ខ្មែរ​អ៊ិស្លាម​ព្រួយ​បារម្ភ​ខ្លាច​ខកខាន​មិន​បាន​ទៅ​ធ្វើ​បុណ្យ​ហាជ្ជ

សាសនិក​អ៊ិស្លាម​រាប់​រយ​នាក់​ដែល​ត្រៀម​ខ្លួន​ទៅ​ធ្វើ​បុណ្យ​ហាជ្ជ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នោះ កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការខកខាន​នៃ​ជើង​ហោះហើរ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ទីក្រុង​បាងកក។

0:00 / 0:00

អ្នក​ដឹកនាំ​សាសនិក​អ៊ិស្លាម​ទៅ​ធ្វើ​បុណ្យ​ហាជ្ជ នៅ​ទីក្រុង​ម៉ាក្កះ ប្រទេស​អារ៉ាប៊ីសាអូឌីត បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ វិច្ឆិកា ថា ពួក​គេ​នឹង​អាច​ខកខាន​មិន​បាន​ធ្វើ​បុណ្យ​ហាជ្ជ​ដោយសារ​មិន​អាច​ហោះហើរ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​បាងកក គឺ​ព្រលាន​យន្តហោះ​សុវណ្ណភូមិ និង ដនមឿង ដែល​ត្រូវ​បាន​បន្ត​បិទ​បណ្តោះ​អាសន្ន ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​បាន​ឆាប់ៗ​នេះ​ទេ​នោះ។

លោក ហ្សាការីយ៉ា បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការពិបាក​ចិត្ត​ដោយ​បញ្ហា​រាំង​ស្ទះ​នៃ​ការធ្វើ​ដំណើរ​នេះ​ដែល​ជិត​ដល់​ពេល​នៃ​ពិធីបុណ្យ​ហាជ្ជ​ហើយ​នោះ ហើយ​ក្រុម​របស់​លោក​មាន​ជាង​១០០​នាក់​ដែល​បាន​រង់ចាំ​អស់រ​យៈពេល​ពីរ​ថ្ងៃ​មក​ហើយ​នៅតែ​មិន​ទាន់​បាន​ចាកចេញ​នៅ​ឡើយ​នោះ។

លោក ហ្សាការីយ៉ា បាន​ឲ្យ​ដឹង​ថា ៖ «...ជើង​កប៉ាល់ហោះ​ដែល​មាន​ហ្នឹង​គឺ​ច្រើន​តែ​ថៃ​វា​មាន ដល់​ពេល​ជើង​កប៉ាល់​ហោះ​ទៅ​តាម​ប្រទេស​ផ្សេង​ហ្នឹង ដូច​សាំងហ្គាពួរ ដូច​ម៉ាឡេ​ហ្នឹង គឺ​គ្រាន់តែ​ជាតិ​គេ​ពេញៗ​អស់​អ៊ីចឹង អ៊ីចឹង​យើង​ដូច​អត់​ទាន់​ហ៊ាន​ទេ»

ជុំវិញ​ការខកខាន​នៃ​ការហោះហើរ​នេះ​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​រាប់​ពាន់​នាក់​មិន​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ឆ្ពោះ​ទៅ​ក្រុង​បាកក​ទេ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ។

មន្រ្តី​នៃ​ក្រុមហ៊ុន​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន​ដែល​ផ្អាក​ការហោះហើរ​បណ្ដោះ​អាសន្ន​នោះ រួម​មាន​ក្រុមហ៊ុន Bangkok Airways, Thai Airways និង​ក្រុមហ៊ុន Air Asia។

