ក្នុងពេលកំពុងធ្វើបាតុកម្មនោះ លោក ដីវិន ជាតំណាងក្រុមនិស្សិតបានថ្លែងប្រាប់វិទ្យុអាស៊ីសេរីតាមរយៈទូរស័ព្ទអំពីការទាមទារតវ៉ាដែលចាប់ផ្តើមធ្វើពីម៉ោង១ រហូតដល់ម៉ោង៥រសៀលថ្ងៃនេះយ៉ាងដូច្នេះថា ៖ «យើងរៀបចំលើកជាបដា ។ យើងមានបដាធំមួយប្រវែងប្រហែល៣ម៉ែត្រ ហើយបដាតូចៗជាច្រើន ។ យើងទាមទារដូចជា យើងត្រូវការសន្តិភាព យើងទាមទារឲ្យថៃដកចេញពីប្រទេសកម្ពុជា ថៃត្រូវតែគោរពសិទ្ធិមនុស្ស ឈ្លានពានទៅលើទឹកដីកម្ពុជាជាការរំលោភសិទ្ធិមនុស្សជាង១៤លាននាក់ ។ ហើយយើងមិនទទួលស្គាល់នូវផែនទីដែលធ្វើឡើងជាឯកតោភាគី យើងទទួលស្គាល់តែផែនទីដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។ ក្នុងនោះយើងមានទង់ជ័យ ទង់ជ័យយើងមានស្រេច អាធំៗជាក្រដាស៥ ហើយទង់ជ័យក្រដាសប្រហែលជា៣០» ។
ហ៊ុយ វណ្ណៈ ៖ ខាងអាជ្ញាធរហ្វីលីពីនគេមានការពារសន្តិសុខអីទេ ? ដីវិន ៖ បាទការពារយើងព្រោះយើងមានច្បាប់ត្រឹមត្រូវ យើងដាក់ច្បាប់តាំងពីថ្ងៃទី២៦ ។ ហើយថ្ងៃហ្នឹងគេមកមុនយើង ប៉ូលិសប្រហែលជា៤-៥ឡាន ហើយគេការពារយើងជុំវិញសងខាងទាំងអស់ ។
ហ៊ុយ វណ្ណៈ ៖ លោកធ្វើបាតុកម្មនៅកន្លែងណាដែរនៅក្នុងទីក្រុងម៉ានីលហ្នឹង ? ដីវិន ៖ នៅក្នុងម៉ានីលនៅមុខស្ថានទូតថៃតែម្ដង... ។
ហ៊ុយ វណ្ណៈ ៖ តើខាងភ្ញៀវបរទេសគេមានចាប់អារម្មណ៍នឹងការធ្វើពិធីហ្នឹងដែរឬទេ ? ដីវិន ៖ យើងមានអ្នកកាសែតជាច្រើនដែរមកយកព័ត៌មានកាលពីដើមដំបូង ។ រយៈពេលប្រហែលជាមួយម៉ោងដំបូងមានអ្នកកាសែតបរទេសជាច្រើន ។
ហ៊ុយ វណ្ណៈ ៖ តើអាជ្ញាធរថៃដែលការពារនៅហ្នឹងមានការឆ្លើយតបយ៉ាងម៉េចនាពេលហ្នឹង ?
ដីវិន ៖ ជាដំបូងខ្ញុំជូនលិខិតហើយនិងការអនុញ្ញាតទៅស្ថានទូតថៃ ហើយគេព្រមទទួលយកទៅ ។ ហើយគេបិទទ្វារគេអត់ហ៊ានបើកទ្វារទេ ។ គេអើតមកតាមកញ្ចក់ព្រាតអ៊ីចឹងមក គេអត់ហ៊ានចេញទេ ។ ហើយស្ថានទូតគេ គេឃាំងដោយរបងដែកកុំឲ្យយើងចូលទៅក្នុងស្ថានទូតគេ ។
ហ៊ុយ វណ្ណៈ ៖ លោករំពឹងថាការទាមទារថ្ងៃនេះនឹងមានឥទ្ធិពលអីទៅនឹងព័ត៌មានរបស់ថៃនៅព្រំដែនកម្ពុជាហ្នឹងដែរ ?
ដីវិន ៖ ខ្ញុំថាជួយវាមិនច្រើនទេ តែវាជួយមួយផ្នែកជំរុញឲ្យថៃទទួលស្គាល់អ្វីដែលយើងទាមទារ ។ ជាសិទ្ធិតវ៉ារបស់យើងដែលកំពុងចរចានៅសៀមរាបហ្នឹង ។ ហើយយើងក៏បានប្រាប់ទៅសារព័ត៌មានដែរ បើសិនជាថៃមិនព្រមទទួលស្គាល់អ្វីដែលយើងទាមទារទេ យើងនឹងបញ្ជូនជាលិខិតទៅអាស៊ាន ឬក៏ UN ឬក៏អាចឈានចូលទៅដល់ការធ្វើបាតុកម្មទាមទារបន្តទៀត ៕
