ជនជាតិខ្មែរអ៊ិស្លាមបានត្រៀមលក្ខណៈសព្វបែបយ៉ាងនៅពិធីបុណ្យនេះ។ ក្មេងៗរត់លេងក្នុងសម្លៀកបំពាក់ថ្មីរបស់គេនៅទូទាំងភូមិ រីឯយុវជនក៏ដូចជាមនុស្សចាស់បានចូលវិហារថ្វាយបង្គំនិងស្តាប់ធម៌យ៉ាងស្ងៀមស្ងាត់បន្ទាប់ពីថ្វាយបង្គំរួចនៅពេលព្រឹក។
សាសនិកអ៊ិស្លាមមកពីទីជិតឬឆ្ងាយទៅជួបជុំក្រុមគ្រួសារនៅឯភូមិស្រុកកំណើតរបស់ខ្លួនព្រោះជាថ្ងៃដែលមានសារសំខាន់ចំពោះពួកគេ។
ក្នុងចំណោមអ្នកទាំងនោះទាំងតូចធំត្រូវតែបញ្ចេញការបរិច្ចាគទានទៅឲ្យអ្នកក្រីក្រក្នុងភូមិដូចជាអង្ករ ឬជាថវិកា ហើយអ្នកក្រក៏ត្រូវបញ្ចេញការបរិច្ចាគទានទៅឲ្យអ្នកក្រផ្សេងទៀតដែរ។
សាសនិកអ៊ិស្លាមនៅទូទាំងពិភពលោកបានប្រារព្ធពិធីបុណ្យអ៊ីទិលហ្វីទ្រីនេះ គ្រាន់តែនៅប្រទេសដទៃមានការខុសគ្នារយៈពេលមួយថ្ងៃឬត្រូវគ្នាក្នុងពេលតែមួយ អាស្រ័យលើការឃើញខ្នើតខែរបស់ប្រទេសនោះ។ នៅប្រទេសកម្ពុជាក៏ដូចជានៅប្រទេសជិតខាង ពិធីបុណ្យអ៊ីទិលហ្វីទ្រីត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ទី១ ខែតុលា។
ប្រជាពលរដ្ឋឈ្មោះ បូរី នៅភូមិចុងថ្នល់ ឃុំបារាយណ៍ ខេត្តតាកែវ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការនៅក្នុងភូមិរបស់លោកបានឈប់សម្រាកទាំងអស់គ្នា ហើយបានជួបជុំគ្នាយ៉ាងសប្បាយរីករាយ និងបង្ហាញពីការអាណិតស្រឡាញ់គ្នាទៅវិញទៅមក។
បូរី បានឲ្យដឹងថា ៖ «បើសិនជាយើងសង្កេតមើលទិដ្ឋភាពទាំងមូលនៅក្នុងភូមិ ឃើញថាក្មេងៗគាត់ស្លៀកសម្លៀកបំពាក់ស្អាតៗ។ ឃើញថាព្រលឹមឡើងហ្នឹង គឺបុរសៗ ក៏ដូចជាក្មេងៗ គេនាំគ្នាសម្អិតសម្អាងរាងកាយរបស់គេដើម្បីទៅចូលរួមធ្វើការថ្វាយបង្គំនៅក្នុងព្រះវិហារផងដែរ»។
នៅឯខេត្តកំពង់ចាមឯណោះវិញនៅថ្ងៃបុណ្យរ៉យ៉ាអ៊ីទិលហ្វីទ្រីនេះក៏ភាពមានអធិកអធមទូទាំងសហគមន៍ខ្មែរអ៊ិស្លាមផងដែរ។
លោក ស៊ី អ៊ៀត នៅភូមិជីនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ថ្ងៃបញ្ចប់នៃការអត់ធ្មត់តមនូវចំណីអាហាររយៈពេលមួយខែកន្លងមកហើយនោះ គឺថ្ងៃបុណ្យរ៉យ៉ានេះពួកគេបានបង្ហាញពីភាពសប្បាយរីករាយក្នុងសហគមន៍របស់ខ្លួន។ លើសពីនេះទៀតបានសោកស្តាយនូវខែបួសដែលបានកន្លងផុតទៅហើយនោះ។
