បក្ស​សមរង្ស៊ី​អះអាង​ថា​ព្រះ​មហាក្សត្រ​យល់ព្រម​តាម​សំណូមពរ

គណបក្ស​សមរង្ស៊ី​បាន​អះអាង​ថា ព្រះ​មហាក្សត្រ​ទ្រង់​យល់ស្រប​និង​យល់ព្រម​តាម​សំណូមពរ​របស់​តំណាង​រាស្ត្រ​ទាំង​២៦​នាក់​របស់​គណបក្ស​នេះ​ហើយ​ពី​រឿង​សុំ​មិន​ចូលរួម​សម័យ​ប្រជុំ​សភា​លើក​ទី​១ និង​សុំ​ធ្វើ​សច្ចាប្រណិធាន​ដាច់​ដោយ​ឡែក។

0:00 / 0:00

ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី បាន​តប​លិខិត​មួយ​ទៅ​គណបក្ស​សមរង្ស៊ី កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ថា ព្រះអង្គ​បាន​ទទួល​លិខិត​របស់​តំណាង​រាស្រ្ដ​ទាំង​១២៦​រូប​របស់​គណបក្ស​សមរង្ស៊ី ដែល​សុំ​មិន​ទៅ​ចូលរួម​ប្រជុំ​និង​ស្បថ​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា និង​សុំ​ស្បថ​ដាច់​ដោយ​ឡែក។ តែ​ព្រះអង្គ​មិន​បាន​តប​លិខិត​នោះ​ថា ព្រះអង្គ​យល់ព្រម​ឬ​ជំទាស់​ចំពោះ​សំណើ​សុំ​នោះ​ទេ។

ប៉ុន្តែ​អ្នក​តំណាង​រាស្រ្ដ​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ អះអាង​នៅ​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​កញ្ញា ថា ក្រោយពី​បាន​ទទួល​ព្រះរាជ​សារ​ពី​ព្រះ​មហាក្សត្រ កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា កោះ​អញ្ជើញ​ឲ្យ​តំណាង​រាស្រ្ដ​គ្រប់​គណបក្ស​នយោបាយ​ត្រូវ​ចូលរួម​ប្រជុំ​សភា​អាណត្តិ​ទី​៤ លើក​ដំបូង នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០០៨ នោះ​គណបក្ស​សមរង្ស៊ី​បាន​ថ្វាយ​លិខិត​ថ្មី​មួយ​ទៀត នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ថ្វាយ​សុំ​ព្រះ​មហាក្សត្រ​ប្រជុំ​និង​ស្បថ​ដាច់​ដោយ​ឡែក។

លោក​ថា នា​រសៀល​ថ្ងៃ​ដដែល​នោះ​ព្រះរាជ​សារ​តប​ពី​ព្រះ​មហាក្សត្រ​ព្រះអង្គ​ថ្វាយពរ​ដល់​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី។

លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា ៖ «ទោះបី​ជា​លោក​មិន​បាន​បញ្ជាក់​ថា លោក​ថា​យ៉ាង​ណា​ក៏​ដោយ​ការ​ឲ្យ​ពរ​យើង​នេះ​មាន​ន័យ​ថា លោក​យល់ស្រប យល់​តាម​សំណូមពរ​របស់​យើង​ទាំង​២៦​រូប​ហើយ»

តំណាង​រាស្ត្រ​លោក សុន ឆ័យ បន្ត​ថា​មូលហេតុ​ដែល​គណបក្ស​សមរង្ស៊ី​មិន​ចូលរួម​ប្រជុំ​និង​ស្បថ​ចូល​កាន់​តំណែង​ដំបូង​របស់​សភា​អាណិត្ត​ទី​៤ មក​ពី​ម្ចាស់​ឆ្នោត​បាន​ស្នើសុំ​ឲ្យ​គណបក្ស​ប្រឆាំង​ដែល​ជា​តំណាង​ជួយ​តវ៉ា​សិទ្ធិ​បោះ​ឆ្នោត​ត្រូវ​បាន​គេ​បំបាត់​និង​ការបន្លំ​សន្លឹក​ឆ្នោត។

ចំណែក​អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស លោក យ៉ែម បុញ្ញាឫទ្ធិ អះអាង​ថា ៖ «រហូត​ដល់​ថ្ងៃ​នេះ​យើង​មិន​ទាន់​សម្រេច​ចិត្ត​ថា នឹង​ចូលរួម​ប្រជុំ​លើក​ទី​១​ហ្នឹង​ទេ»

ហើយ​ក៏​មិន​ទាន់​ច្បាស់​ថា អាច​ទៅ​ចូលរួម​ស្បថ​ជាមួយ​គណបក្ស​សមរង្ស៊ី​ដែរ។

ពាក់ព័ន្ធ​ការ​មិន​ព្រម​ចូលរួម​ស្បថ​រួម​គ្នា​ដើម្បី​ចូល​កាន់​តំណែង​សភា​អាណត្តិ​ទី​៤​នៃ​តំណាង​រាស្រ្ត​​គណបក្ស​ប្រឆាំង​នោះ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សភា​មាន​តែ​មួយ បើ​សមាជិក​សភា​គណបក្ស​សមរង្ស៊ី​ចង់​ស្បថ​ដាច់​ដោយ​ឡែក បើ​តាម​ច្បាប់​ត្រូវ​គណបក្ស​នោះ​នាំ​សមាជិក​សភា​របស់​ខ្លួន​ទៅ​ប្រជុំ​នៅ​កន្លែង​ដាច់​ដោយ​ឡែក​ដែរ។

យោង​តាម​ព្រះរាជ​សារ​ថត​ចម្លង​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះអង្គ​ទ្រង់​មាន​ព្រះរាជ​ចំណារ​ថា ជូន​ឯកឧត្តម លោក​ជំទាវ ទាំង​២៦​រូប​ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​អាណត្តិ​ទី​៤ នៃ​គណបក្ស​សមរង្ស៊ី។ ឯកឧត្តម លោកជំទាវ បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​ទាំងអស់​ជា​ទី​រាប់អាន ខ្ញុំ​បាន​ទទួល​រួច​ហើយ លិខិត​ចុះ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០០៨ របស់​ឯកឧត្តម​និង​លោក​ជំទាវ​ដែល​បាន​ផ្ញើ​មក​ថ្វាយ​ខ្ញុំ។ ខ្ញុំ​សូម​ជូនពរ​ឯកឧត្តម លោក​ជំទាវ បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នៃ​គណបក្ស​សមរង្ស៊ី បាន​ប្រកប​តែ​នឹង​ព្រះពុទ្ធពរ​ទាំង​៥​ប្រការ។ សូម​ឯកឧត្តម លោក​ជំទាវ បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​ទាំងអស់​ទទួល​នូវ​សេចក្តី​រាប់អាន​អំពី​ខ្ញុំ នរោត្តម សីហមុនី ភ្នំពេញ ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០០៨ ។

ព្រះករុណា​ពុំ​មាន​ចំណារ​លើស​ពី​សេចក្តី​ខាង​លើ​នេះ​ឡើយ៕