វ័យចាស់ឈ្មោះ នេន រស់នៅភូមិព្រៃឈើទាល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត មានប្រសាសន៍ថាគាត់គ្មានសង្ឃឹមថាសំណាបគាត់២-៣ថ្នាលក្រៀមងាប់ហើយនោះ រស់ឡើងវិញទេ ។
គាត់ថាមេឃកាន់តែក្តៅខ្លាំង ស្រែមានទឹកតិចតួចក៏ស្ងួតទឹកអស់ ដីក៏បែកក្រហែង ។ ស្រះអ្នកភូមិជីកតាមគ្រួសារបូមទឹករីងអស់ ដាក់ស្រូវដើមរដូវឲ្យផ្លែបានទុំ ។ គាត់ថាស្រូវខ្លះខ្វះទឹកស្កកខ្លះក៏បានច្រូត ឯភ្លៀងក៏មិនធ្លាក់២ខែមកហើយ នាំឲ្យសំណាប ស្រូវវស្សា ខ្លះងាប់ ខ្លះក្រៀមស្វិត ខ្លះទៀតក្រហមរៀបងាប់គ្រប់ថ្នាល ។ គាត់ថាបើសំណាបងាប់អស់គាត់គ្មានពូជសាបទៀតទេ ។ គាត់ក៏ខ្វះស្បៀងដែរ គាត់បានទៅជីកទំពាំងដល់ភ្នំសែនហានមកលក់ចិញ្ចឹមជីវិត ហើយក៏ព្រួយបារម្ភខ្លាំងពីកង្វះស្បៀងនាពេលអនាគតបើភ្លៀងមិនបន្តធ្លាក់ទេនោះ ។
ស្ត្រីវ័យចាស់ឈ្មោះ នេន បានឲ្យដឹងថា ៖ «សំណាបងាប់អស់ហើយ ស្រែ២-៣ហ្នឹងងាប់អស់ហើយ បានអី ? អស់ស្រូវសាបអស់រលីង ។ ...អត់មានស្រូវ១គ្រាប់សោះ អត់លុយទិញស្រូវនឹងគេ ។ បើអង្គការផ្ដល់មកយើងបានសាបស្ទូងចុងដៃបន្តិចបន្តួចអី បានមួយកញ្ជើពីរកញ្ជើអីហូប ។ ចុះបើអ៊ីចឹងធ្វើម៉េច ? ងាប់ ។ មានតែទៅរកទំពាំង ដល់ទំពាំងវាដុះ ដល់ទំពាំងវាលែងដុះ មិនដឹងបានអីទិញហូប ឥឡូវហ្នឹងដាច់ព្រឹក ដាច់ល្ងាចហ្នឹង» ។
វ័យចាស់ឈ្មោះ ឡន មានប្រសាសន៍ថាគាត់សាបស្រូវពូជអស់៤កញ្ជើ ឥឡូវសំណាបក្រៀមងាប់អស់ទៅហើយ ។ គាត់ថាធ្វើស្រែតាំងពីដូនតាមកប្រវះជាមួយមេឃ ដល់បោះឆ្នោតមានការប្រកួតប្រជែងច្រើន គណបក្សនយោបាយបានប្រកូកប្រកាសថាធ្វើប្រព័ន្ធធារាសាស្រ្តឲ្យទឹកសំបូរ ក៏គាត់នៅតែធ្វើស្រែប្រវះជាមួយមេឃដដែល ។
ស្ត្រីវ័យចាស់ឈ្មោះ ឡន បានមានប្រសាសន៍ថា ៖ «ចប់រឿងគ្មានទឹកបូមដាក់នឹងគេ សាបអស់៣-៤តៅ ឥឡូវក្រហមអស់ហើយ បើភ្លៀងមកក្រែងលោវារស់ខ្លះ បើភ្លៀងមិនមកងាប់អស់ហើយ ។ បើសិនជាមានទឹកមក ត្រូវសំណាបពេញស្ទូងណាស់ ២ខែជាងហើយ សំណាប ។ ខ្ញុំអត់មានប្រឡាយអីបូមដាក់នឹងគេ ស្រែវាឆ្ងាយ បូមអត់ដល់ ធ្វើម៉េចបាននឹងគេ» ។
