មន្ត្រី​ប៉ូលិស​ខ្មែរ​គ្រោង​ទៅ​ចូលរួម​មហា​សន្និបាត​ប៉ូលិស​អន្តរជាតិ Interpol នៅ​រុស្ស៊ី

មន្រ្តី​ប៉ូលិស​ជាន់ខ្ពស់​កម្ពុជា​នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​មហា​សន្និបាត​ប៉ូលិស​អន្តរជាតិ Interpol នៅ​ឯ​ប្រទេស​រុស្ស៊ី។

លោក​ឧត្ដមសេនីយ៍ សុខ ផល អគ្គរង​ប៉ូលិស​ជាតិ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ចាត់តាំង​ឲ្យ​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង Saint Petersbug ប្រទេស​រុស៊្សី។

លោក​ឧត្ដមសេនីយ៍ សុខ ផល បាន​មាន​ប្រសាសន៍​ថា ៖ «ក្រសួង​មហាផ្ទៃ​ចាត់តាំង​ទៅ​ដើម្បី​ចូលរួម General Assembly Interpol ប្រចាំ​ឆ្នាំ​២០០៨។ នៅ​ក្នុង​ហ្នុង​គឺ​ថា មាន​ប្រជុំ​ពិភាក្សា​គ្នា​ពី​ការងារ​ជំនាញ​សហការ ប្រតិបត្តិការ​ជំនាញ​ប៉ូលិស​អន្តរជាតិ ហើយ​និង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​និង​សមាជិក​របស់​គណៈកម្មការ​របស់ Interpol»

មហា​សន្និបាត Interpol មាន​ប្រតិភូ​តំណាង​ពី​បណ្ដាល​រដ្ឋាភិបាល​នានា​ជុំវិញ​ពិភពលោក​ជួប​ប្រជុំ​គ្នា​ក្នុង​មួយ​ឆ្នាំ​ម្ដង​ដើម្បី​ពិភាក្សា​អំពី​គោល​នយោបាយ​ទូទៅ​ក្នុង​នោះ​មាន​ធនធាន​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជា​អន្តរជាតិ វិធីសាស្រ្ដ​បំពេញ​ការងារ និង​ការចាត់ចែង​ប្រើប្រាស់​ហិរញ្ញវត្ថុ​ជាដើម៕