កែវ ពេជ្រមេត្តា ៖ ផ្ទះអូនឯងមានធ្លាប់សង់បង្គន់បត់ដៃជើងទេ? ពលរដ្ឋ ៖ សង់ហើយ បង្គន់ចាក់ទឹក ពីមុនបង្គន់ស្ងួត។
កែវ ពេជ្រមេត្តា ៖ ឥឡូវយ៉ាងម៉េចបានឈានទៅដល់បង្គន់ចាក់ទឹកអី? ពលរដ្ឋ ៖ យល់ថាបង្គន់ចាក់ទឹកវាស្រួលជាងបង្គន់ស្ងួត។ វាស្អាតជាង អនាម័យ។
នេះគឺជាការបញ្ជាក់ប្រាប់របស់ប្រជាពលរដ្ឋមួយចំនួននៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អំពីការដែលគេបាននាំគ្នាធ្វើការផ្លាស់ប្តូរទម្លាប់ពីការបន្ទោរបង់លាមកគ្មានសណ្ដាប់ធ្នាប់ពាសវាលពាសកាល ហើយមកបន្ទោរបង់ក្នុងបង្គន់ដែលមានអនាម័យត្រឹមត្រូវ។
ប្រជាពលរដ្ឋទាំងនោះបានបញ្ជាក់ទៀតថា ការផ្លាស់ប្តូរឥរិយាបទនេះបានធ្វើឲ្យបរិស្ថានរស់នៅជុំវិញរបស់គេមានសោភ័ណភាពមិនស្មោកគ្រោកនិងធ្វើឲ្យសុខភាពក្នុងគ្រួសារគេម្នាក់ៗមានភាពល្អប្រសើរជាងមុន មិនដូចកាលពីគេនាំគ្នាទៅបន្ទោរបង់តាមទីគុម្ពោតព្រៃនោះឡើយ។
ស្រ្ដីមួយរូបឈ្មោះ សំ ផា ក្នុងចំណោមអ្នកភូមិស្លែងបានអះអាងប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីដែលបានចុះផ្ទាល់ដល់ទីនោះថា មូលហេតុដែលនាំឲ្យរូបគាត់ក៏ដូចជាអ្នកភូមិនៅទីនេះបានធ្វើការផ្លាស់ប្តូរផ្លាស់ប្តូរទម្លាប់ក៏ដោយសារតែមានការជួយណែនាំពីមន្រ្តីរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនព្រមទាំងរាជរដ្ឋាភិបាលផងដែរ។
ស្រ្ដីដដែលនេះបានបន្ថែមទៀតថា គេបានចុះមកអប់រំជាដំបូងដោយឲ្យអ្នកភូមិសាងសង់បង្គន់ស្ងួតឬបាចផេះដែលចំណាយថវិកាបន្តិចបន្តួច ប៉ុន្តែមកដល់ឆ្នាំនេះសម្រាប់គ្រួសាររបស់គាត់មានគម្រោងនឹងសង់បង្គន់ចាក់ទឹកវិញដើម្បីប្រើប្រាស់បានយូរនិងបង្កើនការរក្សាអនាម័យឲ្យបានកាន់តែល្អ ៖ «ដើរទៅបត់ដៃជើងខាងក្រៅក៏ពិបាកដែរ យប់ព្រលប់អីតាមបឹង ស្រែ វាពិបាក»។
បញ្ជាក់ប្រាប់ពីបញ្ហានេះដែរលោកមេភូមិស្លែង លោក ចាន់ ញ៉ន បានឲ្យដឹងថា ប្រជាពលរដ្ឋជាង១០០គ្រួសារនៅក្នុងភូមិនេះគឺភាគច្រើនបានយល់ដឹងលើការក្សាអនាម័យក្នុងការប្រាស់បង្គន់បន្ទាប់ពីបានទទួលការណែនាំនោះ។
លោកបានបន្តថា ប៉ុន្តែមកដល់ពេលនេះមានគ្រួសារខ្លះបានវិលទៅរកទម្លាប់ចាស់វិញដោយហេតុថា បង្គន់ស្ងួតឬបាចផេះដែលគេបានសង់ពីឫស្សីឬធាងត្នោតប្រក់ស្លឹកនិងបិទបាំងជញ្ជាំងស្លឹកដូងខ្លះកាលពីប៉ុន្មានឆ្នាំមុននោះ គឺបានពុកផុយអស់ទៅហើយគេមិនមានថវិកាធ្វើបង្គន់ចាក់ទឹកបាន ៖ «បងប្អូនមួយចំនួនកំពុងស្រែកថា កំពុងខ្វះថវិកាហ្នឹង ហើយខ្លះដែលគេមានថវិកាទៅ គេខំប្រឹងបន្តទៅទៀត»។
