ខ្មែរ​អ៊ិស្លាម​រីករាយ​ចំពោះ​ទស្សនកិច្ច​ព្រះមហាក្សត្រ​ម៉ាឡេស៊ី

2008-05-29

បណ្តា​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​មាន​សេចក្តី​រីករាយ​និង​ស្វាគមន៍​ដល់​ព្រះមហាក្សត្រ​ប្រទេស​ម៉ាឡេស៊ី ព្រះនាម Sultan Mizan Zanal Abidin និង​ព្រះមហាក្សត្រិយានី Nur Zahirah ដែល​បាន​យាង​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​តាម​ផ្លូវ​រដ្ឋ ។

RFA Photo

ព្រះមហាក្សត្រ​នៃ​ប្រទេស​ម៉ាឡេស៊ី ព្រះបាទ ស៊ុលតង់ មីហ្សាន ហ្សាយណាល់ អាពីទីន (ខាងស្ដាំ) និង​ព្រះមហាក្សត្រិយ៍ នរ សាហ៊ីរ៉ស់ យាង​មក​ដល់​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​២៨ ឧសភា ២០០៨។

ប្រជាពលរដ្ឋ​ដែល​វិទ្យុ​អាស៊ីសេរី​បាន​សម្ភាសន៍​ថ្លែង​ថា ខ្សែ​រាជវង្ស​ប្រទេស​ទាំងពីរ​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា និង​យកចិត្ត​ទុកដាក់​មក​លើ​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​តាំងពី​សម័យ​សង្គម​រាស្រ្ត​និយម​មកម៉្លេះ ។

បណ្តា​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​មាន​ទស្សនៈ​ថា ប្រទេស​ម៉ាឡេស៊ី​តែងតែ​ផ្តល់​ជំនួយ​តាម​សមាគម​នានា​ដល់​សហគមន៍​ខែ្មរ​អ៊ិស្លាម​នា​ពេល​កន្លង​មក ។ ម្យ៉ាងទៀត​ ប្រជាពលរដ្ឋ​ខែ្មរ​អ៊ិស្លាម​កាន់​សាសនា​អ៊ិស្លាម​ដូចគ្នា​ផងដែរ ។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កណ្តាល លោក អាប់ឌុលរ៉ោះម៉ាន បាន​និយាយ​ថា គាត់​បាន​រស់​នៅ​ច្រើន​ជំនាន់​មក​ហើយ​ឃើញ​ថា ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា ហើយ​លោក​សង្ឃឹម​ថា ការ​ទស្សនកិច្ច​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​នឹង​មាន​ជំនួយ​ឧបត្ថម្ភ​ដល់​សាសនិក​អ៊ិស្លាម​នៅ​កម្ពុជា ។

លោក អាប់ឌុលរ៉ោះម៉ាន បាន​ឲ្យ​ដឹង​ថា ៖ «ដល់​ប្រជាពលរដ្ឋ​ចាម​យើង​នៅ​ស្រុក​ខ្មែរ​ពិតៗ ព្រោះ​ស្ដេច​ម៉ាឡេស៊ី​ហ្នឹង​នាំ​អ្វីៗ​យក​មក​ជួយ​ប្រជាពលរដ្ឋ»

ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ បាន​សម្ដែង​នូវ​ក្តី​រីករាយ​ដល់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី និង​ព្រះមហាក្សត្រិយានី លោក អ៊ីសា បាន​និយាយ​ថា ពិត​ប្រាកដ​ណាស់​ព្រះ​មហាក្សត្រ​ទាំង​ពីរ​មាន​ការ​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​កាន់តែ​មាន​ផល​ប្រយោជន៍ ៖ «ផលប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​សាសនិក​អ៊ិស្លាម​តែម្ដង»

ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះធំ លោកស្រី សាហ្វារី បាន​និយាយ​ថា​លោកស្រី​មាន​ការ​រីករាយ​ដែល​បាន​ឃើញ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​យាង​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា ។ លោកស្រី​សង្ឃឹម​ថា នឹង​មាន​ព្រះមហាក្សត្រ​អ៊ិស្លាម​នៅ​ប្រទេស​ដទៃទៀត​យាង​មក​ប្រទេស​កម្ពុជា ដូច​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ផងដែរ ។

