មេ​បញ្ជាការ​កងទ័ព​ខ្មែរ​-​ថៃ​ជួប​ប្រជុំ​គ្នា​ជុំវិញ​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​រាយការណ៍​ថា មាន​ការជួប​ប្រជុំ​គ្នា​រវាង​មេបញ្ជាការ​កងទ័ព​ថៃ​និង​មេបញ្ជាការ​កងទ័ព​ខ្មែរ​ជុំវិញ​ការប៉ះទង្គិច​គ្នា​រវាង​ទាហាន​ខ្មែរ​និង​ថៃ​នៅ​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ។

ម៉ាយ៉ារិទ្ធិ ៖ លោក សាវយុត តើ​ស្ថានភាព​ចុង​ក្រោយ​មាន​ភាព​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ឬ​ទេ?

សាវយុត ៖ សូម​ជម្រាប​ថា រហូត​មក​ដល់​ថ្ងៃ​ទី​៤ ខែ​តុលា​នេះ សភាពការណ៍​ចុង​ក្រោយ​បាន​វិឌ្ឍន៍​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​នេះ ដោយ​មាន​ការជួប​ប្រជុំ​រវាង​មេបញ្ជាការ​កង​កម្លាំង​ស៊ូរនារី​របស់​ថៃ ហើយ​និង​មេបញ្ជាការ​កងទ័ព​ខ្មែរ​នៅ​ឯ​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​ហ្នឹង គឺ​លោក​ឧត្ដមសេនីយ៍ ស្រី ឌឹក បាន​ជួប​ជាមួយ​មេបញ្ជាការ​រង​ស៊ូរនារី​របស់​ថៃ លោក ឆៃយ៉ាន់ហ៊ុយ ស៊ុងនឿន។ ហើយ​នៅ​ពេល​ហ្នឹង​ខាង​កងទ័ព​ថៃ​មាន​ការជជែក​គ្នា​ជា​ខ្លាំង​ជាមួយ​នឹង​មេបញ្ជាការ​យោធា​ខ្មែរ ក៏ប៉ុន្តែ​ក្រោយ​មក​ខាង​កង​ទាហាន​ខ្មែរ​បាន​បង្ហាញ​ឯកសារ​ជា​ច្រើន​រួម​ទាំង​មាន​ផែនទី ធ្វើ​ឲ្យ​កង​កម្លាំង​របស់​ថៃ​ហ្នឹង​មិន​អាច​ជជែក​យក​ឈ្នះ​បាន​ប្រកែក​ដោះសា​បាន​នោះ ទីបំផុត​មេ​ទ័ព​របស់​ថៃ​ហ្នឹង​បាន​ទទួល​ស្គាល់​ថា គួរ​ឲ្យ​មាន​ការសោកស្ដាយ​ហើយ​ខ្លួន​បាន​សុំ​អភ័យទោស​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នោះ។

ម៉ាយ៉ារិទ្ធិ ៖ ទន្ទឹម​នឹង​នោះ​ដែរ​មាន​សេចក្ដី​រាយការណ៍​បញ្ជាក់​ថា កម្លាំង​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​ហ្នឹង​ហាក់​ដូច​ជា​កំពុងតែ​ត្រៀម​ក្នុង​ការតទល់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ តើ​លោក​មាន​ឮ​សេចក្ដី​រាយការណ៍​នេះ​ដែរ​ឬ​ទេ?

សាវយុត ៖ ការ​ដែល​លេចឮ​ថា កង​កម្លាំង​ទាំង​ពីរ​កំពុងតែ​ត្រៀម​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តឹងតែង​ដោយ​អាវុធ​នោះ គឺ​កើត​មាន​ចាប់​តាំង​ពី​មាន​ការប៉ះ​ប្រយុទ្ធ​គ្នា​នៅ​ឯ​តំបន់​ព្រលាន​ឥន្ទ្រី ភ្នំ​ទ្រព្យ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​មក​ម៉្លេះ។

ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ​សភាពការណ៍​នៅ​ឯ​សមរភូមិ​ជួរ​មុខ​នៃ​ការប្រឈម​មុខ​ដាក់​គ្នា​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ​ហ្នឹង ស្ថានភាព​កងទ័ព​នៅតែ​មាន​ការប្រឈម​មុខ​ដាក់​គ្នា​នៅ​ឡើយ ដោយ​គេ​ឃើញ​កងទ័ព​ថៃ​ដែល​ទម្លាប់​ដេក​នៅ​ក្នុង​តង់​កៅស៊ូ ហើយ​តែងតែ​ចូល​មក​ទំនាក់​ទំនង​លេង​សើច​ជាមួយ​កងទ័ព​ខ្មែរ​នោះ ឥឡូវ​នេះ​មិន​បាន​ចូល​មក​ស្និទ្ធស្នាល​ជាមួយ​គ្នា​ទៀត​ទេ ហើយ​គេ​បាន​ដក​ឃ្លា​ចេញ​ទៅ​កន្លែង​ផ្សេងៗ​របស់​គេ ហើយ​មាន​ការជីក​លេណដ្ឋាន​ប្រុង​ប្រយ័ត្ន​យ៉ាង​តឹងរ៉ឹង​បំផុត។

ប៉ុន្តែ​ក្រោយពី​មាន​ការជួប​ប្រជុំ​គ្នា​រវាង​មេបញ្ជាការ​កង​កម្លាំង​ស៊ូរនារី​របស់​ថៃ ហើយ​និង​កង​កម្លាំង​របស់​ខ្មែរ​កងពល​ធំ​លេខ​១២ លោក​ឧត្ដមសេនីយ៍ ស្រី ឌឹក ហ្នឹង គឺ​ខាង​រដ្ឋាភិបាល​ខ្មែរ​ហ្នឹង​បាន​គិត​ថា ការនិយាយ​ពាក្យ​សោកស្ដាយ​និង​សុំ​អភ័យទោស​របស់​ថៃ​ហ្នឹង​ហាក់​ដូច​ជា​ថៃ​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ។ ក៏ប៉ុន្តែ​ខាង​កង​កម្លាំង​ខ្មែរ​ហ្នឹង​បាន​សុំ​ឲ្យ​ថៃ​ពង្រឹង​ធ្វើ​ម៉េច​ឲ្យ​សភាពការណ៍​ហ្នឹង​បាន​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ ហើយ​កុំ​ឲ្យ​មាន​ការបាញ់​រះ​ដោយ​កងទ័ព​ថៃ​កើតឡើង​នៅ​តំបន់​ក្បែរៗ​ហ្នឹង​ម្ដង​ទៀត ហើយ​សុំ​កុំ​ឲ្យ​មាន​ចល័ត​ទ័ព​ដូច​ការចរចា​គ្នា ឲ្យ​គោរព​ទៅ​តាម​ការចរចា​គ្នា​នៅ​ឯ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា​មក​ស្រាប់។

ម៉ាយ៉ារិទ្ធិ ៖ ហើយ​ចុះ​កន្លែង​ដែល​កើត​ហេតុ​នោះ​តើ​នរណា​កំពុង​ឈរ​ជើង​ឥឡូវ​នេះ?

សាវយុត ៖ ក្រោយពី​កើត​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​មួយ​ប្រ៉ាវ​មក​ឃើញ​ថា កងទ័ព​ខ្មែរ​គឺ​នៅ​ឈរ​នៅ​កន្លែង​ហ្នឹង​ដដែល ការបោះ​ទីតាំង​នៅ​ដដែល។ ដោយឡែក​កងទ័ព​ថៃ​មិន​មាន​វត្តមាន​នៅ​ទី​នោះ​ទេ គឺ​បាន​ដក​ចេញ​ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ​បន្ទាប់ពី​ផ្ទុះ​អាវុធ​តទល់​គ្នា​មក។ ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​សៅរ៍ គឺ​មាន​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​កលយុគ​របស់​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​ហ្នឹង​សា​ជា​ថ្មី ដើម្បី​រក​មូលហេតុ​ឲ្យ​ច្បាស់​ថា​តើ​ការផ្ទុះ​ហ្នឹង​បណ្ដាល​មក​ខ្មែរ​ចូល​លុកលុយ​ដូច​ពាក្យ​មេ​បញ្ជាការ​ថៃ​អះអាង ឬ​ក៏​បណ្ដាល​មក​ពី​អ្វី?

ក៏ប៉ុន្តែ​ទីបំផុត​មេបញ្ជាការ​ជាន់ខ្ពស់​ខ្មែរ​ហ្នឹង​បាន​យក​ផែនទី​មក​ចាប់​មើល​ឃើញ​ថា ថៃ​បាន​ចូល​មក​ក្នុង​ព្រំដែន​ខ្មែរ​ជម្រៅ​ភាគ​ខាង​ជើង​ប្រហែល​ជា​ជាង​១០០០​ម៉ែត្រ ហើយ​ភាគ​ខាង​លិច​បាន​ចូល​មក​ជាង​៩០០​ម៉ែត្រ​ឯណោះ