មន្ត្រីការិយាល័យថែទាំសុខភាពនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ លោក វ៉ាន់ ចាន់ថា បានបញ្ជាក់ប្រាប់ដែរថា ទាក់ទងនឹងការរក្សាអនាម័យក្នុងការប្រើប្រាស់បង្គន់បានត្រឹមត្រូវសម្រាប់ខេត្តកំពង់ស្ពឺនេះដែលក្រៅពីប្រជាពលរដ្ឋនៅភូមិស្លែង គឺនៅមានប្រជាពលរដ្ឋក្នុងភូមិមួយចំនួនទៀតដែរដែលបានធ្វើការផ្លាស់ប្តូរទម្លាប់មុនគេពីការបន្ទោរបង់ពាសវាលពាសកាល គឺដូចជាភូមិទួល ភូមិស្ដុក និងភូមិកណ្ដាល។
លោកបានបន្តថា ដោយបានឃើញយ៉ាងដូច្នោះទើបក្នុងឆ្នាំនេះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទបានជំរុញលើកទឹកចិត្តដល់អ្នកភូមិទាំងនោះឲ្យបន្តការរក្សាអនាម័យនេះតទៅទៀតដោយឲ្យគេធ្វើបង្គន់ចាក់ទឹកដើម្បីរក្សាបាននូវស្ថិរភាពបានយូរអង្វែងជាងកាលដែលគេធ្វើបង្គន់ស្ងួតឬបង្គន់ចាក់ផេះនោះ។
មន្ដ្រីដដែលនោះបានបញ្ជាក់ទៀតថា ការជំរុញនេះរាជរដ្ឋាភិបាលក៏បានចូលរួមជួយផ្តល់នូវសម្ភារៈបង្គន់ខ្លះដូចជាលូចំនួន២កង់ ចានបង្គន់ និងបំពង់បង្ហូមួយ ក៏ប៉ុន្តែក្នុងនោះគេសុំឲ្យប្រជាពលរដ្ឋចូលរួមជាប្រាក់បដិភាគខ្លះដែលមានចំនួន៦០០០០រៀល។
លោក វ៉ាន់ ចាន់ថា បានមានប្រសាសន៍ថា ៖ «ដោយសារតែគាត់នៅក្រីក្រ អ៊ីចឹងអ្វីដែលយើងទិញហ្នឹង គឺយើងទិញតម្លៃថោក ហើយបានយកមកដាក់ហ្នឹង យើងសួរគាត់ច្បាស់ហើយថា បើតម្លៃនៅទីផ្សារអាល្អវាថ្លៃណាស់ អ៊ីចឹងពួកគាត់បានចូលរួមប្រជុំហើយបានឯកភាព។ ហើយយើងបានបញ្ជាក់ជូនថា យើងទិញជូនលូពីរកង់ ចានលើផែនមួយ។ អ៊ីចឹងគាត់បានយកឯកភាពយើង គាត់មានផ្ដិតមេដៃអីព្រមអស់ហើយ»។
ចំពោះផែនការរបស់រាជរដ្ឋាភិបាលក្នុងការឲ្យអ្នកភូមិនៅឃុំមហាសាំង ដូចជាភូមិស្លែងជាដើមឲ្យបន្តការរក្សាអនាម័យធ្វើបង្គន់ចាក់ទឹក ហើយឲ្យចូលរួមប្រាក់បដិភាគចំនួន៦០០០០រៀលនេះ គេឃើញអ្នកភូមិភាគច្រើននៅទីនោះបានគាំទ្រដែរ ប៉ុន្ដែប្រការមួយដែលគេមិនពេញចិត្ដ គឺថាសំភារៈដែលផ្ដល់ឲ្យនោះមិនសូវល្អ ហើយមានតម្លៃថ្លៃពេក។
ប្រជាពលរដ្ឋមួយរូបនៅភូមិស្លែងបានបញ្ជាក់ប្រាប់ពីបញ្ហានេះយ៉ាងដូច្នេះ ៖ «និយាយទៅក្នុងមួយភូមិហ្នឹងទាំងអស់តែម្ដង ទាស់តែចានតែម្ដងអត់ល្អ។ មួយៗផ្អាកចេះតែចាំមើលក្រែងលោកមានចានថ្មីយកមកដូរ គេថាអត់ ខ្ញុំក៏ផ្អាកការហ្នឹងសិនទៅ ថាប្រុងគម្រោងការធ្វើដែរហ្នឹង»។
មន្ត្រីការិយាល័យថែទាំសុខភាពនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ លោក វ៉ាន់ ចាន់ថា បានប្រាប់ឲ្យដឹងដែរថា តាមពិតទៅតម្លៃ៦០០០០រៀលនេះគឺជាតម្លៃដែលគេសម្រួលឲ្យអ្នកភូមិអាចមានលទ្ធភាពធ្វើបង្គន់ចាក់ទឹកបានប៉ុណ្ណោះ ឯតម្លៃទីផ្សារពិតប្រាកដសម្រាប់សម្ភារៈបង្គន់ដែលផ្ដល់ឲ្យនេះ គឺមានតម្លៃដល់ទៅ១៣ម៉ឺនរៀល។