លោកស្រី សាហ្វារី បាន​មាន​ប្រសាសន៍​ថា ៖ «ក្នុង​ការ​មក​ទស្សនកិច្ច​របស់​ស្ដេច​ម៉ាឡេស៊ី​ក្នុង​ស្រុក​ខ្មែរ​យើង​នេះ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ពីព្រោះ​ថា​គាត់​គឺ​ជា​អ៊ិស្លាម​ដូចគ្នា ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​អ៊ិស្លាម​ជាច្រើន​សម្រុះ​សម្រួល​គ្នា​ដើម្បី​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ​យើង»

លោក ហាជ្ជី សឡេះ នៅ​សង្កាត់​ច្រាំងចំរេះ រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ព្រះ​មហាក្សត្រ​ម៉ាឡេស៊ី​យាង​មក​ទស្សនកិច្ច​នេះ ពុំ​មែន​មាន​តែ​ខ្មែរ​អ៊ិស្លាម​ប៉ុណ្ណោះ​ទេ ដែល​មាន​ផលប្រយោជន៍ គឺ​មាន​ប្រយោជន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ផ្នែក​នយោបាយ​ផងដែរ ។

លោក ហាជ្ជី សឡេះ បាន​បញ្ជាក់​ថា ៖ «គឺ​ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ទាំងអស់​សប្បាយ​និង​រីករាយ​ជា​ទីបំផុត ។ ទី​១ គឺ​ចំណេញ​ផ្នែក​នយោបាយ​សម្រាប់​រដ្ឋាភិបាល ជាពិសេស​គឺ​សម្រាប់​បងប្អូន​អ៊ិស្លាម​នៅ​កម្ពុជា...»

ព្រះ​មហាក្សត្រនិង​ព្រះមហាក្សត្រិយានីយាង​មក​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ គឺ​ដើម្បី​ពង្រឹង​មិត្តភាព​និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ។ ហើយ​នៅ​ថ្ងៃ​ទី​២៩ ឧសភា​នេះ ព្រះអង្គ​និង​ព្រះមហាក្សត្រិយានី​យាង​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប ៕

អត្ថបទ​ដែល​ទាក់ទង

មន្ត្រី​ប៉ូលិស​ខ្មែរ​គ្រោង​ទៅ​ចូលរួម​មហា​សន្និបាត​ប៉ូលិស​អន្តរជាតិ Interpol នៅ​រុស្ស៊ី

មន្ត្រី​ខ្មែរ៖ ស.រ.អា.​មិន​គួរ​បារម្ភ​ចំពោះ​ខ្មែរ​អ៊ិស្លាម​ក្នុង​ការភ្ជាប់​ចំណង​ជាមួយ​ក្រុម​ភេរវកម្ម

កងទ័ព​ជើង​ទឹក​បារាំង​បង្ហាញ​សកម្មភាព​សង្គ្រោះ​បន្ទាន់​ដល់​ទាហាន​ខ្មែរ

សម្ដេច​ឪ​សុំ​កុំ​ឲ្យ​មាន​ការផ្ញើ​សារ​លិខិត​ថ្វាយ​ពរ​និង​តង្វាយ​ផ្សេងៗ

កម្ពុជា​ទទួល​បាន​កិច្ច​គាំទ្រ​ពី​ស.រ.អា.​ដោយសារ​រឿង​ប្រេង?

ស.រ.អា.៖ កម្ពុជា​បាន​គោរព​និង​ប្រតិបត្តិ​គោលការណ៍​សេរីភាព​សាសនា

គណៈប្រតិភូ​ខ្មែរ​មួយ​ក្រុម​គ្រោង​ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន

មេដឹកនាំ​ខ្មែរ​ស្វាគមន៍​ការឡើង​កាន់​តំណែង​ថ្មី​របស់​នាយក​រដ្ឋមន្ត្រី​ថៃ

បក្ស​សមរង្ស៊ី​អះអាង​ថា​ព្រះ​មហាក្សត្រ​យល់ព្រម​តាម​សំណូមពរ

ស.រ.អា.​ផ្តល់​ថវិកា​ជំនួយ​សម្រាប់​គម្រោង​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា