ការអំណត់បួសនៅខែនេះគឺជាកាតព្វកិច្ចរបស់សាសនិកអ៊ិស្លាមទាំងអស់នៅទូទាំងសាកលលោក។ សហគមន៍ខ្មែរអ៊ិស្លាមបានថ្លែងឲ្យដឹងថា ពួកគេបានរៀបចំនុំនែកក៏ដូចជាចំណីអាហារសម្រាប់បរិភោគនៅខែបួសទន្ទឹមនឹងនោះ ចំពោះការប្រកបការងារវិញពួកគេនៅតែធ្វើដដែលមិនឈប់នោះទេ ហើយអ្នកមានទ្រព្យសម្បត្តិឬអ្នកមានធូរធារក៏សប្បាយចិត្តក្នុងការបរិច្ចាគទានផ្តល់ឲ្យអ្នកក្រីក្រ ដោយការបរិច្ចាគទាននិងការធ្វើអំពើល្អនោះមានផលបុណ្យច្រើនលើសលុបដែលព្រះអល់ឡោះនិងប្រទានជូនអ្នកទាំងនោះនៅថ្ងៃបរលោក។
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា លោក សុះ កំរី បានមានប្រសាសន៍ជុំវិញដំណើរការនៅពេលអាចចាប់ផ្តើមបួសបាននៅខែរ៉ម៉ាហ្ទននេះថា ៖ «ដំបូងគឺតាមគេហៅថា សាសនាហ្នឹង យើងអំពាវនាវឲ្យបងប្អូនយើង ត្រៀមមើលខែជាមុន កូនខែ ព្រោះយើងបួសហ្នឹងគឺយោងទៅតាមខ្នាតខែ។ បើសិនជាខ្នាតខែហ្នឹងឃើញហើយ យើងនឹងពិភាក្សា មានគណៈអចិន្ត្រៃយ៍ ពិភាក្សាថា តើអ្នកឃើញហ្នឹង យើងអាចយកជាការបានឬក៏មិនបាន?»។
លោកបានបន្តថា កាតព្វកិច្ចបួសព្រះអល់ឡោះបានដាក់មកលើសាសនិកអ៊ិស្លាមមិនមែនដាក់កម្រិតគាបសង្កត់ចំពោះអ្នកគ្មានលទ្ធភាពបួសនោះទេ គឺមានក្រឹត្យក្រមច្បាស់លាស់ អ្នកដែលឈឺដោយប្រការណាមួយ អល់ឡោះមិនតម្រូវឲ្យបួសនោះទេ ចាំបួសសងវិញនៅពេលដែលមានលទ្ធភាព។
លោក សុះ កំរី បានមានប្រសាសន៍ថា ៖ «លក្ខខណ្ខដែលចង់ឲ្យបួសហ្នឹង គឺទី១ អ្នកអ៊ិស្លាម ហើយបើសិនជាអ្នកមិនមែនអ៊ិស្លាមទេ សូម្បីគាត់សុំបួសក៏សាសនាមិនទទួលស្គាល់ដែរ។ ទី២ អ្នកដែលមានកម្លាំងពេញ ពិសេសអ្នកដែលអាយុចាប់ពី១៥ឆ្នាំឡើង។ ទី៣ មានបញ្ញាញាណគ្រប់គ្រាន់ គេហៅថាមិនមែនអ្នកវិកលចរិត ឬក៏អ្នកឆ្កួតទេ ហើយទី៤ អ្នកដែលមានលទ្ធភាព។ លទ្ធភាពបានន័យថា មិនមែនអ្នកឈឺ មិនមែនអ្នករបួស មិនមែនអ្នកកំពុងមានឈាមរដូវ មិនមែនអ្នកឆ្លងទន្លេ មិនមែនអ្នកបំបៅកូន មិនមែនអ្នកអី បានន័យថាអ្នកដែលអាចបួសបានទល់ល្ងាច។ បើសិនជាអ្នកនោះធ្វើដំណើរឆ្ងាយមិនអាចបួសបានទេ គេអនុគ្រោះឲ្យ»។
ប្រធាននិស្សិតនៃសាកលវិទ្យាល័យម៉ាទីណៈផ្នែកច្បាប់អ៊ិស្លាម ឈ្មោះ ម៉ាន ម៉ាហៀត បានមានប្រសាសន៍អំពីអត្ថន័យនៃការបួសជាភាសាអារ៉ាប់ហៅថា សោម មានន័យថា ការអំណត់អត់ទ្រាំ ឬការតមចំណីអាហារអ្វីៗទាំងអស់នៅពេលថ្ងៃ និងការហាមឃាត់ខ្លួនមិនប្រព្រឹត្តអំពើមិនគប្បីដែលសាសនាអ៊ិស្លាមបានហាមឃាត់ មានដូចជាការនិយាយដើមគេ ការជេរប្រមាថអ្នកដទៃ ការលេងល្បែងស៊ីសង ការរួមរ័កនឹងប្រពន្ធរបស់ខ្លួននៅពេលថ្ងៃ និងផ្សេងៗទៀត។
លោកបានបញ្ជាក់ទៀតថា ៖ «ផលប្រយោជន៍នៃការបួសដែលក្នុងសង្គមរបស់យើង បួសអាចធ្វើឲ្យយើងដឹងនូវសុខទុក្ខអ្នកក្រីក្រដែលពួកគេមិនបានហូបគ្រប់គ្រាន់។ បួសធ្វើឲ្យអល់ឡោះបំបាត់អំពើបាបទាំងឡាយដែលយើងបានធ្វើកន្លងមក ហើយមានពាក្យសម្ដី រស៊ួល ជាអ្នកនាំសាររបស់អល់ឡោះ...។ មានន័យថាអ្នកណាហើយដែលបួសនៅក្នុងខែរ៉ម៉ាហ្ទន ដោយចិត្តជ្រះថ្លាចំពោះព្រះអល់ឡោះ ហើយអ្នកបួសនោះសង្ឃឹមចង់បានផលរបស់ព្រះអល់ឡោះមែននោះ នោះអល់ឡោះនឹងលុបបំបាត់នូវអំពើបាបទាំងឡាយដែលពួកគេបានធ្វើកន្លងមក»។
លោកបានបន្ថែមទៀតថា នៅក្នុងខែរ៉ម៉ាហ្ទននេះឋានសួគ៌ទាំងឡាយត្រូវបានបើកចំហ និងឋាននរកត្រូវបានបិទជិត ថែមទាំងព្រាយបិសាចត្រូវបានឃុំឃាំងទាំងអស់។ រីឯអំពើល្អដែលគេបានសាងនៅក្នុងខែនេះ ត្រូវបានអល់ឡោះប្រទានជូនទ្វេដង បាបកម្មទាំងឡាយក៏ត្រូវបានលើកលែងដែរ។ លើសពីនេះទៀតរាល់ទង្វើល្អទាំងឡាយដែលសាសនិកអ៊ិស្លាមបានធ្វើ គេនឹងទទួលបានផលប្រយោជន៍ក្រោយពីគេស្លាប់និងនៅថ្ងៃបរលោក។ លោកបានបញ្ជាក់ថាចំពោះអ្នកដែលបដិសេធក្នុងការបួសនោះគឺជាប្រការដែលខុសឆ្គងជាទីបំផុត។
លោក ម៉ាន ម៉ាហៀត បានឲ្យដឹងថា ៖ «ក្នុងបញ្ហាថាជាកាតព្វកិច្ចទៅលើអ្នកអ៊ិស្លាមទាំងឡាយត្រូវតែបួសនោះ ពីព្រោះមានបន្ទូលរបស់អល់ឡោះ... មានន័យថាឱបណ្ដាអ្នកដែលមានជំនឿ គេបានដាក់កាតព្វកិច្ចបួសទៅលើពួកអ្នកឯងទាំងអស់គ្នា ក៏ដូចជាគេបានដាក់កាតព្វកិច្ចទៅលើអ្នកដែលកាន់សាសនាអ៊ិស្លាមតាំងពីមុនៗមកនោះដែរ»។