លោក វ៉ាន់ ចាន់ថា បានឲ្យដឹងថា ៖ «លុយ៦ម៉ឺនរៀលហ្នឹង មន្ទីរដូចជាក្រសួង យកថវិកាហ្នឹងមក យើងមានគណនេយ្យយើងត្រឹមត្រូវដើម្បីពង្រាយទៅភូមិដទៃទៀតឲ្យបានច្រើនទៅតាមភូមិផ្សេងទៀត ព្រោះភូមិវាច្រើន ហើយត្រូវការសម្ភារៈហ្នឹងវាច្រើន»។
ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទ លោកវេជ្ជបណ្ឌិត ជា សំណាង បានប្រាប់ឲ្យដឹងដែរថា ក្រសួងក៏កំពុងតែប្រឹងប្រែងរិះរកមធ្យោបាយធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋជនបទបានមានបង្គន់អនាម័យប្រើបា្រស់ដូចជាពេលនេះគេកំពុងព្យាយាមរកគំរូបង្គន់ពីប្រទេសឥណ្ឌូណេស៊ីដែលមានតម្លៃថោក ហើយផ្ដល់ពុម្ពបង្គន់នោះដល់សហគមន៍មួយៗឲ្យរៀនធ្វើដោយខ្លួនឯង។
លោកវេជ្ជបណ្ឌិត ជា សំណាង បានមានប្រសាសន៍ថា ៖ «មានន័យថា របស់ហ្នឹងជារបស់សហគមន៍ ខាងក្រសួងយើងគ្រាន់តែជួយផ្គត់ផ្គង់ពុម្ព ចំណែកគាត់ហ្នឹងគឺគាត់អ្នកចាក់អ្នកអីខ្លួនឯង ពីព្រោះយើងបានបង្រៀនគាត់ពីរបៀបចាក់ពុម្ព លូហ្នឹង សម្រាប់ឲ្យគាត់ធ្វើបង្គន់ដែលមានតម្លៃថោក បានអាចចូលរួមបាន។ ជាប្រភេទបង្គន់មួយ ជាបង្គន់សាកល្បង យើងមិនទាន់បានធ្វើវាឲ្យទូលំទូលាយទូទាំងប្រទេសទេ»។
អ្នកជំនាញការទឹកស្អាតនៃធនាគារពិភពលោកដែលត្រូវបានគេដកស្រង់សម្ដីនៅក្នុងព្រឹត្តិបត្រស្តីពីឆ្នាំអនាម័យអន្តរជាតិ២០០៨ ចេញផ្សាយដោយក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ប្រាប់ដែរថា ប្រជាពលរដ្ឋខ្មែរចំនួន១១០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺរាករូសដែលបណ្ដាលមកពីការខ្វះអនាម័យដែលភាគច្រើននៃអ្នករងគ្រោះទាំងនោះគឺកុមារតូចៗ។
លោកបានបញ្ជាក់ទៀតថា ប្រការនេះប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកជនបទគ្រប់គ្នាគេគួរឈប់បន្ទោរបង់លាមកនៅពាសវាលពាសកាល ហើយងាកបែរមកសាងសង់បង្គន់ដែលមានអនាម័យសម្រាប់បន្ទោរបង់វិញដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាពរបស់ខ្លួន។
មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ដែរថា អ្នកដែលបានប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវក្នុងជនបទនៃប្រទេសកម្ពុជាគឺមានចំនួន១៦%ប៉ុណ្ណោះដែលរួមទាំងក្នុងខេត្កកំពង់ស្ពឺកំពុងអនុវត្ដអនាម័យនេះផងដែរ ដែលចំនួននេះត្រូវបានគេចាត់ទុកថា កម្ពុជាមានការរក្សាអនាម័យមានកម្រិតទាបជាងគេក្នុងតំបន់អាស៊ី៕
