លោកឧត្តមសេនីយ៍ វិជិត យ៉ាធិប បានឲ្យដឹងថា លោក ទៀ បាញ់ បានថ្លែងប្រាប់លោកថា ការប៉ះទង្គិចគ្នាផ្នែកយោធារវាងកងទ័ពថៃនិងកម្ពុជានៅខាងលិចប្រាសាទព្រះវិហារ កាលពីវេលាម៉ោង៣:៣០រសៀល ថ្ងៃទី៣ តុលានោះ ពុំមានលក្ខណៈធ្ងន់ធ្ងរទេ។
ការប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រដែលបណ្តាលឲ្យទាហានថៃ២នាក់និងទាហានខ្មែរម្នាក់រងរបួសនោះ លោក វិជិត យ៉ាធិប បានថ្លែងថា ភាគីទាំងសងខាងសុទ្ធតែអះអាងថា ទាហានរបស់ខ្លួននៅខាងទឹកដីរបស់ខ្លួនរៀងៗខ្លួន ដោយពុំមានចេតនាបង្កជម្លោះនិងទុក្ខទោសដល់ភាគីណានោះទេ។
លោកឧត្តមសេនីយ៍ថៃថ្លែងទៀតថា ការប្រយុទ្ធគ្នាកាលពីរសៀលថ្ងៃសុក្រនោះនឹងមិនធ្វើឲ្យប៉ះពាល់ផែនការជួបចរចាគ្នារវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរនាពេលខាងមុខនេះទេ។
លោក វិជិត យ៉ាធិប បានអះអាងបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីថៃ ស៊ុមឆៃ វង្សសុវត្ថិ នឹងជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅទីក្រុងភ្នំពេញ នាថ្ងៃទី១៣ តុលាខាងមុខនេះ ដើម្បីពិភាក្សាអំពីជម្លោះព្រំដែនរវាងប្រទេសទាំងពីរ៕