បុរសកំពុងប្រមូលផ្លែត្នោតទុំដែលជ្រុះពេញដីអះអាងថា រៀងរាល់ការឃោសនាបោះឆ្នោតគ្រប់គណបក្សនយោបាយសុទ្ធតែសន្យាថា នឹងធ្វើឲ្យជីវភាពប្រជាកសិករកាន់តែប្រសើរឡើង ដោយសន្យារៀបចំកែប្រែប្រព័ន្ធធារាសាស្រ្តជាដើម ។ ប៉ុន្តែ១អាណត្តិហើយ ១អាណត្តិទៀត ក្រោយជាប់ឆ្នោតកសិករខ្លួនឯងស្រវេស្រវាខ្ចីបុលប្រាក់គេយកមកជីកស្រះ ជីកអណ្តូងតាមផ្ទះយកទឹកប្រើប្រាស់និងបូមទឹកដាក់ស្រែ ដាំស្រូវ ដាំដំណាំ ។ រីឯផ្លូវថ្នល់ទាល់តែមានប្រាក់បដិភាគ ៣ពាន់រៀល ១គ្រួសារ ទើបអាចមានផ្លូវក្រួសក្រហមដើរ និងដឹកកសិផលយកទៅលក់ងាយស្រួល ។
បុរសដដែលបានឲ្យដឹងថា ៖ «បោះឆ្នោតហើយនៅស្ងៀម ស្ងាត់ឈឹងទាំងអស់គ្នា អត់មានរឿងប្រព័ន្ធធារាសាស្រ្ដអត់មានទេ ។ ប៉ះពាល់រឿងជីវភាព ខ្ញុំរកស៊ីនឹងកម្លាំងខ្លួនឯង ខ្ញុំកាប់អុសកាប់អីលក់ ជួនកាលគោះអង្រ្កងអីលក់ទៅ បានមួយថ្ងៃ ៦-៧ពាន់ ទិញទឹកដោះគោឲ្យកូន កូនពីរហ្នឹង។ អ៊ីចឹងបានថាវាពិបាកណាស់ការងារហ្នឹង ឥឡូវហ្នឹងវាស្ងាត់ឈឹងអ៊ីចឹង ។ ខ្ញុំមិនដឹងធ្វើម៉េច ចង់ឲ្យតែបងប្អូនធូរធារអ៊ីចឹង ជីវភាពដូចខ្ញុំចង់ឲ្យធូរធារ ដល់ពេលឥឡូវ បន្ទាប់ពីបោះឆ្នោតហើយគាត់នៅស្ងៀម មិនដឹងធ្វើម៉េច គណបក្សនយោបាយទាំងអស់គាត់នៅស្ងៀមឈឹងទាំងអស់» ។
បន្តចេញពីឃុំអង្គរជ័យមកឃុំតានី អ្នកភូមិតាព្រាមរអ៊ូរដូចគ្នានឹងឃុំអង្គរជ័យដែរ ថាគ្មានទឹកភ្លៀងសំណាបងាប់ស្ទើរអស់ ៖ «សំណាបខ្ញុំពីរថ្នាលងាប់ទាំងអស់ ។ សាបក្រោយមួយទៀតរីងត្រពាំងអស់ ឥឡូវស្រែខ្ញុំស្ទូងអ៊ីអ៊ែអស់ទៀតហើយ មានសង្ឃឹមអី មិនទាន់ចេញផង» ។
បុរសម្នាក់ទៀតឈ្មោះ គឹម សូវន ទើបឡើងមកពីស្រែអះអាងថា ៖ «ពិបាកថាណាស់ឥឡូវហ្នឹងរាំងអស់ហើយ ដាស់ស្រែមិនទាន់ហើយផង ។ រាំងណាស់ ព្រឹកមិញគេទើបបូម គេមានប្រភពទឹក គេបូមទៅ ខ្ញុំអត់មានទឹកឯណា... ។ មិនព្រួយយ៉ាងម៉េចបើអត់ស្រូវអង្ករហូប នៅស្រែ ខ្ញុំទៅរកលុយឯណា ?» ។
ស្រ្តីមេម៉ាយកូន៣នាក់លក់ផ្លែទៀបទុំនិងផ្លែចាន់ ក្បែរថ្នល់ជាតិលេខ៣១ នៅឃុំតានី អះអាងថាគាត់ជាស្រីមេម៉ាយ ខំត្រដរធ្វើស្រែ ភ្ជួររាស់ ខ្លួនឯង ។ ប៉ុន្តែឆ្នាំនេះការខំប្រឹងប្រែងរបស់គាត់ទំនងជាគ្មានសង្ឃឹមឡើយ ដោយសំណាបនៅក្បែរជើងភ្នំងាប់អស់ទៅហើយ ។ ឯសំណាបក្បែរផ្ទះគាត់ខំជួលម៉ាស៊ីនបូមទឹកគេ អស់ច្រើនម៉ឺនរៀលក៏ក្រៀមងាប់អស់ទៀត ។