លោក ស៊ី អ៊ៀត បានមានប្រសាសន៍ថា ៖ «ក្នុងថ្ងៃនេះសាសនិកជនទាំងអស់គឺមានសារសំខាន់ណាស់ដែលបានស្គាល់អ្នកថ្មីៗ ហើយនិងសុំការអភ័យទោសគ្នាទៅវិញទៅមក»។
និស្សិតឈ្មោះ សព្រី ដែលមកបន្តការសិក្សានៅសកវិទ្យាល័យឯកជនមួយនៅទីក្រុងភ្នំពេញបានមានប្រសាសន៍ថា លោកមិនបានទៅចូលរួមថ្ងៃបុណ្យនេះនៅឯស្រុកកំណើតទេ ប៉ុន្តែទោះជាយ៉ាងនេះក្តីលោកក៏បានសម្ដែងនូវក្តីរីករាយនិងស្វាគមន៍ចំពោះថ្ងៃបុណ្យនេះផងដែរ។
សព្រី បានបញ្ជាក់ថា ៖ «យើងបានធ្វើអ្វីដែលណាពីបានណែនាំបង្គាប់បញ្ជាមកលើយើង។ សម្រាប់ខ្ញុំគឺបានបួសនិងធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងខែនេះ គឺពេញ»។
ភាពអ៊ូអរសប្បាយរីករាយនេះមិនមែនកើតមានតែនៅសហគមន៍ខ្មែរអ៊ិស្លាមតាមតំបន់ជនបទប៉ុណ្ណោះទេ សហគមន៍ខ្មែរអ៊ិស្លាមដែលនៅជុំវិញទីក្រុងភ្នំពេញក៏មានភាពអ៊ូអរដែរ ដោយពួកគេបានសម្ដែងនូវភាពរាប់អានគ្នា និងសួរសុខទុក្ខគ្នាទៅវិញទៅមកនៅសហគមន៍របស់ពួកគេ។
ថ្នាក់ដឹកនាំភូមិខ្មែរអ៊ិស្លាមនៅគីឡូម៉ែត្រលេខ៨ ដែលហៅថា ហាកឹម លោក មហាម៉ាត់ សាឡេះ បានមានប្រសាសន៍ថា ការថ្វាយបង្គំនៅវិហាររបស់លោកមានមនុស្សជាង២០០០នាក់ ហើយបន្ទាប់ចេញពីវិហារពួកគេបានដើរសួរសុខទុក្ខគ្នានិងសុំការអភ័យទោសគ្នាទៅវិញទៅមក។
សង្គ្រាជវិហារអ៊ិស្លាមអន្តរជាតិភ្នំពេញ លោក មហាម៉ាត់ បានមានប្រសាសន៍ថា ថ្ងៃបុណ្យរ៉យ៉ានេះគ្រប់សាសនិកអ៊ិស្លាមអាចបរិភោភអ្វីៗវិញបានទាំងអស់ បន្ទាប់ពីការតមបរិភោគចំណីអាហារនៅពេលថ្ងៃកន្លងមកនោះ ប៉ុន្តែការបរិភោគនោះបានតែចំណីអាហារណាដែលហាលាល់តែប៉ុណ្ណោះ មានន័យថាចំណីអាហារណាដែលសាសនាអ៊ិស្លាមមិនបានហាមឃាត់។
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមម្ពុជា លោកឧកញ៉ា សុះ កំរី បានមានប្រសាសន៍ថា ការជួបជុំគ្នានៅក្នុងវិហារអ៊ិស្លាមដើម្បីថ្វាយបង្គំនោះមានលក្ខណៈប្រហែលនឹងថ្ងៃសុក្រដែរ ប៉ុន្តែមានភាពអ៊ូអរជាង ព្រោះជាថ្ងៃបុណ្យប្រចាំឆ្នាំរបស់សាសនិកអ៊ិស្លាម។
