ស្រូវ​ប្រមាណ​៥០​ហិកតារ​នៅ​កំពង់ឆ្នាំង​ត្រូវ​គេ​បាញ់​ថ្នាំ​ឲ្យ​ងាប់

ស្រូវ​ប្រមាណ​៥០​ហិកតា​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​ថ្នាំ​ធ្វើ​ឲ្យ​ងាប់​ស្ទើរ​ទាំងស្រុង​នៅ​ឯ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ឡពាង ឈ្មោះ ផេង រុំ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ថា ស្រូវ​គាត់​ជាង​២​ហិកតារ​ត្រូវ​គេ​បាញ់​ថ្នាំ​ឲ្យ​ងាប់​ដោយ​អន្លើៗ​របៀប​ជា​ឆ្នូតៗ​ឯ​គោ​គាត់​ដែល​ចង​ឲ្យ​ស៊ី​ស្មៅ​ក្បែរ​កន្លែង​ស្រូវ​ងាប់​នោះ​ក៏​ត្រូវ​ពុល​រាករូស​យ៉ាង​ខ្លាំង។

លោក ផេង រុំ បាន​ឲ្យ​ដឹង​ថា ៖ «ស្រូវ​ដែល​បាញ់​ហ្នឹង បើ​ស្រូវ​ខ្ញុំ​ចំនួន​២​ហិកតារ​ស្រូវ​បង​ប្អូន​ទៀត​វា​ច្រើន ប៉ុន្តែ​ក្នុង​មួយ​ស្រែៗ វា​ឆូត​អស់​មួយ​មុខៗ។ គោ​ខ្ញុំ​មួយ​នោះ​រាក​អាចម៍​អត់​ស៊ី​ស្មៅ​អី​ទេ ព្រោះ​វា​ទៅ​ស៊ី​ស្មៅ​នៅ​ជិត​កន្លែង​គេ​បាញ់​ថ្នាំ»

ប្រជាពលរដ្ឋ​បាន​ផ្តោត​ការសង្ស័យ​ថា ក្រុមហ៊ុន KDC ជា​អ្នក​នៅ​ពី​ក្រោយ​ហេតុការណ៍​ដែល​ធ្វើ​ឲ្យ​ស្រូវ​របស់​អ្នក​ភូមិ​រាប់​សិប​ហិកតារ​បាន​ងាប់​នោះ។

អ្នកស្រី ទូច រ៉េត មាន​ប្រសាសន៍​ថា ៖ «ទំនាស់​របស់​ក្រុមហ៊ុន​ទេ ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​ដែល​គេ​បាញ់​ថ្នាំ​សម្លាប់​ស្រូវ​នេះ ងាប់​ស្រូវ​អស់​ហើយ ហើយ​ខ្ញុំ​បាន​អី​ហូប។ ថ្នាំ​ហ្នឹង​ប្ដី​ខ្ញុំ​ទៅ​កាន់ ស្ពឹក​ដៃ ជាំ​ដៃ​ឡើង​ខ្មៅ ហើយ​ការបំផ្លាញ​ហ្នឹង​គឺ​មិន​មែន​បំផ្លាញ​ទាំងស្រុង​ទេ គឺ​ដី​យើង​មួយ​ហិកតារ​អ៊ីចឹង វា​បាញ់​ឆូតៗ បំផ្លាញ​មួយ​ជួរ។ ហើយ​វា​និយាយ​ទៀត វា​ថា​ស្រូវ​ដែល​សល់​ពី​បាញ់​ថ្នាំ​ទាំង​ប៉ុន្មាន​ហ្នឹង វា​អត់​ឲ្យ​យើង​ច្រូត​ទេ»

ប៉ុន្តែ​តំណាង​ឲ្យ​ក្រុមហ៊ុន KDC លោក ថៃ ហ៊ី បាន​មាន​ប្រសាសន៍​ថា លោក​ក៏​ពុំ​បាន​ដឹង​ហេតុការណ៍​នេះ​ដែរ។ លោក ថៃ ហ៊ី រុញ​សំណួរ​នេះ​ឲ្យ​សួរ​ទៅ​មេធាវី​របស់​ក្រុមហ៊ុន​គឺ​លោក ផាត់ ពៅសៀង។

លោក ថៃ ហ៊ី បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​អត់​ដឹង​ទេ​រឿង​នេះ ខ្ញុំ​គ្រាន់តែ​មើល​តែ​ដី​គេ ហើយ​រឿង​ស្អី​មាន​មេធាវី​គាត់ ទៅ​សួរ​មេធាវី​គាត់​ទៅ ខ្ញុំ​អត់​សូវ​ដឹង​ទេ​រឿង​ហ្នឹង»

វិទ្យុ​អាស៊ីសេរី​បាន​ទាក់ទង​សុំ​ការពន្យល់​ពី​លោក​មេធាវី ផាត់ ពៅសៀង ដែរ តែ​លោក​មិន​ព្រម​ឆ្លើយ​ដោយ​លើក​ហេតុផល​ថា​លោក​ជាប់​រវល់ ៖ «ប្រជុំ​នៅ ECCC បន្តិច»

មេ​ភូមិ​ឡពាង អ្នកស្រី ទូច លី មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ដឹង​រឿង​នេះ​ដែរ តែ​អ្នកស្រី​មិន​អាច​ធ្វើការ​សន្និដ្ឋាន​ថា អ្នក​ណា​ជា​អ្នក​ប្រព្រឹត្ត​នោះ​ទេ​ព្រោះ​គ្មាន​ភស្តុតាង​បញ្ជាក់ ៖ «...ប្រាប់​ខ្ញុំ​ដែរ ខ្ញុំ​ថា មិន​ដឹង​ធ្វើ​ម៉េច​ទេ​ទ្រាំ​ទៅ យើង​វា​ត្រូវតែ​អ៊ីចឹង​ហើយ»

មេ​ឃុំ​តាជេស លោក ឌី ឌឿន មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ។ លោក​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ​លោក​នឹង​ទៅ​ពិនិត្យ​ជាក់ស្តែង ៖ «អត់​ដឹង​ផង មេ​ភូមិ​អត់​បាន​រាយការណ៍​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​រវល់​តែ​នៅ​ធ្វើ​សមាហរណកម្ម​នៅ​ស្រុក»

គួរ​បញ្ជាក់​ដែរ​ថា ស្រូវ​ដែល​រង​ការបំផ្លាញ​ពី​ជន​មិន​ស្គាល់​មុខ​បាញ់​ថ្នាំ​ឲ្យ​ងាប់​នេះ​ស្ថិត​តំបន់​ដី​ដែល​កំពុង​មាន​ជម្លោះ​រវាង​ក្រុមហ៊ុន KDC និង​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដោយ​ពុំ​ទាន់​មាន​អ្នក​ឈ្នះ​និង​អ្នក​ចាញ់​ពិត​ប្រាកដ​នៅ​ឡើយ៕