ក្រសួង​អប់រំ​គ្រោង​បញ្ចូល​មុខវិជ្ជា​ស្ដីពី​របប​ខ្មែរក្រហម​ក្នុង​កម្មវិធី​សិក្សា

មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ដាក់​បញ្ចូល​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរ​ក្រហម​នៅកម្ពុជា ក្នុង​កម្មវិធី​សិក្សា​សម្រាប់​ការ​អប់រំ​ចំណេះដឹង​ទូទៅ​ប្រយោជន៍​ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ។

0:00 / 0:00

រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ឹម សិទ្ធី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ឧសភា ថា​ស្រប​ពេល​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​រៀបចំ​កម្មវិធី​សិក្សា​សម្រាប់​អប់រំ​ចំណេះ​ដឹង​ទូទៅ នឹង​ដាក់​បញ្ចូល​របប​ខ្មែរក្រហម សម្រាប់​សិស្ស​វិទ្យាល័យ​និង​អនុវិទ្យាល័យ ។

លោក អ៊ឹម សិទ្ធី បាន​ឲ្យ​ដឹង​ថា ៖ «យើង​មិន​មែន​ដាក់​ចូល​ម្ដង​ទាំងអស់ ទាំង​ខ្លឹមសារ​ដូច​ដែល​យើង​មើល​សៀវភៅ​ដែល​និយាយ​ពី​ខ្មែរ​ក្រហម យើង​ត្រូវ​ធ្វើ​ម៉េច​ដាក់​ឲ្យ​មាន​កន្លែង​ផ្នែកណាៗ ព្រោះ​កម្មវិធី​របស់​យើង​ផ្នែក​ប្រវត្តិសាស្ត្រ យើង​អត់​ចោល​ទេ ត្រូវ​ធ្វើម៉េច​ឲ្យ​មាន​អាហ្នឹង ព្រោះ​ក្មេង​អាយុកាល ប៉ុន្តែ​គ្រាន់​ថា​ដល់​ទៅ​យុវជន យើង​ពង្រីក​ថែម​ឲ្យ​ជ្រៅ ។ ហើយ​យើង​ត្រូវ​យល់​ដឹង​ថា ការបណ្ដុះបណ្ដាល​ត្រូវ​ធ្វើ​យ៉ាងម៉េច​ឲ្យ​មនុស្ស​ស្គាល់​ពី​ខ្លួនឯង ស្គាល់​ពី​ប្រទេស​យើង កាល​ដែល​យើង​ឆ្លង​កាត់»

ផ្អែក​តាម​ប្រភព​ដែល​ធ្វើការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​ផ្តល់​សម្រាប់​ការងារ​អប់រំ​នេះ​លើ​៤​ចំណុច​គឺ ការ​រៀបចំ​សម្ភារៈ​ឧបទេស សម្រាប់​លោកគ្រូ អ្នកគ្រូ ការ​ធ្វើ​សិក្ខា​សាលា​គរុកោសល្យ​សម្រាប់​លោកគ្រូ អ្នកគ្រូ ការ​រៀបចំ​ឲ្យ​សិស្សានុសិស្ស​ក្លាយ​ជា​គ្រូ​បង្រៀន និង​ការ​បកប្រែ​សៀវភៅ​ភាសា​ផ្សេងៗ ។

ចំណែក​ឯ​មន្រ្តី​របស់​កម្មវិធី​នៃ​អង្គការ​គំរោង​យុត្តិធម៌​សង្គម​សេរី លោក ឡុង បញ្ញាវុធ បាន​អបអរ​សាទរ​ដល់​រដ្ឋាភិបាល ចំពោះ​ការ​ដាក់​បញ្ចូល​របប​ខ្មែរ​ក្រហម ក្នុង​កម្មវិធី​សិក្សា​គឺ​ដើម្បី​ជំរុញ​ឲ្យ​មនុស្ស​ជំនាន់ក្រោយ ជឿ​ជាក់​ថា​មាន​របប​ប្រល័យ​​ពូជសាសន៍​នោះបាន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​ពិតមែន និង​ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ចេះ​ផ្សះផ្សា និង​ចេះ​មាន​អធ្យាស្រ័យ​ឲ្យ​គ្នា ៖ «ដូច្នេះ​ការ​បញ្ចូល​នៅ​ក្នុង​កម្មវិធី​សិក្សា​អប់រំ​នេះ ក៏​អាច​ឲ្យ​ប្រជាជន​ខ្មែរ​បាន​ផ្សះផ្សា​ដែរ» ។

កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​មាន​ការ​ខ្វែង​យោបល់​គ្នា​ក្នុង​ការ​ដាក់​បញ្ចូល​មេរៀន​ស្តីពី​ប្រវត្តិសាស្ត្រ​របប​ខ្មែរក្រហម ទៅ​ក្នុង​កម្មវិធី​សិក្សា​សម្រាប់​សិស្ស​មធ្យម​សិក្សា ហើយ​គេ​បាន​បោះពុម្ភ​សៀវភៅ​ដែល​មាន​បញ្ចូល​មេរៀន​ខ្មែរក្រហម​សម្រាប់​សិស្ស​វិទ្យាល័យ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ដកចេញ​ពី​កម្មវិធី​សិក្សា​នោះ​វិញ បន្ទាប់ពី​មើល​ឃើញ​ថា​ខ្លឹមសារ​មួយចំនួន​ប៉ះពាល់​ដល់​អ្នក​នយោបាយ​បច្ចុប្បន្ន ។

សូម​ជម្រាប​ថា​កាលពី​ថ្ងៃ​ទី​៣០ មេសា​កន្លងទៅ​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្ញើ​លិខិត​មួយ​ជូន​​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថា​ការ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិប​តេយ្យ ជាពិសេស​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរក្រហម ពិត​ជា​មាន​សារប្រយោជន៍ ហើយ​ក្រសួង​គាំទ្រ​ការងារ​ទាំង ៤​ចំណុច​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដោយ​សូម​ឲ្យ​សហការ​ជាមួយ​នាយកដ្ឋាន​ស្រាវជ្រាវ​គរុកោសល្យ​និង​វិក្រឹត្យការ​របស់​ក្រសួង ។

ទោះជាយ៉ាងណា​មិន​ទាន់​មាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​ពី​មន្ត្រី​ក្រសួង​អប់រំ​ថា​មូលហេតុ​អ្វី​បាន​ទើបតែ​បញ្ចូល​ប្រវត្តិសាស្ត្រ​របស់​របប​ខ្មែរក្រហម​ក្នុង​កម្មវិធី​សិក្សា​នៅ​ពេល​នេះ ៕