ទំនាស់​ដី​ធ្លី​នៅ​ស្រុក​បាធាយ ខែត្រ​កំពង់ចាម

ប្រជាពលរដ្ឋ​ខែ្មរ​ជា​ច្រើន​រយ​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ចំនួន​បី​នៅ​ក្នុង​ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​អះអាង​ថា ពួក​គេ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ស្រែ​បង្កបង្កើន​ផល​កសិកម្ម​នៅ​លើ​ផ្ទៃ​ដី​ជា​ច្រើន​រយ​ហិកតារ នៅ​ចន្លោះ​ឆ្នាំ​២០០៧​រហូត​ដល់​ឆ្នាំ​២០០៨​នេះ ដោយ​អាជ្ញាធរ​ឃុំ​ត្រប់​រឹប​យក​ដី​ស្រែ​នោះ​វិញ។

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ភូមិ​ចំនួន​បី​នោះ​មាន​ភូមិ​ស្វាយព្រៃ ភូមិ​ពោធិ៍ស្ទាង និង​ភូមិ​តាំងជ្រៃ នៅ​ក្នុង​ឃុំ​សណ្តែក នៅ​ជាប់​គ្នា​នឹង​ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម។

តំណាង​ប្រជាពលរដ្ឋ​នៃ​ភូមិ​ទាំង​បី​ខាង​លើ​នេះ​បាន​មាន​ប្រសាសន៍​ត្អូញតែ្អរ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​៣៧០​គ្រួសារ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ស្រែ​នៅ​លើ​ដី​ទំនាស់​ដែល​ឃុំ​ត្រប់​រឹប​យក​វិញ​ពី​ឃុំ​សណ្តែក​នា​ពេល​បច្ចុប្បន្ន​នេះ ៖ «មេ​ឃុំ​ត្រប់​ហ្នឹង​គាត់​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​ឃុំ​សណ្ដែក​ហ្នឹង​ធ្វើ​ស្រែ​ទេ។ ដី​ហ្នឹង​វា​មាន​បញ្ហា​អ៊ីចេះ កាល​ហ្នឹង​មេ​ឃុំ​ត្រប់​ហ្នឹង​គាត់​អភិវឌ្ឍ​ហើយ​គាត់​លក់​ឲ្យ​ក្រុមហ៊ុន»

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចំនួន​បី គឺ​ភូមិ​ស្វាយព្រៃ ភូមិ​ពោធិ៍ស្ទាង និង​ភូមិ​តាំងជ័យ​នោះ ធ្លាប់​បាន​ធ្វើ​ស្រែ​បង្កបង្កើន​ផល​នៅ​លើ​ដី​នោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨២​មក​ម៉្លេះ រហូត​ដល់​ឆ្នាំ​២០០៧​កន្លង​ទៅ​នេះ​អាជ្ញាធរ​ឃុំ​ត្រប់​បាន​រឹប​អូស​យក​ដី​នោះ​វិញ​ដែល​មាន​ទំហំ​ជា​ច្រើន​រយ​ហិកតារ។

លោក ឈួន ឆាន ជា​មេ​ភូមិ​ស្វាយព្រៃ​ក្នុង​ចំណោម​ភូមិ​ទាំង​បី​ខាង​លើ បាន​មាន​ប្រសាសន៍​ថា ដី​ធ្លី​កសិកម្ម​ច្រើន​រយ​ហិកតារ​ដែល​កំពុង​តែ​មាន​ទំនាស់​នោះ​គឺ​ជា​អតីត​ដី​របស់​ឃុំ​ត្រប់ ទើប​មាន​ការរឹប​យក​វិញ ប៉ុនែ្ត​ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្តែក​ដែល​ត្រូវ​បាត់បង់​ដី​ស្រែ​នោះ​មិន​ព្រម​ប្រគល់​ឲ្យ​បណ្តាល​ឲ្យ​មាន​ការប្រទាញ​ប្រទង់​គ្នា​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក ឈួន ឆាន បាន​ឲ្យ​ដឹង​ថា ៖ «កាលពី​ជំនាន់​៨៣​-​៨៤​ហ្នឹង ប្រជាពលរដ្ឋ​ឃុំ​សណ្ដែក​ហ្នឹង​បាន​ទៅ​កាន់កាប់ ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ឆ្នាំ​២០០៧​ខាង​ឃុំ​ត្រប់​គេ​អត់​ឲ្យ​យើង​ចូល​កាន់កាប់​ដី​ហ្នឹង​ទៀត​ទេ។ ប្រជាពលរដ្ឋ​ខ្ញុំ​ជា​អ្នក​កាន់កាប់​ហ្នឹង​គេ​មាន​ហៅ​ថា មាន​ប្លង់​មាន​បញ្ជី​គេ​ណា៎ ហើយ​អ៊ីចឹង​គេ​ទាមទារ​យក​ដី​ហ្នឹង​វិញ​ប្រជាពលរដ្ឋ​ខ្ញុំ តែ​ខាង​ត្រប់​ហ្នឹង​គេ​អត់​ទាន់​កាត់​ឲ្យ»

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ លោក ជុំ ជន ជំទប់​ទី​១​នៃ​ឃុំ​ត្រប់ បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា គ្មាន​ការសម្រេច​ណា​មួយ​នៅ​ទ្បើយ​ទេ​ជុំវិញ​ការប្រទាញ​ប្រទង់​គ្នា​ក្នុង​ការកាន់កាប់​ដី​រវាង​ឃុំ​ត្រប់​និង​ឃុំ​សណ្ដែក​នោះ។

លោក ជុំ ជន បាន​មាន​ប្រសាសន៍​ថា ៖ «ដី​ដែល​បញ្ហា​ដោយសារ​ដី​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ត្រប់ ហើយ​សណ្ដែក​គាត់​មក​ធ្វើ​អី​អ៊ីចឹង ហើយ​កាល​ហ្នឹង​វា​មាន​មេ​ឃុំ​ចាស់... មាន​លិខិត​កាន់កាប់ ឬ​ក៏​លិខិត​ខ្ចី​អី​អ៊ីចឹង ដែល​យើង​អនុញ្ញាត​បាន ហើយ​បើសិន​ជា​មិន​មាន​ទេ មិន​ទាន់​ហ៊ាន​ថា​ដី​អ្នក​ណា​ទេ។ អា​ហ្នឹង​ការ​ពិត​ព្រំប្រទល់​ជាប់​គ្នា​ហើយ​វា​ចេញ​ចូល​គ្នា​ដូច​មុខ​រណារ​អ៊ីចឹង​ណា៎»

សូម​រំឭក​ថា អាជ្ញាធរ​នៃ​ឃុំ​ទាំង​ពីរ​គឺ​ឃុំ​ត្រប់​និង​ឃុំ​សណ្តែក​បាន​អះអាង​ថា ពួក​គេ​បាន​ប្តឹង​តវ៉ា​រឿង​នេះ​ទៅ​ថ្នាក់​លើ​នៃ​ខេត្ត​កំពង់ចាម​រួច​ហើយ​ដើម្បី​សុំ​សេចក្ដី​សម្រេច​ដោះសា្រយ​ឬ​កាត់​សេចក្តី​ជុំវិញ​បញ្ហា​ប្រទាញ​ប្រទង់​គ្នា​នោះ ប៉ុនែ្ត​គ្មាន​កិច្ច​អន្តរាគមន៍​ដោះស្រាយ​នៅ​ឡើយ​ទេ៕