ការផ្លាស់ប្តូរពីមហិច្ឆតានយោបាយចង់ក្លាយជានាយករដ្ឋមន្ត្រីទៅជាឈរឈ្មោះចៅសង្កាត់វិញនោះ គឺនៅបន្ទាប់ពីព្រឹត្តិការណ៍ដែលការបោះឆ្នោតបានបង្ហាញថា គណបក្សប្រជាជនកម្ពុជានៅតែមានសំឡេងគាំទ្រច្រើនលើសលុបនៅក្នុងរដ្ឋសភា។
ប្រធានគណបក្សនយោបាយ ខ្មែរស្រឡាញ់ខ្មែរ លោក កែវ ហ៊ាញ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សនេះត្រូវតែប្តូរគោលជំហរ ៖ «រូបខ្ញុំសម្រាប់២០១០នេះ ខ្ញុំនឹងឈរធ្វើជាប្រធានឃុំនៅក្នុងឃុំមួយនៃទីក្រុងភ្នំពេញ ដើម្បីឲ្យខ្ញុំហ្នឹងបានចូលបម្រើជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យឃើញាថា តើប្រជាពលរដ្ឋលោកចង់បានគណបក្សឬក៏ចង់បានបុគ្គលដែលបង្ហាញដំណោះស្រាយទៅលើការកែតម្រូវនៅក្នុងឃុំរបស់លោក។ ច្បាប់បោះឆ្នោតមេឃុំនេះជាឱកាសមួយដល់បងប្អូនយើងនៅក្រៅប្រទេស ជាពិសេសអ្នកនយោបាយនៅក្រៅប្រទេសហ្នឹងដែលមានអនុបណ្ឌិតឬបណ្ឌិតអីដែលចង់ធ្វើតំណាងរាស្ត្រ មុននឹងធ្វើតំណាងរាស្ត្រគួរតែធ្វើមេឃុំសិន»។
ម៉ាយ៉ារិទ្ធិ ៖ ទីក្រុងភ្នំពេញគឺជាទីក្រុងមួយដែលមានការអភិវឌ្ឍទៅហើយ ហេតុអីបានជាលោកមិនសម្លឹងទៅមើលឃុំនៃខេត្តណាដែលថា មានភាពមិនទាន់រីកចម្រើនដើម្បីបង្ហាញពីស្នាដៃរបស់គណបក្សខ្មែរស្រឡាញ់ខ្មែរនោះ?
កែវ ហ៊ាញ ៖ ខ្ញុំថានៅទីក្រុងភ្នំពេញមានបញ្ហាច្រើនមែនទែន ដូចជាឃុំដែលខ្ញុំត្រូវទៅឈរឈ្មោះនេះឃើញថា បញ្ហាទី១ កម្មករ បញ្ហាប្រជាពលរដ្ឋច្រើន បញ្ហាក្មេងជាច្រើនអត់បានទៅសាលារៀនទេ ហើយបញ្ហាសុខុមាលភាពអត់មានទេ ហេតុដូច្នេះហើយមិនថាជានៅជនបទទេ។
សូមជម្រាបថា គណបក្សខ្មែរស្រឡាញ់ខ្មែរដែលទើបនឹងបង្កើតកាលពីខែសីហា ឆ្នាំ២០០៧ គឺជាគណបក្សមួយដែលមិនបានចូលរួមក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ២០០៨នោះឡើយ៕