ប្រជាពលរដ្ឋឈ្មោះ ណាសៀត នៅភូមិជរ ឃុំសេដា ស្រុកតំបែរ បានមានប្រសាសន៍ថានៅក្នុងខែរ៉ម៉ាហ្ទន គាត់តែងតែបរិច្ចាគទានទៅឲ្យអ្នកក្រីក្រ។ លោកបានឲ្យដឹងទៀតថា មិនតែខែបួសនេះទេនៅក្នុងខែផ្សេងក៏សាសនាតម្រូវឲ្យបរិច្ចាគទានដែរ ប៉ុន្តែការធ្វើនៅខែនេះមានផលបុណ្យកាន់តែច្រើន។
អាជីវករឈ្មោះ សលីហះ ដែលកំពុងមមាញឹកនិងការលក់ដូរ បានមានប្រសាសន៍ថាការបួសនេះគឺគាត់បានជំរុញដល់កូនៗទៀត ដើម្បីទទួលយកផលបុណ្យនៅក្នុងខែនេះ។
អ្នកស្រី សលីហះ បានបញ្ជាក់ថា ៖ «ធ្វើការបណ្ដើរ បួសបណ្ដើរទៅ ព្រោះការងារយើងប៉ុណ្ណឹងហើយ យើងយ៉ាប់ក៏យើងទ្រាំដែរ ព្រោះយើងមួយឆ្នាំ យើងជួបម្ដង យើងត្រូវតែទ្រាំ ត្រូវតែតស៊ូ»។
ប្រជាពលរដ្ឋម្នាក់ទៀតមានវ័យចំណាស់ជាង៧០ឆ្នាំ ឈ្មោះ ទី ផ្ផស្ស នៅភូមិរការ ស្រុកកំពង់ចាម បានមានប្រសាសន៏ពេលកំពុងអង្គុយនៅលើគ្រែក្រោមផ្ទះថា ៖ «វាដូចថាធម្មតា ដូចយើងថាក្នុងខ្លួនយើងល្មមយើងទៅរួច អាចយើងបួស បើថាយើងថាទៅមិនរួចទេ យើងបង្ខំទៅក៏អត់បានដែរ វាមានគ្រោះថ្នាក់ ក៏មិនបានបុណ្យច្រើនដែរ»។
សូមជម្រាបថាយោងតាមប្រតិទិនអ៊ិស្លាម សាសនិកអ៊ិស្លាមក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមបួសនៅថ្ងៃច័ន្ទ ទី១ ខែរ៉ម៉ាហ្ទន ត្រូវនឹងថ្ងៃទី១ ខែកញ្ញានេះ បួសក្នុងរយៈពេលមួយខែ។ លើសពីនេះទៀតសាសនិកអ៊ិស្លាមតាំងពីជំនាន់មិត្តភក្ដិរបស់អ្នកនាំសាររបស់អល់ឡោះ គឺមហាំម៉ាត់និងអ្នកដែលបន្ទាប់ពីមិត្តភក្ដិរបស់មហាំម៉ាត់នោះ ពួកគេទាំងអស់គ្នាយកចិត្តទុកដាក់បំផុតចំពោះខែរ៉ម៉ាហ្ទន និងសប្បាយរីករាយនៅពេលដែលខែនេះបានចូលមកដល់។ ពួកគេទាំងនោះបានបួងសួងចំពោះអល់ឡោះសុំទ្រង់ប្រទានឲ្យពួកគេបានជួបខែដ៏ប្រពៃនេះ។ ម្យ៉ាងទៀតពួកគេក៏បួងសួងសុំចំពោះអល់ឡោះសូមឲ្យទ្រង់ទទួលយកនូវអំពើល្អរបស់ពួកគេ។ ពួកគេបានបំពេញកាតព្វកិច្ចបួសរៀងរាល់ថ្ងៃក្នុងខែនេះ និងខំរក្សាអំណត់បួសដោយចៀសវាងពីប្រការដែលនាំឲ្យខូចបួស ដូចជាការនិយាយដើមគេ ការចាក់រុក ការភូតកុហក ការកេងប្រវ័ញ្ចគេ និងផ្សេងៗទៀត៕
