ប្រជានេសាទរស់នៅភូមិដូនតោក ឃុំត្រើយកោះ ស្រុកកំពង់បាយ ខែត្រកំពត បានឲ្យដឹងថាមន្ត្រីជលផលម្នាក់ត្រូវបានកងកម្លាំងទាហានជើងទឹកវៀតណាមបាញ់ស្លាប់ ខណៈពេលដែលមន្ត្រីរូបនោះរួមជាមួយសហការីដទៃទៀតកំពុងតែធ្វើការបង្ក្រាបបទល្មើសនេសាទ គឺទូកអូសគូវៀតណាមក្នុងដែនសមុទ្រកម្ពុជា នៅវេលាម៉ោង១១និង១៦នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៨កន្លងទៅនេះ នៅចំណុចគ្រលុកកាម៉យ ស្ថិតក្នុងភូមិសាស្ត្រចន្លោះឃុំត្រើយកោះ ស្រុកកំពង់បាយ និងឃុំកោះតូច ស្រុកកំពត ខែត្រកំពត ។
នៅពេលដែលមន្ត្រីរងគ្រោះនិងសហការីម្នាក់ទៀតបានឡើងទៅលើទូកនេសាទល្មើសច្បាប់វៀតណាមនោះ នាវាជើងទឹកវៀតណាមមួយគ្រឿងក៏បានមកដល់ហើយធ្វើការបាញ់រះរំដោះយកទូកនេសាទវៀតណាមតែម្ដង រួចនាំឆ្ពោះទៅកោះត្រល់ដោយនាំទាំងមន្ត្រីជលផលកម្ពុជាទាំងពីររូបទៅជាមួយដែរ ។
អ្នកស្រី ណុប លីណា ជាភរិយារបស់លោក ផាត់ សារឿន ម្នាក់ក្នុងចំណោមមន្ត្រីទាំងពីរដែលត្រូវបានកងកម្លាំងជើងទឹកវៀតណាមនាំយកទៅនោះកំពុងតែស្ថិតនៅក្នុងក្ដីសោកសង្រេង ។
តំណាងប្រជានេសាទនៅភូមិត្រើយកោះ លោក នាក់ សេន បានសម្ដែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ ។
លោក នាក់ សេន បានឲ្យដឹងថា ៖ «ពេលដែលស្លាប់នេះវៀតណាមហៅឲ្យទៅយកខ្មោច ដោយសាររៀលកៃ បើតាមប្រជានេសាទពួកខ្ញុំសង្កេតថាមិនអាចរៀលកៃទេ កាំភ្លើងវាមិនដែលអាណាដាក់ចុងសំដៅមកខ្លួនឯងបានទេ» ។
ប្រធានខណ្ឌរដ្ឋបាលជលផលប្រចាំខែត្រកំពតនិងក្រុងកែប លោក ស សារិន បានមានប្រសាសន៍ថាគេនៅមិនទាន់អាចសន្និដ្ឋានថាយ៉ាងណាៗនៅឡើយទេ អំពីបញ្ហាដែនទឹកនៃប្រទេសទាំងពីរ ដោយលោកកំពុងតែជួបជាមួយប្រទេសវៀតណាម ។
ទោះយ៉ាងណាលោកបានអះអាងថា អ្នកដែលស្លាប់គឺមន្ត្រីជលផល លោក ផាត់ សារឿន ចំណែកឯអ្នកដែលត្រូវបានកងកម្លាំងជើងទឹកវៀតណាមចាប់ខ្លួននោះ គឺជាសមាជិកនៃសហគមន៍នេសាទមិនមែនជាមន្ត្រីជលផលឡើយ ។
លោក ស សារិន បានមានប្រសាសន៍ថា ៖ «ឥឡូវនេះយើងកំពុងតែធ្វើការរួមគ្នាមួយ យើងអត់អាចកំណត់ព្រំកន្លែងណាបានទេ ។ យើងមិនអាចកំណត់ថា អាប់ស៊ីសប៉ុន្មាន ? អរដោនេប៉ុន្មាន ? នៅកន្លែងណា ? ចំណុចណា ? គឺសុំសំណូមពរថាកុំឲ្យដាក់ បើកាលណាដាក់គេទាញយកត្រូវរៀងខ្លួន ។ អ៊ីចឹងមកនេះគឺគោលបំណងដើម្បីដោះស្រាយយកសពហើយនិងមនុស្សដែលឃាត់ខ្លួនម្នាក់ហ្នឹងគឺយើងយកត្រឡប់ទៅវិញ...» ។
សូមជម្រាបថាឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលនៃទិវាមច្ឆាជាតិ ខែកក្កដា ៕