មន្ត្រី​ក្រុមហ៊ុន Bangkok Airways សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​បាន​មាន​ប្រសាសន៍​ថា ការហោះហើរ​ថ្ងៃ​នេះ​គឺ​មាន​ពីរ​ជើង​ដែល​បាន​ធ្វើ​ឲ្យ​ខក​អ្នក​ដំណើរ​ចំនួន​ជាង​៣០០​នាក់​ដោយសារ​យន្តហោះ​មួយចំនួន​កំពុង​ជាប់​នៅ​ព្រលាន​យន្តហោះ​សុវណ្ណភូមិ​នៅ​ឡើយ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្រុមហ៊ុន​កំពុង​ធ្វើការ​ទំនាក់​ទំនង​ទៅ​ខាង​ថៃ​ពី​បញ្ហា​នេះ ហើយ​ក៏​មិន​ប្រាកដ​ថា​នឹង​ដំណើរការ​វិញ​នៅ​ពេល​ណា​នោះ​ទេ។

មន្ត្រី​ក្រុមហ៊ុន Bangkok Airways ដដែល បាន​មាន​ប្រសាសន៍​ថា ៖ «អ្វី​ដែល​ខាង​សុវណ្ណភូមិ Airport នៅ​ខាង​បាងកក​ហ្នឹង គេ​ប្រកាស​មក​ខាង​ខ្ញុំ ហើយ​និង​គេ​ផ្ញើ​ព័ត៌មាន​ឲ្យ​ខាង​ខ្ញុំ គឺ​គេ​បិទ​សម្រាប់​ម្សិលមិញ​និង​ថ្ងៃ​នេះ ប៉ុន្តែ​មិន​ទាន់​ច្បាស់​សម្រាប់​ថ្ងៃ​ស្អែក»

ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​ដែល​ត្រៀម​ទៅ​ធ្វើ​បុណ្យ​ហាជ្ជ ឈ្មោះ សាឡាហួដទីន បាន​មាន​ប្រសាសន៍​ថា លោក​ក៏​ដូច​ជា​សាសនិក​អ៊ិស្លាម​មួយចំនួន​ផ្សេង​ទៀត​មាន​ការព្រួយ​បារម្ភ​ចំពោះ​ការខកខាន​នេះ។

លោក សាឡាហួដទីន បាន​បញ្ជាក់​ថា ៖ «ព្រួយ​បារម្ភ ខ្លះ​អត់​ចង់​ហូប​បាយ​ហូប​ទឹក​អី​ទេ ព្រោះ​ថា​ចំណាយ​លុយ​ច្រើន​ណាស់​ដើម្បី​ទៅ​ធ្វើ​បំពេញ រុកុន​ហាជី​អ៊ិស្លាម រុកុន​អ៊ិស្លាម​៥​ប្រការ​ហ្នឹង សង្ឃឹម​ថា​បាន​ហើយ​ឆ្នាំ​២០០៨​នេះ មក​ចំ​ពេល​នេះ​ប្រទេស​ថៃ​មិន​ឲ្យ​ចុះ​កប៉ាល់ហោះ​នៅ​ទីក្រុង​បាងកក គឺ​មាន​ការព្រួយ​ខ្លាំង​ណាស់»

សូម​ជម្រាប​ថា ការខកខាន​នៃ​ការហោះហើរ​នេះ​យោង​តាម​ភ្ញៀវ​អ្នក​ធ្វើដំណើរ​មួយចំនួន​រួម​មាន​ទាំង​ភ្ញៀវ​បរទេស​ផង​នោះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ដូរ​សំបុត្រ​យន្តហោះ​យក​លុយ​វិញ​ពី​ក្រុមហ៊ុន​ដែល​លក់​សំបុត្រ​នោះ។

យោង​តាម​សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្ទះ​ដំណើរ​ក្នុង​ក្រុង​បាងកក​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​នៅ​មិន​ទាន់​អាច​ចាកចេញ​ទៅ​កាន់​ប្រទេស​ទី​បី​នៅ​ឡើយ​ទេ ដោយសារ​គេ​បាន​ប្រកាស​បិទ​ព្រលាន​យន្តហោះ​បណ្តោះ​អាសន្ន​តាំង​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី​២៥ វិច្ឆិកា​មក៕