ខ្មែរ​នៅ​ស.រ.អា.​រៀបចំ​ដាក់​ញត្តិ​ប្ដឹង​ប្រទេស​ថៃ​ទៅ​អង្គការ​សហ​ប្រជាជាតិ

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក (ស.រ.អា.) កំពុងតែ​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ដាក់​ញត្តិ​មួយ​ច្បាប់​ជូន​អង្គការ​សហ​ប្រជាជាតិ និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ប្ដឹង​ប្រទេស​ថៃ​អំពី​ការប្រើ​កម្លាំង​ទ័ព​ឈ្លានពាន​លើ​បូរណភាព​ទឹក​ដី​កម្ពុជា​នៅ​ប្រាសាទ​ព្រះវិហារ ។

នៅ​ក្នុង​ញត្តិ​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​ច័ន្ទ ទី​២១ កក្កដា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយសមុទ្ទ​នោះ​បាន​ថ្កោលទោស​ប្រទេស​ថៃ ថា​បាន​ឈ្លានពាន​និង​រំលោភ​លើ​បូរណភាព​ដែន​ដី​មក​លើ​ប្រទេស​កម្ពុជា និង​បាន​ទាមទារ​ឲ្យ​ថៃ​គោរព​សាលក្រម​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ដែល​បាន​សម្រេច​ឲ្យ​កម្ពុជា​ជា​ម្ចាស់​លើ​ប្រាសាទ​ព្រះវិហារ​និង​តំបន់​ជុំវិញ​ប្រាសាទ ។

នៅ​ក្នុង​ញត្តិ​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចាត់ទុក​ថា ទង្វើ​របស់​ប្រទេស​ថៃ​គឺ​ជា​ការប្រមាថ​មើលងាយ​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​ស្ថាប័ន​ពិភពលោក​ដែល​ពាក់ព័ន្ធ រួម​មាន​តុលាការ​អន្តរជាតិ អង្គការ​សហ​ប្រជាជាតិ និង​ប្រទេស​មហា​អំណាច​ធំៗ ជាពិសេស​គឺ​សហរដ្ឋ​អាមេរិក ។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឯ​ក្រៅ​ប្រទេស​ថែមទាំង​បាន​ទាមទារ​ឲ្យ​ប្រទេស​ថៃ​ប្រគល់​រូប​ចម្លាក់ និង​សិលា​ចារឹក​នានា​ដែល​ខ្លួន​បាន​នាំ​យក​ទៅ​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ ៕