ស្ត្រីមេម៉ាយដដែលបានមានប្រសាសន៍ថា ៖ «ខ្ញុំសាបមួយខែជាងហើយ ឥឡូវស្វិតងាប់ កំពុងតែភ័យរឿងស្រូវ ដល់អត់មានទឹកភ្លៀងភ័យ ដល់ស្វិតអស់រលីងទៅ មិនដឹងដោះស្រាយផ្លូវណាទេអ៊ីចឹង ចាំមើលតែទឹកភ្លៀង តាំងពីសាបហើយអត់ដែលភ្លៀងទេ ភ្លៀងកាលទើបសាបបាន១០ថ្ងៃ ដុះបានប៉ុណ្ណឹង ដល់រួចមកអត់» ។
មេឃុំតានី លោក អីវ ស្ងួន មានប្រសាសន៍ថាក្នុង៧ភូមិនៃឃុំតានី បានសាប១០០% ប៉ុន្តែតាំងពីចុងខែឧសភាមកបច្ចុប្បន្នទឹកតាមប្រព័ន្ធកូនប្រឡាយនិងស្រះទឹកតាមភូមិនានាបានគោកស្ងួតអស់ទឹក ដោយអ្នកភូមិខ្លះដណ្តើមគ្នាបូមទឹកដាក់ស្រូវដើមរដូវឲ្យមានគ្រាប់ពេញបានផលច្រូតកាត់ ។ ហើយបែរជាខ្វះទឹកសំណាបស្រូវវស្សា ។
លោកថាបើរំពឹងទឹកភ្លៀងមិនធ្លាក់មកសោះនាំឲ្យសំណាបគ្រប់ថ្នាលកាន់តែខ្វះទឹកច្រើនទៅ ។ សំណាបខ្លះក្រៀម ខ្លះងាប់បណ្តើរៗដោយគ្មានប្រព័ន្ធធារាសាស្រ្តជួយសង្រ្គោះបានទេ ។ រីឯគម្រោងកែប្រែប្រព័ន្ធធារាសាស្រ្ត ឬសាងសង់បន្ថែម ក៏មិនអាចធ្វើទៅបានដោយរដ្ឋគ្មានថវិការគ្រប់គ្រាន់ ។
លោក អីវ ស្ងួន បានមានប្រសាសន៍ថា ៖ «ព្រោះថាភូមិសាស្រ្ដនៅក្នុងឃុំរបស់ខ្ញុំនេះ វាឆ្ងាយពីប្រភពទឹក មិនអាចធ្វើប្រឡាយពីបឹងមកបានទេ ចំណាយទុនច្រើន ហើយវាត្រូវកាត់ភូមិ កាត់ដីវារាប់គីឡូពីបឹង អ៊ីចឹងមានតែភូមិគេក្បែរបឹងហ្នឹង គឺយើងមានប្រឡាយរបស់យើងអាចស្ដារសំណាបហ្នឹងបាន...។ បើសិនជាភ្លៀងឥឡូវនេះយើងនៅតែបាន១០០%» ។
បើយើងសង្កេតមើលពីតាមថ្នល់ជាតិលេខ៣ ចាប់ពីឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ រហូតដល់ខេត្តកំពតដីច្រើនរយហិកតាស្ងួតក្រៀម ខ្លះមិនបានភ្ជួរដាស់ដីស្រែនៅឡើយទេ ។
យោងតាមមន្រ្តីជំនាញកសិកម្មនិងមន្រ្តីឧត្តុនិយមឲ្យដឹងថា ក្នុងរដូវវស្សាចាប់ពីខែមិថុនានិងខែកក្កដា មានកូនរដូវប្រាំង១ ទឹកភ្លៀងមិនបានធ្លាក់ជោកជាំបានទេ ។
បើតាមការអះអាងរបស់អាជ្ញាធរនិងអ្នកស្រុកខេត្តកំពតបានឲ្យដឹងថា កាលពីឆ្នាំមុនទឹកភ្លៀងបានធ្លាក់ល្អ អ្នកស្រុកធ្វើស្រែបានផលច្រើន ទោះបីមានកូនរដូវប្រាំងក្នុងរដូវវស្សាក៍ដោយ ៕
