ពលរដ្ឋ​ជាង​៧០០​គ្រួសារ​រង់ចាំ​ដំណោះស្រាយ​បញ្ហា​ដី​ធ្លី​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី

ប្រជាពលរដ្ឋ​ជាង​៧០០​គ្រួសារ​បាន​ថ្លែង​ថា ពួក​គេ​រង់ចាំ​ខាង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចុះ​ត្រួតពិនិត្យ​និង​ធ្វើ​អន្តរាគមន៍​ជួយ​ពួក​គេ​ដែល​ប្រជាពលរដ្ឋ​ទាំង​នោះ​ធ្លាប់​បាន​ឡើង​មក​ផ្ទះ​លោក​នាយក​រដ្ឋមន្រ្តី​ចំនួន​បី​ដង​រួច​មក ដើម្បី​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ជួយ​អន្តរាគមន៍ ។

0:00 / 0:00

លោក ស៊ា ទ្រចេង បាន​មក​ប្តឹង​សមាគម​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​កំពង់ចាម ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២០ សីហា​នេះ បាន​មាន​ប្រសាសន៍​និង​ចោទ​ប្រកាន់​ថា ដី​ចម្ការ​របស់​គាត់​បាន​ដាំ​កៅស៊ូ​ជាង​មួយ​ហិកតា​នៅ​ក្នុង​ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ត្រូវ​បាន​លោក​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ចម្ការ​កៅ​ស៊ូ​បឹងកេត ឈ្មោះ សុខ ប៊ុន្នី ហៅ​កាក់ បាន​នាំ​កង​កម្លាំង​ប្រដាប់​ដោយ​អាវុធ ទៅ​ដក​ដើម​កៅស៊ូ​គាត់​ចោល​ជា​លើក​ទី​ពីរ ដោយ​លើក​ទី​មួយ​កាលពី​ថ្ងៃ​ទី​២៩ ខែ​៦ អស់​៧០០​ដើម និង​លើក​ទី​ពីរ មន្រ្តី​ប៉ូលិស​ដដែល​បាន​នាំ​កង​កម្លាំង​ទៅ​ដក​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០០៨​នេះ អស់​ចំនួន​១៥០​ដើម ។

លោក ស៊ា ទ្រចេង បាន​មាន​ប្រសាសន៍​ថា ៖ «អត់​មាន​ការពារ​រាស្រ្ដ​ទេ មាន​តែ​ការពារ​អ្នក​ឈ្មួញ​កណ្ដាល អ្នក​មាន​អំណាច ធ្វើ​បាប​រាស្រ្ដ»

ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ចម្ការ​កៅស៊ូ​បឹងកេត លោក សុខ ប៊ុន្នី បាន​បដិសេធ​និង​ការចោទ​ប្រកាន់​ខាង​លើ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដក​ដើម​កៅស៊ូ​នោះ​ទេ ៖ «ដី​ហ្នឹង​ពី​ដើម​ដី​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន»

តំណាង​ប្រជាពលរដ្ឋ​ជាង​៧០០​គ្រួសារ​និង​ជា​ប្រធាន​ភូមិ​បឹងកេត​ផង​នោះ ឈ្មោះ សន ងួនហួ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ធ្លាប់​បាន​ធ្វើការ​តវ៉ា​ដល់​ផ្ទះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចំនួន​បី​លើក​រួច​មក​ហើយ ដោយ​លើក​ទី​បី​ចុងក្រោយ គឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា មុន​ពេល​បោះ​ឆ្នោត​ជាតិ ។ ប៉ុន្តែ​នៅ​ពេល​នោះ​ខាង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ឆ្លើយ​ថា ចាំ​បោះ​ឆ្នោត​រួច​គេ​នឹង​ដោះស្រាយ​ជូន ហើយ​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ស្រុក​ធ្វើ​ស្ថិតិ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់​និង​ផ្ញើ​ជូន​ដល់​លោក​វិញ ។ លោក សន ងួនហួ បាន​បញ្ជាក់​ថា​អភិបាល​ស្រុក​ស្ទឹងត្រង់​មិន​បាន​ធ្វើ​ចំណាត់ការ​រឿង​នេះ​ទេ ។

លោក សន ងួនហួ បាន​មាន​ប្រសាសន៍​ថា ៖ «សំណូមពរ​ខ្ញុំ​ជា​តំណាង​ប្រជាពលរដ្ឋ​នេះ សូម​សំណូមពរ​ឲ្យ​សម្ដេច ឲ្យ​ខាង​ក្រុម​ខុទ្ទកាល័យ​របស់​សម្ដេច​ហ្នឹង ចុះ​មក​ត្រួតពិនិត្យ​ឲ្យ​បាន​ឆាប់ កុំ​ឲ្យ​ទុក​នៅ​អូស​បន្លាយ នៅ​វែង​ពេក​អ៊ីចឹង វា​មាន​ការ​ថ្ងៃ​ក្រោយ​ប្រទូសរ៉ាយ​គ្នា ។ វា​មាន​ការលំបាក​ទៅ​ធ្វើ​ហ្នឹង ទាំង​ភ័យ​ភិត វា​មិន​បាន​ស្រណុក​សុខ​ស្រួល គេ​ចេះតែ​គំរាម ប៉ូលិស​គេ​ចេះតែ​ថា ដាំ​មិន​បាន គេ​ចង់​តែ​ដក​របស់​យើង​ចោល គេ​ចង់តែ​ឈូស​របស់​យើង​ចោល»

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក​អភិបាល​ស្រុក ឈ្មោះ កៅ សុខអាន អំពី​បញ្ហា​ខាង​លើ ប៉ុន្តែ​លោក​បាន​បិទ​ទូរស័ព្ទ ។

នាយក​រង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោក លឹម លាងសែ បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បើ​គាត់​ចង់​ធ្វើ ស្រុក​មិន​ធ្វើ គាត់​អាច​ឡើង​មក​ខេត្ត មក​ដាក់​ពាក្យ​នៅ​ខេត្ត​បាន ព្រោះ​រឿង​ហ្នឹង​ថ្នាក់​ខេត្ត​ក៏​ដឹង​ដែរ»

សូម​ជម្រាប​ថា​ដី​របស់​ប្រជាពលរដ្ឋ​ខាង​លើ​មាន​ជាង​១៤០០​ហិកតា ហើយ​បាន​កាន់កាប់​តាំង​ពី​របប​សង្គម​រាស្រ្តនិយម​មក​ហើយ ៕