លោកឧកញ៉ា សុះ កំរី បានមានប្រសាសន៍ថា ៖ «ត្រូវរាល់ៗរូបសូម្បីតូចក្ដី ធំក្ដីហ្នឹង អាណាព្យាបាលត្រូវបញ្ចេញអង្ករក្នុងម្នាក់មួយកន្តាំងប្រហែលជា៣គីឡូក្រាមលើសខ្វះតិចតួចជូនទៅឲ្យអ្នកដែលក្រីក្រ។ ហើយយើងសម្លឹងថា ក្នុងភូមិហ្នឹងមានអ្នកក្រីក្រ នរណាខ្លះ? យើងស្ម័គ្រចិត្តយកទៅឲ្យអ្នកក្រីក្រណា ដើម្បីឲ្យគាត់មានម្ហូបនៅថ្ងៃហ្នុងដើម្បីគេហៅថាស៊ីជប់លៀង ឬក៏ធ្វើម្ហូបឆ្ងាញ់ដូចយើង»។
សូមជម្រាបថា ភូមិរបស់សហគមន៍ចាមឬខ្មែរអ៊ិស្លាមនៅទូទាំងប្រទេសកម្ពុជាមានជាង៤០០០ភូមិ ស្មើនឹងជាង៤០០០វិហារអ៊ិស្លាមដែរ។ ពិធីបុណ្យរ៉យ៉ាបានធ្វើឡើងនៅគ្រប់ភូមិរបស់សាសនិកអ៊ិស្លាមទាំងនោះកាលពីថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០០៨នេះ ព្រមគ្នា។ សាសនាអ៊ិស្លាមមានប្រពៃណីសុំទោសគ្នាទៅវិញទៅមក ទោះជាដឹងឬមិនបានដឹងថា ខ្លួនធ្លាប់បានប្រព្រឹត្តអ្វីខុសឆ្គងជាមួយគ្នាក៏ដោយ។ ជនជាតិខ្មែរអ៊ិស្លាមក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានជាង៦សែននាក់ រស់នៅស្ទើរតែគ្រប់ខេត្តក្រុង។ ក្នុងចំណោមនោះមានជាង៣សែននាក់នៅតែរក្សាទំនៀមទម្លាប់ចាម បុរាណថ្វាយបង្គំតែម្តងក្នុងមួយសប្តាហ៍នៅថ្ងៃសុក្រដែលកាន់សាសនាតាមក្រុមកនអ៊ីម៉ាំសាន់។
យោងតាមឯកសារស្រាវជ្រាវរបស់អ្នកស្រាវជ្រាវឯករាជ្យ លោក អ៊ីសាអូស្មាន ទៅលើជនជាតិខ្មែរអ៊ិស្លាមបានឲ្យដឹងថា ជនជាតិខ្មែរអ៊ិស្លាមបានចេញពីនគរចម្ប៉ាមករស់នៅក្នុងប្រទេសកម្ពុជាពីដំបូងមិនទាន់ស្វែងយល់អំពីសាសនាអ៊ិស្លាមបានច្បាស់លាស់ទេ ដូចជាការថ្វាយបង្គំនិងការបំពេញកាតព្វកិច្ចបួស។ ប៉ុន្តែក្រោយមកមានជនជាតិម៉ាឡេប្រហែលបួននាក់ឈ្មោះ អូងផរ័ វ៉ាន់ង៉ាស់ វ៉ាន់មក់ និង វ៉ាន់សាន បានយកគម្ពីរគួរអានមកចែកចាយនៅតាមសហគមន៍ខ្មែរអ៊ិស្លាម និងបង្រៀនអំពីការថ្វាយបង្គំដែលមានចំនួន៥ដងក្នុងមួយថ្ងៃអំពីវិន័យនៃការបួសនិងអំពីបុណ្យរ៉យ៉ាអ៊ីទិលហ្វីទ្រីនេះផងដែរ៕
