្រហម បាន​សម្រេច​លើក​សវនាការ​នេះ ទៅ​ថ្ងៃ​ក្រោយ តាម​សំណើរ​របស់​លោក ខៀវ សំផន ព្រោះថា មេធាវី​បរទេស​ការពារក្តី​ជនជាតិបារាំង Jacques Verges បាន​បដិសេធ​មិនបំពេញ​​តួនាទី​របស់​ខ្លួន ដោយ​សំអាង​ថា សំណុំ​ឯកសារ​ជាច្រើន ពុំ​មាន​ប្រែ ឬ​ក៏​ពុំ​មាន​ជា​ភាសា​បារាំង ដែល​ជា​ភាសា​របស់​ខ្លួន និង​ជា​ភាសា​ផ្លូវការ​មួយ​ក្នុងចំណោម​ភាសា​ផ្លូវការ​៣​របស់​តុលាការ​ខ្មែរក្រហម​នោះ ។

ស្តីពី​រឿង​នេះ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា នឹង​មាន​ការព្រមាន​ចំពោះ​មេធាវី​បារាំង​រូប​នេះ​ផងដែរ ៖ «ទាក់ទង​នឹង​រឿង​ហ្នឹង​ដែរ អង្គបុរេ​ជំនុំ​ជម្រះ​ក៏​បាន​សម្រេច​ថា​នឹង​ធ្វើ​លិខិត​មួយ​ដើម្បី​ព្រមាន​ទៅ​ដល់​សហមេធាវី​ដែល​ជា​បរទេស​របស់ លោក ខៀវ សំផន ហ្នឹង ប៉ុន្តែ​តុលាការ​មិន​បាន​លម្អិត​ថា តើ​តុលាការ​នឹង​ព្រមាន​ពី​បទ​អ្វី​ខ្លះ​ទេ គ្រាន់​តែ​នៅ​ក្នុង​ពេល​ព្រឹកមិញ​នេះ នៅ​ពេល​ដែល​ចប់​សវនាការ​បណ្ដោះ​អាសន្ន​ហ្នឹង គឺលោក Jacques Verges ហ្នឹង ដែល​ជា​សហមេធាវី​ជនជាតិ​បារាំង របស់​គាត់​ហ្នឹង គាត់​បាន​ប្រកាស​ថា តុលាការ​នេះ​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ទេ ដរាប​ណា​មិន​បាន​ប្រែ​សំណុំ​ឯកសារ​ចំនួន ១៦០០០ទំព័រ ជាពិសេស​ភាសាបារាំង ។ ហើយ​មួយ​ទៀត គាត់​ថា​តុលាការ​ហ្នឹង​បាន​សម្រេច​ថា​ឲ្យ​លោក ខៀវ សំផន ហ្នឹង​ស្វែង​រក​មេធាវី​ថ្មី ហើយ​កិច្ចការ​ហ្នឹង​គាត់​យល់​ថា​ជា​ការ​រំលោភ​សិទ្ធិ​របស់​គាត់ ហើយ​គាត់​នឹង​ដាក់​ពាក្យ​បណ្ដឹង​ដាក់​អី​អ៊ីចឹង ប៉ុន្តែ​ដល់​ពេល​ខាង​អង្គបុរេ​ជំនុំ​ជម្រះ​ហ្នឹង​គាត់​យល់​ថា​គេ​មិន​បាន​ស្នើ លោក ខៀវ សំផន ហ្នឹងរក​មេធាវី​ទេ តែ​គេ​ប្រាប់​ទៀត​ថា លោក ខៀវ សំផន គួរ​តែ​ជម្រាបជូន​មេធាវី​របស់​គាត់​ឲ្យ​សហការ​ជាមួយ​គាត់ ដើម្បី​ការពារ​ខ្លួន​គាត់ នៅ​ពេល​ដែល​គាត់​កំពុង​តែ​ទទួល​ការ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម​ហ្នឹង ។ ហើយ​បើសិនជា​សហមេធាវី​អន្ដរជាតិ​របស់​គាត់​មិន​សហការ​ជាមួយ​គាត់​ទេ គឺ​គាត់​ហ្នឹង​មាន​សិទ្ធិ​រក​មេធាវី​អន្ដរជាតិ​ថ្មី ដើម្បី​ការពារ​រូប​គាត់ ។ កន្លែង​ហ្នឹង​គឺ​ធ្វើ​ឲ្យ​លោក Jacques Verges គាត់​មាន​ការ​ខឹង​យ៉ាង​ខ្លាំង ហើយ​គាត់​បាន​ប្រកាស​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​អាជីព​គាត់​ជា​មេធាវី ដែល​ត្រូវ​គេ​វាយ​តម្លៃ​គាត់​យ៉ាង​ទាប​អ៊ីចឹង»

តុលាការ​បាន​សម្រេច​ថា​នឹង​កំណត់​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ការជំនុំជម្រះ​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅឃុំ​របស់​លោក ខៀវ សំផន នៅ​ពេល​ក្រោយ ៕