ប្រជាពលរដ្ឋដែលវិទ្យុអាស៊ីសេរីបានសម្ភាសន៍ថ្លែងថា ខ្សែរាជវង្សប្រទេសទាំងពីរមានទំនាក់ទំនងល្អនឹងគ្នា និងយកចិត្តទុកដាក់មកលើពលរដ្ឋខ្មែរអ៊ិស្លាមតាំងពីសម័យសង្គមរាស្រ្តនិយមមកម៉្លេះ ។
បណ្តាប្រជាពលរដ្ឋខ្មែរអ៊ិស្លាមមានទស្សនៈថា ប្រទេសម៉ាឡេស៊ីតែងតែផ្តល់ជំនួយតាមសមាគមនានាដល់សហគមន៍ខែ្មរអ៊ិស្លាមនាពេលកន្លងមក ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋខែ្មរអ៊ិស្លាមកាន់សាសនាអ៊ិស្លាមដូចគ្នាផងដែរ ។
ប្រជាពលរដ្ឋនៅខេត្តកណ្តាល លោក អាប់ឌុលរ៉ោះម៉ាន បាននិយាយថា គាត់បានរស់នៅច្រើនជំនាន់មកហើយឃើញថា ប្រទេសទាំងពីរមានទំនាក់ទំនងល្អនឹងគ្នា ហើយលោកសង្ឃឹមថា ការទស្សនកិច្ចព្រះមហាក្សត្រម៉ាឡេស៊ីនឹងមានជំនួយឧបត្ថម្ភដល់សាសនិកអ៊ិស្លាមនៅកម្ពុជា ។
លោក អាប់ឌុលរ៉ោះម៉ាន បានឲ្យដឹងថា ៖ «ដល់ប្រជាពលរដ្ឋចាមយើងនៅស្រុកខ្មែរពិតៗ ព្រោះស្ដេចម៉ាឡេស៊ីហ្នឹងនាំអ្វីៗយកមកជួយប្រជាពលរដ្ឋ» ។
ប្រជាពលរដ្ឋនៅភូមិជ្រោយចង្វា ខណ្ឌឫស្សីកែវ បានសម្ដែងនូវក្តីរីករាយដល់ព្រះមហាក្សត្រម៉ាឡេស៊ី និងព្រះមហាក្សត្រិយានី លោក អ៊ីសា បាននិយាយថា ពិតប្រាកដណាស់ព្រះមហាក្សត្រទាំងពីរមានការទំនាក់ទំនងល្អនឹងគ្នាធ្វើឲ្យប្រជាពលរដ្ឋខ្មែរអ៊ិស្លាមកាន់តែមានផលប្រយោជន៍ ៖ «ផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសសាសនិកអ៊ិស្លាមតែម្ដង» ។
ប្រជាពលរដ្ឋនៅស្រុកកោះធំ លោកស្រី សាហ្វារី បាននិយាយថាលោកស្រីមានការរីករាយដែលបានឃើញព្រះមហាក្សត្រម៉ាឡេស៊ីយាងមកទស្សនកិច្ចប្រទេសកម្ពុជា ។ លោកស្រីសង្ឃឹមថា នឹងមានព្រះមហាក្សត្រអ៊ិស្លាមនៅប្រទេសដទៃទៀតយាងមកប្រទេសកម្ពុជា ដូចព្រះមហាក្សត្រម៉ាឡេស៊ីផងដែរ ។
លោកស្រី សាហ្វារី បានមានប្រសាសន៍ថា ៖ «ក្នុងការមកទស្សនកិច្ចរបស់ស្ដេចម៉ាឡេស៊ីក្នុងស្រុកខ្មែរយើងនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយពីព្រោះថាគាត់គឺជាអ៊ិស្លាមដូចគ្នា ។ ហើយខ្ញុំសង្ឃឹមថា នឹងមានអ៊ិស្លាមជាច្រើនសម្រុះសម្រួលគ្នាដើម្បីទស្សនកិច្ចនៅស្រុកខ្មែរយើង» ។
លោក ហាជ្ជី សឡេះ នៅសង្កាត់ច្រាំងចំរេះ រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ព្រះមហាក្សត្រម៉ាឡេស៊ីយាងមកទស្សនកិច្ចនេះ ពុំមែនមានតែខ្មែរអ៊ិស្លាមប៉ុណ្ណោះទេ ដែលមានផលប្រយោជន៍ គឺមានប្រយោជន៍ដល់រដ្ឋាភិបាលកម្ពុជាផ្នែកនយោបាយផងដែរ ។
លោក ហាជ្ជី សឡេះ បានបញ្ជាក់ថា ៖ «គឺខ្ញុំជឿថា ប្រជាពលរដ្ឋនៅកម្ពុជាទាំងអស់សប្បាយនិងរីករាយជាទីបំផុត ។ ទី១ គឺចំណេញផ្នែកនយោបាយសម្រាប់រដ្ឋាភិបាល ជាពិសេសគឺសម្រាប់បងប្អូនអ៊ិស្លាមនៅកម្ពុជា...» ។
ព្រះមហាក្សត្រនិងព្រះមហាក្សត្រិយានីយាងមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាចំនួនបីថ្ងៃ គឺថ្ងៃទី២៨ ដល់ថ្ងៃទី៣១ គឺដើម្បីពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ម៉ាឡេស៊ី ។ ហើយនៅថ្ងៃទី២៩ ឧសភានេះ ព្រះអង្គនិងព្រះមហាក្សត្រិយានីយាងទៅទស្សនកិច្ចនៅខេត្តសៀមរាប ៕
