អធិការស្រុកឆ្លូង ខេត្តក្រចេះ គឺលោក ហុង សុងលី បានឲ្យដឹងកាលពីព្រឹកថ្ងៃទី៩ តុលា ថា ករណីឃាតកម្មនៅភូមិស្រែស្រណុក ឃុំកំពង់ដំរី ទៅលើកម្មករស៊ីឈ្នួលអារឈើឲ្យថៅកែម្នាក់ កាលពីយប់ថ្ងៃទី២ តុលា ត្រូវបានប៉ូលិសបញ្ជូនសំណុំរឿងទៅកាន់តុលាការក្រោយថ្ងៃកើតហេតុមួយថ្ងៃ។
លោក ហុង សុងលី បានមានប្រសាសន៍ថា ៖ «សមត្ថកិច្ចមានលទ្ធភាពត្រឹមកសាងសំណុំរឿង ហើយនិងស្រាវជ្រាវរកសាក្សីបំភ្លឺជុំវិញករណីហ្នឹងប៉ុណ្ណឹង។ ឥឡូវហ្នឹងបញ្ជូនទៅស្នងការខេត្ត គាត់រៀបចំឯកសារបញ្ជូនទៅតុលាការ»។
លោក ហ៊ាង សគុណ ប្រជាពលរដ្ឋនៅភូមិជ្រោយថ្មក្រោយ ឃុំស្រុកឆ្លូង ខេត្តក្រចេះ ជីដូនមួយនឹងជនរងគ្រោះឈ្មោះ ស៊ុម បូរ៉ាវុធ ហៅប៉ូឡា អាយុ២៧ឆ្នាំ បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា ឃាតកម្មលើប៉ូឡាជាឃាតកម្មគ្រោងទុកដោយសំអាងថាមានសាក្សីបានទូរស័ព្ទប្រាប់មុន។
លោក ហ៊ាង សគុណ បានឲ្យដឹងថា ៖ «មុនថ្ងៃទី២ ម៉ោង ១១:២៤នាទីព្រឹក មានទូរស័ព្ទពីចំណុចហ្នឹងទៅ ដឹងផែនការមានគេសម្លាប់ តេទៅប្រាប់ឪវានៅកំពង់ចាមហ្នឹង កុំឲ្យប៉ូឡាដើរកាត់ស្ពាន គេចាំធ្វើឃាតនៅកន្លែងស្ពានស្ទឹងជ្រៃ ភូមិស្រែស្រណុក ឃុំកំពង់ដំរី»។
បូរ៉ាវុធ ហៅ ប៉ូឡា ត្រូវបានសាក្សីឲ្យដឹងថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនឹងប្រពន្ធមន្រ្តីប៉ូលិសម្នាក់នៅភូមិវាលកន្សែង ឃុំកំពង់ដំរី ហើយបានពង្រត់គ្នាទៅរស់នៅទីក្រុងភ្នំពេញប្រមាណ២ខែ ទើបប្ដីជាមន្រ្តីប៉ូលិសទៅតាមយកមកវិញ តែដោយក្ដីស្រឡាញ់បាត់មុខមិនបានក៏តាមមករកទៀត ហើយទូរស័ព្ទជួបប្ដីស្រីស្នេហ៍របស់ខ្លួន ដែលតាមការអះអាងរបស់សាក្សីឲ្យដឹងថា ៖ «វាថាខ្ញុំត្រូវតែទៅលើ ទៅយកប្រពន្ធខ្ញុំមកវិញឲ្យបាន វានិយាយជាមួយប្ដីគេអ៊ីចឹង។ ប្ដីវាហ្នឹងថា អ្ហែងចង់ងាប់អ្ហែងមកមក! អញនៅចាំបាញ់អ្ហែង រួច ប៉ូឡា និយាយទៀតថា អើ អ្ហែងត្រៀមកាណុងនៅចាំទៅ ស្អែកអញទៅដល់ហើយ។ ខ្ញុំក៏ប្រាប់ថា ប៉ូឡា កុំទៅ គេរាយខ្សែត្រៀមចាំបាញ់អូនឯងហើយ គេនិយាយប៉ុណ្ណឹងហើយ គេហ៊ានធ្វើហើយព្រោះគេប៉ូលិស»។
សាកសពរបស់ប៉ូឡាត្រូវបានគេប្រទះឃើញនៅក្បែរមាត់កំពង់ដែលអ្នកស្រុកបានឃើញផ្ទាល់ថា គ្មានស្នាមបាញ់នៅលើក្បាល ហើយមានការសង្ស័យទៅលើមន្រ្តីប៉ូលិសដែលជាប្ដីរបស់សហាយប៉ូឡាដោយមន្រ្តីប៉ូលិសនោះបច្ចុប្បន្នកំពុងតែរត់គេចខ្លួន។ ប៉ុន្តែដើមបណ្ដឹងគឺលោក សគុណ ថា ប៉ូលិសបានអះអាងប្រាប់លោកថា ការសម្លាប់នោះគឺដោយសារប្រើដំបងដោយមានដំដែកគោល។
អធិការស្រុកឆ្លូងបានអះអាងថា មន្រ្តីប៉ូលិសដែលមានការសង្ស័យនោះបានសុំច្បាប់លោកសម្រាក ហើយការចោទប្រកាន់នោះគ្រាន់តែមានការសង្ស័យតែប៉ុណ្ណោះ តែពុំទាន់មានភស្តុតាងអ្វីសម្រាប់ដាក់បន្ទុកនៅឡើយទេ៕
